ប្រជាមតិ​ថៃ​៖ លោក​ប្រា​យុទ្ធ បោះឆ្នោត «Yes» លោកស្រី​យី​ង​ឡាក់ បោះឆ្នោត «No» និពន្ធដោយ : ទេព អ៊ីវិសាល       August-05-2016, 4:35 pm         4176

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រជាមតិ​ថៃ​៖ លោក​ប្រា​យុទ្ធ បោះឆ្នោត «Yes» លោកស្រី​យី​ង​ឡាក់ បោះឆ្នោត «No»​នៅសល់​មិន​ដល់​ពីរ​ថ្ងៃ​ទៀត​នោះ រាជាណាចក្រ​ថៃ នឹងមាន​រៀបចំ​ការធ្វើប្រជាមតិ​ថ្នាក់ជាតិ​មួយ​លើ​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​ហើយ​។ គេ​មិនអាច​ដឹងថា​ប្រជាជន​ភាគច្រើន​នឹង​បោះឆ្នោត​បែបណា​នោះទេ ក៏ប៉ុន្តែ សម្រាប់​នាយករដ្ឋមន្ត្រី​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា ប្រកាស​ជា​សាធារណៈ​ថា លោក បោះឆ្នោត​«​គាំទ្រ​» ខណៈ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា​បោះឆ្នោត «​ជំទាស់​»​។

​ជាមួយនឹង​ឯកសណ្ឋាន​យោធា លោកនាយក​រដ្ឋមន្ត្រីរ​ដ្ឋ​ប្រហារ​ថៃ ប្រា​យុទ្ធ ចន្ទ អូ​ចា នៅ​ថ្ងៃ​សុក្រ​ទី​០៥​ខែសីហា​នេះ បានប្រកាស​ជា​សាធារណៈ​ថា លោក នឹង​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​។ នេះ​បើ​យោងតាម​ ដែល​បាន​ដកស្រង់​សន្ទនា​កថា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​រូបនេះ នាឱកាស​នៃ​ការ​រម្លឹក​ខួប​លើក​១២៩​នៃ​ការបង្កើត​សាលា​រាជបណ្ឌិត​យោធា​ថៃ Chulachomklao​។

​លោកនាយក​រដ្ឋមន្ត្រី​រូបនេះ ក៏បាន​សង្កត់ធ្ងន់ថា «​ក្នុងនាម​ជា​ពលរដ្ឋ​ថៃ​ម្នាក់ ខ្ញុំ មាន​សិទ្ធិ​ក្នុងការ​បង្ហាញ​គោលជំហរ​របស់ខ្ញុំ​។ តែ​ខ្ញុំ មិនមែន​កំពុងតែ​ព្យាយាម​ជះឥទ្ធិពល​ទៅលើ​អ្នកបោះឆ្នោត​នោះទេ​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​ដែល​បាន​ចុះផ្សាយ​ដែរ​ថា លោក ប្រា​យុទ្ធ ក៏​ទទូច​ឲ្យ​អ្នកបោះឆ្នោត​អនុវត្ត​សិទ្ធិ​របស់ខ្លួន​នៅក្នុង​ថ្ងៃ​ប្រជាមតិ ដោយ​មិន​ទោរទន់​តាម​អ្នកដទៃ​អ្វី​ឡើយ​។

​ក្នុង​ថ្ងៃ​ដដែល​នោះ អតីត​នាយករដ្ឋមន្ត្រី​ស្រី​របស់​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ា​ត់​ត្រា ក៏បាន​បញ្ជាក់​ពី​គោលជំហរ​របស់លោក​ស្រី​ជាថ្មី​ទៅលើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ផងដែរ​។ តែ​លោកស្រី​អតីត​នាយករដ្ឋមន្ត្រី​រូបនោះ មិន​ដូចនឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ឡើយ ពោលគឺ​លោកស្រី អះអាងថា លោកស្រី នឹង​បោះឆ្នោត​ជំទាស់​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នោះ​។

​នៅ​ចំពោះមុខ​អ្នកគាំទ្រ​រាប់រយ​នាក់​នាឱកាស​ដែល​លោកស្រី​ចូលទៅ​បំភ្លឺ​នៅ​តុលាការ​កំពូល​ថៃ លោកស្រី យី​ង​ឡាក់ បាន​ទទូច​ឲ្យ​ពលរដ្ឋ​ថៃ​ទាំងអស់​ទៅ​បោះឆ្នោត​។ នេះ​បើ​យោងតាមដែល​បាន​បន្ថែម​ដែរ​ថា លោក ក៏បាន​សង្កត់ធ្ងន់ថា «​ខ្ញុំ មិន​ចង់ឃើញ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​តិច​នោះទេ ដ្បិត លទ្ធផល នឹងមិន​ដូច​ទៅនឹង​អ្វីដែល​យើង​ចង់បាន និង​ចង់ឃើញ​ពី​អនាគត​លទ្ធិប្រជាធិបតេយ្យ​»​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃអាទិត្យ​ទី​០៧ ខែសីហា​ខាងមុខ​ដ៏​ខ្លី​នេះ ថៃ នឹងធ្វើ​ប្រជាមតិ​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​ត្រូវបាន​ធ្វើឡើង​ក្នុង​របប​ដឹកនាំ​ដោយ​រដ្ឋាភិបាលយោធា​។ ការណ៍​ដែល​លោក​ប្រា​យុទ្ធ ប្រកាស​គាំទ្រ អាច​ក៏​ព្រោះតែ​សេចក្តីព្រាង​នោះ ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​ក្រុម​យោធា ពោលគឺ​យោធា អាច​តោង​អំណាច​ក្នុង​នយោបាយ​ថៃ​ដោយ​ស្របច្បាប់​តាមរយៈ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នោះ​។ បទបញ្ញត្តិ​ទាំងនោះ​ពាក់ព័ន្ធ​នឹង​ការ​បម្រុង​អាសនៈ​សភា​ជាន់ខ្ពស់​មួយចំនួន​សម្រាប់​យោធា និង​ប៉ូលិស រួម​ជាមួយនឹង​ការផ្តល់​សិទ្ធិ​ដល់​សភា អាច​ជ្រើសរើស​នាយករដ្ឋមន្ត្រី​(​អាចជា​យោធា​)​ដោយ​មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​សកល ក្នុងពេល​ប្រទេស​ជាប់គាំង​នយោបាយ​។

​បើ​ប្រជាជន បោះឆ្នោត​គាំទ្រ​ច្រើន​លើ​សេចក្តីព្រាង​នេះ នោះ វា​នឹង​ក្លាយជា​រដ្ឋធម្មនុញ្ញ​ទី​២០​របស់​ថៃ​(​ត្រូវការ​ការទទួលស្គាល់​ពី​ព្រះមហាក្សត្រ​ថៃ​ចុងក្រោយ​ផងដែរ​)​។ ផ្ទុយទៅវិញ បើ​ប្រជាជន​បោះឆ្នោត ជំទាស់​ច្រើន នោះ វា នឹង​ប៉ះពាល់​ដល់់​ការបោះឆ្នោត​ឆ្នាំ​២០១៧​ខាងមុខនេះ​៕