បណ្តឹងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រីប្រឆាំងលោក រង្ស៊ី បោះជំហានទៅមុខ

មេធាវីតំណាងលោកនាយករដ្ឋមន្ត្រីក្នុងបណ្តឹងបរិហារកេរ្តិ៍ប្រឆាំងប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បាននិយាយម្តងទៀតក្នុងតុលាការកាលពីថ្ងៃសុក្រថា មេដឹកនាំគណបក្សប្រឆាំងនិងសហជនជាប់ចោទរបស់លោកគឺ សមាជិកព្រឹទ្ធសភា ថាក់ ឡានី គួរប្រឈមនឹងបទចោទដោយសារតែអះអាងថា លោកនាយករដ្ឋមន្ត្រីនិងរដ្ឋាភិបាលរបស់លោកបានរៀបចំឲ្យមានឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយ។ សាកសួរដោយព្រះរាជអាជ្ញានៅតុលាការក្រុងភ្្នំពេញកាលពីម្សិលមិញ លោក គី តិច មេធាវីលោកនាយករដ្ឋមន្ត្រី បានចាត់ទុកលោក រង្ស៊ី និងអ្នកស្រី ឡានី ថាជាជនឱកាសនិយមដែលប្រើឃាតកម្ម ដើម្បីកេងចំណេញនយោបាយ។ លោក តិច បាននិយាយខាងក្រៅបន្ទប់តុលាការថា “សម រង្ស៊ី ឆ្លៀតឱកាសយកករណីនេះ ដោយបំផ្លើសភ័ស្តុតាង ដើម្បីផលប្រយោជន៍នយោបាយ។ ទង្វើ សម រង្ស៊ី បង្ហាញថា គាត់រំលោភច្បាប់និងក្រមព្រហ្មទណ្ឌ”។ លោក រង្ស៊ី ប្រកាន់យកការអះអាងរបស់លោក ដោយលើកឡើងថា រដ្ឋាភិបាលគួរបញ្ជាឲ្យមានការស៊ើបអង្កេតពីខាងក្រៅ ប្រសិនបើខ្លួនពិតជាមិនជាប់ពាក់ព័ន្ធក្នុងឃាតកម្មកាលពីថ្ងៃទី១០ ខែកក្កដាទៅលើលោក កែម ឡី។ ម្យ៉ាងទៀត អ្នកស្រី ឡានី បាននិយាយកាលពីសប្តាហ៍មុនថា អ្នកស្រីក៏មិនដែលបានចោទរដ្ឋាភិបាលថាមានការជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់ កែម ឡី ដែរ ហើយអះអាងថា សំឡេងខ្សែអាត់ដែលអ្នកស្រីបាននិយាយត្រូវគេកាត់ត។ កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រីបានប្តឹងមន្ត្រីបក្សប្រឆាំងទាំងពីររូបពីបទបរិហារកេរ្តិ៍ ដោយទាមទារសំណងជំងឺចិត្តជានិមិត្តរូប១០០រៀល។ ទោះជាយ៉ាងនេះក្តី លោកក៏បានចោទមន្ត្រីទាំងពីរពីបទញុះញង់ដែរ ជាការចោទ រិតតែធ្ងន់ដែលមានទោសជាប់ពន្ធនាគារ។ និយាយសំដៅដល់លោកនាយករដ្ឋមន្ត្រីដោយប្រើគោរមងារ លោក គី តិច បាននិយាយថា “សម្តេចតេជោ  [ហ៊ុន សែន]  បានសម្រេចចង់បានសំណងតែ១០០រៀលតែប៉ុណ្ណោះក្នុងសំណុំរឿងនេះ។ សម្តេចគ្រាន់តែចង់ ឲ្យតុលាការផ្តល់យុត្តិធម៌ដល់សម្តេចប៉ុណ្ណោះ”។ លោក សំ សុគង់ មេធាវីការពារលោក សម រង្ស៊ី និងអ្នកស្រី ឡានី បាននិយាយថា លោកនឹងកោះហៅសាក្សីដែលបញ្ជាក់ថា សម្តីរបស់អ្នកស្រី ឡានី ត្រូវបានគេកែ ប៉ុន្តែ ថា លោកមិនដឹងថា អ្នកស្រី ឡានី នៅទីណាទេ។ កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកបានទទួលព័ត៌មានអំពីផែនការរបស់លោកស្រី ឡានី ភៀសខ្លួនចេញពីប្រទេស ហើយថា អ្នកស្រីនឹងត្រូវចាប់ខ្លួន ប្រសិនបើអ្នកស្រីព្យាយាមបែបនេះមែន។ អ្នកស្រី ឡានី មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ លោក តិច ក៏បានប្រកាសដែរថា កូនក្តីរបស់លោកម្នាក់ទៀតគឺលោក ហេង សំរិន ប្រធានសភានឹងទាមទារ សំណងជំងឺចិត្តច្រើនជាងនេះពីលោក រង្ស៊ី ក្នុងរឿងក្តីមួយដោយឡែក ដែលតុលាការបានរកឃើញថា មេដឹកនាំ បក្សប្រឆាំងរូបនេះមានពិរុទ្ធភាពពីបទបរិហារកេរ្តិ៍កាលពីចុងខែមុន ហើយបានបង្គាប់ឲ្យបង់ប្រាក់សំណងជំងឺចិត្តទៅលោក ហេង សំរិន ១៥០លានរៀល។ រឿងក្តីនេះត្រូវបានប្តឹងបន្ទាប់ពីលោក រង្ស៊ី បានអះអាងខុសតាមហ្វេសប៊ុកថា របបលោក សំរិន បានកាត់ទោសប្រហារជីវិតសម្តេច នរោត្តម សីហនុ នៅទសវត្សរ៍ឆ្នាំ១៩៨០។ កាលពីថ្ងៃសុក្រ លោក តិច បាននិយាយថា កូនក្តីរបស់លោកចង់បានប្រាក់ច្រើនថែមទៀតដើម្បីសងជំងឺចិត្តគាត់ពីបទបង្ខូចកិត្តិយសរបស់គាត់។ លោក គី តិច បាននិយាយថា “សាលក្រមតុលាការដែលបង្គាប់លោក សម រង្ស៊ី ឲ្យបង់ប្រាក់តែ១៥០លានរៀលគឺមិនសមនឹងទង្វើរបស់លោក សម រង្ស៊ី ដែលបានបរិហារកេរ្តិ៍សម្តេច [ហេង សំរិន] និងបានធ្វើឲ្យប៉ះពាល់ដល់ កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់សម្តេចទេ”។ លោក តិច បាននិយាយបន្ថែមថា លោក ហេង សំរិន ទាមទារ សំណងជំងឺចិត្ត៣០០លានរៀល។ មេធាវីរបស់លោក រង្ស៊ី ក៏កំពុងប្តឹងឧទ្ធរណ៍រឿងក្តីនេះដោយលើកហេតុផលថា មេដឹកនាំគណបក្សសង្គ្រោះជាតិមិនដែលនិយាយសំដៅចំឈ្មោះលោក សំរិន ក្នុងការបង្ហោះហ្វេសប៊ុករបស់លោកទេ ហើយថា លោក រង្ស៊ី ក៏មិនមានន័យថា ការអត្ថាធិប្បាយអំពីទោសប្រហារជីវិតត្រង់ៗនោះទេ៕និត © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may […]

The post បណ្តឹងបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រីប្រឆាំងលោក រង្ស៊ី បោះជំហានទៅមុខ appeared first on The Cambodia Daily.