លោក អូ​បា​ម៉ា​ថា​លោក​មិនដែល​ជឿជាក់​លើ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ឡើយ​ និពន្ធដោយ : សៅ ផលនិស្ស័យ       August-05-2016, 9:39 pm         1105

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អូ​បា​ម៉ា​ថា​លោក​មិនដែល​ជឿជាក់​លើ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ឡើយ​​ក្នុង​ខួប​គម្រប់​អាយុ ៥៥ ឆ្នាំ របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា  លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្ញើ​សារ​ជូនពរ​ទៅកាន់​ប្រធានាធិបតី​អាមេរិក​នេះ​ផងដែរ ។ ប៉ុន្តែ​លោក ពូ​ទីន បែរ​បានទទួល​មកវិញ​នូវ​ការរិះគន់​ធ្ងន់ៗ ពី​លោក អូ​បា​ម៉ា ដោយ​លោក​ថ្លែងថា ក្នុងនាម​ជា​ប្រធានាធិបតី លោក​មិនដែល​ជឿជាក់​លើ​រុស្ស៊ី​ឬ​លោក ពូ​ទីន​ឡើយ ជាពិសេស​ក្នុងការ​សហការ​ជួយ​ដោះស្រាយ​ជម្លោះ​ស៊ី​រី​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

«​តួអង្គ​គ្មាន​ទំនួល​ខុសត្រូវ​» និង​«​អ្នកគាំទ្រ​របប​ព្រៃផ្សៃ​នៅ​ស៊ី​រី​» ជា​ពាក្យ​ដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រើប្រាស់​សម្គាល់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅពេលដែល​លោក​ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​មន្ទីរ​ប៉ង់​តា​ហ្កូ​ន​ពាក់ព័ន្ធ​បញ្ហា​ស៊ី​រី​។

​យោងតាម​វីដេអូ​ស្តីពី​សន្និសីទ​រយៈពេល​មួយ​ម៉ោង លោក អូ​បា​ម៉ា បាន​អះអាងថា លោក​មិនដែល​ជឿជាក់​លើ​រុស្ស៊ី​ឬ​សម​ភាគី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុងការ​ដោះស្រាយ​បញ្ហា​ឬ​កាត់បន្ថយ​ហិង្សា​ប្រដាប់អាវុធ​នៅ​ស៊ី​រី​ឡើយ​។​

​សូម​ទាញ​ការចាប់អារម្មណ៍​បន្តិច​ដែរ សន្និសីទ​សារព័ត៌មាន​នេះ​រៀបចំឡើង ចំ​ថ្ងៃ​ខួបកំណើត​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ឈានចូល​ដល់​អាយុ ៥៥​ឆ្នាំ​ផងដែរ​។ ហើយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ផ្ញើ​សារ​ជូនពរ​ទៅកាន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផងដែរ​ក្នុងឱកាស​បុណ្យខួបកំណើត​នេះ ប៉ុន្តែ​មិនមាន​ការ​សុន្ទ​នា​ជាមួយគ្នា​តាម​ទូរស័ព្ទ​ឡើយ​។ យ៉ាងណាមិញ វា​ជា​រឿង​ភ្ញាក់ផ្អើល​បន្តិច​ដែរ ពេល​លោក អូ​បា​ម៉ា ផ្ញើរ​ជូន​លោក ពូ​ទីន នូវ​ពាក្យសម្តី​រិះគន់​ខ្លាំង​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ​។

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែងថា​៖« ខ្ញុំ​គ្មាន​ទំនុកចិត្ត​ថា យើង​អាច​ជឿជាក់​រុស្ស៊ី​ឬ​លោក ពូ​ទីន ឡើយ​។ ដូច្នេះហើយ​បានជា​យើង​ត្រូវ​សាកល្បង​ថា តើ​យើង​ពិតជា​អាចបង្កើត​កិច្ចសហប្រតិបត្តិការ​និង បទ​ឈប់​បាញ់​មួយ​ដែល​រួមបញ្ចូល​ទាំង​ការបញ្ចប់​រាល់​ការទម្លាក់​គ្រាប់​ប្រឆាំង​ជន​ស៊ីវិល និង​ការបំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ប្រជាជន​ដែលជា​ទង្វើ​របស់​របប​ដឹកនាំ​បា​សា អាល់​អាសាដ​នោះ​ឬ​អត់​»​។​

​នេះ​មានន័យថា បើសិនជា​រុស្ស៊ី​បន្ត​ជួយ​រដ្ឋាភិបាល​ស៊ី​រី ប្រធានាធិបតី​រូបនេះ​នឹង​បន្ត​ចាត់ទុក​របប​ដឹកនាំ​ក្រេ​ម​ឡាំង​ជា​របប​គ្មាន​ទំនួល​ខុសត្រូវ និង​ជា​អ្នកគាំទ្រ​របប​ដឹកនាំ​សម្លាប់​រង្គាល​ប្រជាជន​ខ្លួន​។ យ៉ាងណាក៏ដោយ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​នេះ​បាន​ព្រលយ​ពាក្យ​ផងដែរ​ថា លោក​រំពឹង​ចាំមើល​ឱកាស​ពេលដែល​រុស្ស៊ី​អាច​ក្លាយជា​ដៃគូ​ក្នុងការ​ដោះស្រាយ​បញ្ហា​ស៊ី​រី​នោះ​។​

​កន្លងមក រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បាន​អះអាងថា​ខ្លួន​មាន​ផែនការ​សហការ​ជាមួយ​រុស្ស៊ី​ក្នុងការ​ចែករម្លែក​របា​យ​ការណ៍​ឬ​ព័ត៌មាន​ចារកម្ម​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​រួមគ្នា​នៅ​ស៊ី​រី​។ តែ​អាមេរិក​នៅតែ​ចង់​ឲ្យ​មានការ​រៀបចំ​អន្តរកាល​នយោបាយ និង​បណ្តេញ​អាសាដ ពី​តំណែង​ដដែល​៕