វី សេរី​ចាន់​ឌី​ន និង​អ៊ុំ ចំរើន សង្ឃឹម​រកបាន​3​ពិន្ទុ​បន្ថែម​ពី​កីឡាករ​បរទេស

រាជធានី​ភ្នំពេញ ៖ វី សេរី​ចាន់​ឌី​ន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​សង្ឃឹម​រកបាន​៣​ពិន្ទុ​បន្ថែម​ពី​កីឡាករ​បរទេស​ដូច​គ្នា​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​CNC ថ្ងៃ​សៅរ៍ ទី​៦ សីហា ស្អែក​នេះ ។

នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ វី សេរី​ចាន់​ឌី​ន ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Butsadee Khay Or Saengthiennoy រីឯ អ៊ុំ ចំរើន ជួប​ប្រកួត​ជាមួយ​កីឡាករ​ឡាវ​ឈ្មោះ Pet p.t.t Thong Twi ។ កីឡាករ​ថៃ និង​កីឡាករ​ឡាវ​ទាំង​២​រូប​នេះ ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​ល្អ​គ្រាន់បើ​។ ដូច្នេះ​គេ​មិន​ទាន់​ដឹង​ថា កីឡាករ​កម្ពុជា​អាច​រកបាន​៣​ពិន្ទុ​បន្ថែម​ពី​កីឡាករ​បរទេស​ឬ​អត់​នោះ​ទេ​។ វី សេរី​ចាន់​ឌី​ន ប្រកួត​បាន​៦០​ដង ឈ្នះ​៤៨​ដង ចាញ់​៩​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៩​ដង ខណៈ​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៨៧​ដង ឈ្នះ​៦២​ដង ចាញ់​១៦​ដង និង​ស្មើ​៥​ដង ។ ចំណែក អ៊ុំ ចំរើន ធ្លាប់​ប្រកួត​បាន​៨៤​ដង ឈ្នះ​៧៣​ដង ចាញ់​៩​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៩​ដង ។ រីឯ​កីឡាករ​ឡាវ​ធ្លាប់​ប្រកួត​បាន​៧៨​ដង ឈ្នះ​៦០​ដង ចាញ់​១៨​ដង​។ ចាំ​មើល​វី សេរី​ចាន់​ឌី​ន និង​អ៊ុំ ចំរើន ពេល​ជួប​កីឡាករ​បរទេស​លើក​នេះ អាច​រកបាន​៣​ពិន្ទុ​តាម​ការ​ចង់បាន​របស់​ខ្លួន​ឬ​អត់ ?

នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​ផង​ដែរ​ដូច​ជា កីឡាករ​ភិន សុទី មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ គង់ វិចិត្រ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​កីឡាករ ស៊ឹ​ម ប៊ុ​ន​ស្រ៊ុ​ន មក​ពី​ក្លិប​ខេត្តកំពង់ចាម​ប្រកួត​ជាមួយ​កីឡាករ​ឈិ​ន ធា​រ៉ា មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ។

ដោយឡែក​នៅ​លើ​សង្វៀន​ទូរទស្សន៍​CNC ក្នុង​កម្មវិធី​ប្រដាល់​ថ្ងៃអាទិត្យ​ស្អែក​សម្រាប់​គូអន្តរជាតិ​មាន កីឡាករ​ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Langsuonchiv Keatbrasanchhai និង​កីឡាករ សុខ សុវណ្ណ មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Mamai Sityortcheam ។ ចំណែក​គូប្រកួត​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ មាន​កីឡាករ​សំខាន់ វាសនា មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ​ឡុ​ង បញ្ញា មក​ពី​ក្លិប​ខ្លារខិន​មាន​រឹទ្ធិ ។ កីឡាករ អេ លី​ត​សេង​ហុង មក​ពី​ក្លិប​កង​អង្គរក្ស ប្រកួត​ជាមួយ កីឡាករ​ចៅ ស្ដាយ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ​។ កីឡាករ​សំ ពិសិដ្ឋ មក​ពី​ក្លិប​កុមារ​ទេព ប្រកួត​ជាមួយ​កីឡាករ អេ វិ​រៈ​ខាំ​ឈី​ត មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ពារ​ជាតិ និង​កីឡាករ សិទ្ធ រ៉ា​វី មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ​ប្រកួត​ជាមួយ​កីឡាករ សំអាត រ​ដ្ឋា មក​ក្លិប​កុលបុត្រ​គុន​ខ្មែរ ៕