សមត្ថកិច្ច​បង្ក្រាប​ករណី​ចាប់​បង្ខាំង​ថៅកែ​ថៃ​ជំរិត​ទារ​លុយ

សមត្ថកិច្ច​បង្ក្រាប​ករណី​ចាប់​បង្ខាំង​ថៅកែ​ថៃ​ជំរិត​ទារ​លុយ



ខេត្តបាត់ដំបង ៖ បុរស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់​ពី​ម្នាក់​បន្លំ​ខ្លួន​ជា​អ្នក​ទំនាក់ទំនង​រកស៊ី​ជាមួយ​ថៅកែ​ជនជាតិ​ថៃ ឯ​ម្នាក់​ទៀត បន្លំ​ជា​ថៅកែ តែ​បែរជា​ចាប់ជំរិត​ទារប្រាក់​ពី​ថៅកែ​ជនជាតិ​ថៃ​ទៅ​វិញ ។

ជន​ទាំង​២​នាក់​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន កាល​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ ខណៈ​កំពុង​ផឹកស៊ី​នៅ​ក្នុង​អាហារ​ដ្ឋា​ន​យីហោ «​បឹង​សែន​ត្រជាក់ចិត្ត​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន ១-​ឈ្មោះ ហៀ​ង សុ​ភក្ត្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន ឃុំ​ប៉ោយ​ប៉ែ​ត ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ២-​ឈ្មោះ កា ប៊ុ​ន​ស ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​បាន​ដើរតួរ​ជា​អ្នក​ស្គាល់​ថៅកែ​ជនជាតិ​ថៃ ឯ​ម្នាក់​ទៀត​ដើរតួ​ជា​ថៅកែ​បាន​ទំនាក់ទំនង​ណាត់ជួប ដើម្បី​ទំនាក់ទំនង​រកស៊ី​ជាមួយ​ថៅកែ​ជនជាតិ​ថៃ ។

ខណៈ​ពេល​ជួប​ជាមួយ​ថៅកែ​ជនជាតិ​ថៃ​នៅ​ខេត្ត​ប៉ៃលិន បុរស​ទាំង​២​នាក់​នេះ បាន​ល្បួង​ថៅកែ​ជនជាតិ​ថៃ​នោះ មក​កាន់​ខេត្តឧត្តរមានជ័យ រួច​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​តែ​ម្តង ដោយ​បង្ខំ​ឲ្យ​សាច់ញាតិ​ថៅកែ​ជនជាតិ​ថៃ​នោះ​ផ្ញើរ​មក​ឲ្យ តែ​សាច់ញាតិ​មិន​បាន​ផ្ញើរ​មក​ឲ្យ​ទេ ។

ពេល​នេះ​បុរស​ទាំង​២​នាក់​នេះ បាន​ប្លន់​យក​ទ្រព្យសម្បត្តិ​ដែល​មាន​ជាប់​ខ្លួន​ថៅកែ​ជនជាតិ​ថៃ​នោះ រួម​មាន ទូរស័ព្ទ​អាយ​ហ្វូ​ន​៦​គ្រឿង លុយ​ថៃ​ជាង​១​ម៉ឺន​បាត និង​គ្រឿងអល្លង្កា​រមាស​ជាង​៥​តម្លឹង ។ ក្រោយ​ពី​ប្លន់​រួច ក៏​ដោះ​លែង​ថៅកែ​នោះ​ទៅ​វិញ​ទៅ ។

ក្រោយ​ពេល​ដោះ​លែង ថៅកែ​ជនជាតិ​ថៃ​នោះ ក៏​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ខេត្ត​ប៉ៃលិន ទើប​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​តែ​ម្តង ។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​បញ្ជូន​ទៅ​ដល់​ដៃ​តុលាការខេត្ត​ប៉ៃលិនហើយ ៕