ប្រជាជន​អាមេរិក​មិន​ទុកចិត្ត ដូ​ណា​ល់ ត្រាំ ពេល​កាន់​លេខ​កូដ​អាវុធ​នុយក្លេអ៊ែរ​ និពន្ធដោយ : ថ្មីៗ       August-05-2016, 10:39 pm         1189

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រជាជន​អាមេរិក​មិន​ទុកចិត្ត ដូ​ណា​ល់ ត្រាំ ពេល​កាន់​លេខ​កូដ​អាវុធ​នុយក្លេអ៊ែរ​​របាយការណ៍​ស្ទង់​មតិ​មួយ​របស់​សារព័ត៌មាន Fox News បង្ហាញថា ប្រជាជន​អាមេរិក​ភាគច្រើន​មិនសូវ​ទុកចិត្ត​លោក ដូ​ណា​ល់ ត្រាំ  បើ​លោក​មាន​លេខ​កូត​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ដៃ​នោះ​។ អ្នកជំនាញ​និង​អ្នកបង្កើត​គោលនយោបាយ​មួយចំនួន​ក៏​បារម្ភ​ផងដែរ បើសិនជា​លោក ដូ​ណា​ល់ ត្រាំ​ជាប់ឆ្នោត​មែន​នោះ​។ កន្លងមក​បេក្ខជន​ប្រធានាធិបតី​រូបនេះ​រក្សា​សិទ្ធិ​ប្រើ​អាវុធ​នេះ​នៅ​អឺរ៉ុប​និង​មជ្ឈិមបូព៌ា​ផង​។​

​លោក ដូ​ណា​ល់ ត្រាំ ក្រៅពី​រង​ការ​រិះគន់ថា មិនមាន​សមត្ថភាព​និង​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ជា​ប្រធានាធិបតី​អាមេរិក លោក​ក៏​មិន​បានទទួល​ការទុកចិត្ត​ពី​ប្រជាជន​អាមេរិក​ដែរ ចំពោះ​ការកាន់កាប់​លេខ​កូដ​អាវុធ​នុយក្លេអ៊ែរ​អាមេរិក​នោះ​។ នេះ​ក៏ដោយ​សារ វា​សុទ្ធតែជា​រឿង​អាយុជីវិត​ប្រទេសជាតិ និង​ពិភពលោក​ទាំងមូល​ផងដែរ​។​

 បើ​យោងតាម​របាយការណ៍​ស្ទង់​មតិ​របស់​សារព័ត៌មាន Fox News ដែល​បញ្ចេញ​កាលពី​ថ្ងៃ​ពុធ អ្នកបោះឆ្នោត​ប្រហែល ៥៦​ភាគរយ​បាន​ជឿជាក់ថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​អាច​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​និង​ប្រសើរ​ជាង​ក្នុងការ​ប្រើប្រាស់​អា​វុ​ធនុ​យ​ក្លេ​អ៊ែរ​។ អ្នកបោះឆ្នោត​ប្រហែល ៣៤ ភាគរយ​ប៉ុណ្ណោះ​ដែល​ជឿជាក់​លើ​លោក ដូ​ណា​ល់ ត្រាំ ថា​លោក​មានលទ្ធភាព​សម្រេច​បាន​ត្រឹមត្រូវ​ក្នុងការ​ប្រើប្រាស់​អា​វុ​ធនុ​យ​ក្លេ​អ៊ែរ ពេល​លោក​ក្លាយជា​ប្រធានាធិបតី​។   

​តាមពិតទៅ លទ្ធភាព​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​នេះ​របស់លោក ដូ​ណា​ល់ ត្រាំ នេះ​ក្លាយជា​រឿងចម្រូងចម្រាស និង​ធ្វើ​ឲ្យ​មាន​ក្តីបារម្ភ​ខ្លាំង​ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់​អាមេរិក និង​បណ្តា​ក្រុមប្រឹក្សាសន្តិសុខ​អាមេរិក​។ នេះ​ក៏ដោយ​សារ បេក្ខជន​ប្រធានាធិបតី​រូបនេះ​ធ្លាប់​ព្រលយ​ពាក្យ​ច្រើនដង​ដែរ​ថា​លោក​ចង់​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​។

​បើតាម​ការលើកឡើងរ​បស់​អ្នកសារព័ត៌មាន NBC លោក Joe Scarborough លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​សាកសួរ​ម្តង​ហើយ​ម្តងទៀត​ពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ពេល​លោក​ទទួល​ការប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​នយោបាយ​ការបរទេស​ម្នាក់​នោះ​។ អ្វីដែល​គួរ​ឲ្យ​ភ័យខ្លាច​នោះ​គឺ​លោក ដូ​ណា​ល់ ត្រាំ សួរថា ៖« ហេតុអ្វី​អាមេរិក​មាន​អាវុធ​នុយក្លេអ៊ែរ តែ​មិន​ព្រម​ប្រើប្រាស់​វា​សោះ​ដូច​? »​។​

​បញ្ហា​នេះ វា​កាន់តែ​ចម្រូងចម្រាស​ថែមទៀត ពេលដែល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ព្យាយាម​ឆ្លៀតឱកាស​ដោយ​ជំរុញ​ឲ្យ​មានការ​ជជែក​ដេញ​ពី​សមត្ថភាព​របស់​បេក្ខជន​បក្ស​សាធារណរដ្ឋ ក្នុងការ​កាន់កាប់​តំណែង​ជា​មេបញ្ជាការ​កំពូល ដែល​ក្នុង​ដៃ​មាន​កូដ​សម្ងាត់​ដើម្បី​ប្រើប្រាស់​អាវុធ​ប្រល័យ​លោក​។ លោកស្រី​ចង់បង្ហាញ​ទៅកាន់​សាធារណជន​អាមេរិក​ថា មានតែ​ខ្លួន​ទេ​ដែលជា​បេក្ខជន​មានបទពិសោធន៍ មានចំណេះដឹង​ច្រើន និង​ដឹង​រាក់​ជ្រៅ​ក្នុងការ​គ្រប់គ្រង​ក៏ដូចជា​ប្រើប្រាស់​អាវុធ​ប្រល័យ​លោក មិន​ដូច​លោក ដូ​ណា​ល់ ត្រាំ ឡើយ​។​

​កន្លងមក​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ និង​ជា​អតីត​គូប្រជែង​លោក ដូ​ណា​ល់ ត្រាំ លោក Marco Rubio បាន​ធ្លាប់​ចម្អក​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ថា លេខ​កូដ​​ មិនអាច​ផ្តល់​ឲ្យ​មនុស្ស​ដែល​ទុកចិត្ត​មិនបាន និង​និយាយ​មិន​ប្រាកដប្រជា​ដូច​លោក ដូ​ណា​ល់ ត្រាំ ឡើយ​។ លោក​ពន្យល់​បន្តថា វា​ជា​រឿង​គ្រោះថ្នាក់​បំផុត​មួយ​សម្រាប់​អាមេរិក និង​ពិភពលោក​។​

​ម្យ៉ាង រឿង​ដែល​ធ្វើ​ឲ្យ​គេ​រឹតតែ​សង្ស័យ​និង​កាន់តែ​មិន​ទុកចិត្ត​ខ្លាំង​ចំពោះ​លោក ដូ​ណា​ល់ ត្រាំ នោះ​គឺ លោក​នៅតែ​រក្សា​សិទ្ធិ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​តំបន់​អឺរ៉ុប និង​តំបន់​មជ្ឈិមបូព៌ា​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ធ្លាប់​អះអាងថា ពេល​លោក​ក្លាយជា​ប្រធានាធិបតី​អាមេរិក​នោះ លោក​នឹង​ឈប់​ផ្តល់​ការការពារ​ដល់​សម្ព័ន្ធ​មិត្ត​អាមេរិក​នៅ​អាស៊ី​មាន​​ ហើយ​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំងពីរ​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទុក​ការពារ​ខ្លួន​ចុះ​៕