ភូមិ​សង្កាត់​អត់​សុវត្ថិភាព មាន​សុវត្ថិភាព​តែ​ចៅសង្កាត់ !

រាជធានី​ភ្នំពេញ ៖ នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​លោក​អភិបាល​ខណ្ឌដូនពេញ មិន​ថា​យប់​មិន​ថា​ថ្ងៃ​ឬ​ភ្លៀងរលឹម លោក​តែងតែ​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ និង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ក្នុង​សង្កាត់​ស្រះ​ចក ដោយ​មិន​មាន​វត្តមាន​អាជ្ញាធរ​សង្កាត់ និង​នគរបាល​សង្កាត់​ស្រះ​ចក​នោះ​ទេ​។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​និង​៣០​នាទី​ល្ងាច លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ ដោយ​មានការ​សម្របសម្រួល​ពី​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ បាន​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ចំណុច​ក្រុម​ទី​០៨ ភូមិ​០១(​ផ្លូវ​រទេះភ្លើង​)​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

មន្ត្រី​សាលា​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា  ដោយ​មាន​បទបញ្ជា​ពី​លោក​អភិបាល​ខណ្ឌដូនពេញ នៅ​ល្ងាច​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​សហ​ការណ៍​ជាមួយ​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ បាន​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ក្នុង​ក្រុម​ទី​០៨(​ផ្លូវ​រទេះភ្លើង​)​ភូមិ​០១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។ ជា​លទ្ធផល​ជនសង្ស័យ​ដែល​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​០៨​នាក់​ក្នុង​នោះ​មាន​ស្រី​៣​នាក់ ត្រូវ​បាន​ឃាត់ខ្លួន និង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៨២​កញ្ចប់​,​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​មួយ​,​ទុយោ​សម្រាប់​ជក់ និង​ថង់​មួយ​ចំនួន​រួម​ទាំង​ម៉ូតូ​ពីរ​គ្រឿង​។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក​អភិបាល​ខណ្ឌដូនពេញ និង​កម្លាំង​សមត្ថកិច្ច​មាន​អាវុធហត្ថ​ខណ្ឌ ព្រមទាំង​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ចុះ​បង្ក្រាប​ដោយ​មិន​មាន​វត្តមាន​អាជ្ញាធរ​សង្កាត់​នោះ​ទេ គឺ​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៦​កន្លង​មកនេះ​លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​ចំណុច​ភូមិ​២២​សង្កាត់​ស្រះ​ចក ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៩​នាក់ និង​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ផង​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ស្រះ​ចក​បាន​នាំ​គ្នា​លើក​ឡើង​ថា នៅ​តំបន់​បឹង​កក់​ដែល​ស្ថិត​ក្នុងភូមិ​០១ ភូមិ​២០ ភូមិ​២១ និង​ភូមិ​២២ នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ឲ្យ​តែ​ពេល​យប់​ឡើង​គឺ​មានការ​លក់​ថ្នាំ​ញៀន​ដូច​លក់​ស្ករ​គ្រប់​អីចឹង​មិន​ដែល​ឃើញ​ចៅសង្កាត់​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ម្តងណា​ឡើយ គ្រាន់តែ​ក្នុង​ខែកក្កដា​កន្លង​មកនេះ​អាវុធហត្ថ​ក៏​ដូច​ជា​អាជ្ញាធរ​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ​លោក​អភិបាល​ខណ្ឌ​ចុះ​បង្ក្រាប​មិន​តិច​៥​លើក​នោះ​ទេ​។

ប្រជាពលរដ្ឋ​នាំ​គ្នា​និយាយ​ថា ឯណា​ទៅ​ភូមិ សង្កាត់​មាន​សុវត្ថិភាព បើ​ចៅសង្កាត់​មិន​ដែល​ចុះ​បង្ក្រាប​ចាប់​ក្រុម​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​បាន​ម្តងណា​ឡើយ​នោះ ដើម្បី​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​សូម​លោក​អភិបាល​ខណ្ឌដូនពេញ ជា​ពិសេស​លោក​អភិបាល​រាជធានី​ភ្នំពេញ​ពិចារណា​លើ​បញ្ហា​នេះ​ផង​។ បច្ចុប្បន្ន​នេះ​សង្កាត់​ស្រះ​ចក​មិន​ខុស​ពី​តំបន់​ត្រពាំង​ឈូក ក្នុង​សង្កាត់​ទឹកថ្លា​នោះ​ទេ ការ​បង្ក្រាប​ក្រុម​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​មិន​ចេះ​អស់នេះ​ដោយសារ​តែ​ការ​ដឹកនាំ​របស់​អាជ្ញាធរ​សង្កាត់​តែ​ម្តង​៕