ហួសចិត្ត​ ដ្បិត​មន្ត្រី​កូនចៅ​ក្រោម​ឱវាទ​នាយក​រដ្ឋមន្ត្រី​ក្លាយជា​ទីប្រឹក្សា​ ឬ​ជំនួយការ​ប្រធានរដ្ឋសភា​

​មាត្រា​៥១​ថ្មី​ កថាខណ្ឌ​ទី​៤​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ "​អំណាច​បែងចែក​ដាច់​ពី​គ្នា​រវាង​អំណាចនីតិប្បញ្ញត្តិ​ អំណាចនីតិប្រតិបត្តិ​ និង​អំណាចតុលាការ​ ។​ "​ និង​មាត្រា​៩០​ថ្មី​ កថាខណ្ឌ​ទី​១​ និង​មាត្រា​៩៩​ថ្មី​ កថាខណ្ឌ​ទី​១​ នៃ​រដ្ឋធម្មនុញ្ញ​ដដែល​ បាន​ចែង​ថា​ "​រដ្ឋសភា​ជា​អង្គការ​ដែល​មាន​អំណាចនីតិប្បញត្តិ​…​ ។​ ព្រឹទ្ធសភា​ជា​អង្គការ​ដែល​មាន​អំណាច​នីតិ​ប្ប​ញ្ញ​តិ្ត​…​។​ "​ ដោយឡែក​ មាត្រា​១​នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​ បាន​ចែង​ថា​ "​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​អង្គការនីតិប្រតិបត្តិ​…"​ ។​

​ទោះបី​រដ្ឋធម្មនុញ្ញ​បាន​ចែង​អំពី​អំណាច​ដាច់​ពី​គ្នា​រវាង​អំណាចនីតិប្បញ្ញត្តិ​(​រដ្ឋសភា​-​ព្រឹទ្ធសភា​)​ និង​អំណាចនីតិប្រតិបត្តិ​(​រាជរដ្ឋាភិបាល​)​ដូច្នេះ​ក៏​ដោយ​ ក៏​ប៉ុន្តែ​ព័ស្តុតាង​ជាក់ស្តែង​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ចាប់អារម្មណ៍​នៅ​ត្រង់​ថា​ មាន​សមាជិក​រាជរដ្ឋាភិបាល​(​រដ្ឋមន្ត្រី​)​ អនុរដ្ឋលេខាធិការ​ រហូត​ដល់​ប្រធាន​មន្ទីរ​តែងតាំង​ដោយ​ប្រកាស​របស់​ក្រសួង​ជា​កូនចៅ​ក្រម​ឱវាទ​នាយក​រដ្ឋមន្ត្រី​ ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា​ ឬ​ជំនួយការ​របស់​ប្រធានរដ្ឋសភា​ ដែល​បង្ហាញ​អំពី​ "​រូបភាព​ច្របូកច្របល់​"​ ទៅ​វិញ​ រួម​មាន​ជា​អាទិ៍​ ៖

១-​ឯកឧត្តម​ វង​ សូត​ ជា​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៣​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣)​ ដែល​ជា​សមាជិក​រាជរដ្ឋាភិបាល​ទទួលខុសត្រូវ​ក្នុង​ការងារ​ចំពោះ​នាយក​រដ្ឋមន្ត្រី​ (​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​)​ និង​ចំពោះ​រដ្ឋសភា​ បែរជា​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៥​ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​ជា​រដ្ឋមន្ត្រី​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩៤៥​ ចុះ​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០១៣​ ។​

២-​ឯកឧត្តម​ គឹ​ម​ សន្តិភាព​ ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​ (​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៣/៩០៤​ ចុះ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣)​ បែរជា​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៥​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​ជា​អនុរដ្ឋលេខាធិការ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/៩៧៥​ ចុះ​ថ្ងៃ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០១៣​ ។​

៣-​ឯកឧត្តម​ ធុ​ល​ នាង​ ជា​ប្រធាន​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​ (​តែងតាំង​ដោយ​ប្រកាស​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​)​ បែរជា​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៥​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​ជា​ប្រធាន​មន្ទីរ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/១០៣៩​ ចុះ​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៣​ ។​

៤-​ឯកឧត្តម​ ច័ន្ទ​ សុខុម​ចិ​ត្តា​ ជា​ប្រធាន​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តសៀមរាប​ (​តែងតាំង​ដោយ​ប្រកាស​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​)​ បែរជា​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ជំនួយការ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៥​ មាន​ឋានៈ​ស្មើ​អគ្គនាយក​បន្ថែម​លើ​មុខងារ​ជា​ប្រធាន​មន្ទីរ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១៣/១៤២៣​ ចុះ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១៣​ ។​

…។ល។

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ការ​តែងតាំង​ទីប្រឹក្សា​ប្រធានរដ្ឋសភា​ គួរ​ត្រូវ​បាន​ជ្រើសរើស​ចេញពី​មន្ត្រី​មានបទពិសោធន៍​ខាង​ការងារ​នីតិប្បញ្ញត្តិ​ ដែល​មិន​បម្រើ​ការ​នៅ​ក្នុង​អំណាចនីតិប្រតិបត្តិ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ បើ​តែងតាំង​មន្ត្រី​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​នីតិប្រតិបត្តិ​ត្រូវជា​កូនចៅ​ក្រោម​ឱវាទ​របស់​នាយក​រដ្ឋមន្ត្រី​ ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា​ប្រធានរដ្ឋសភា​កាន់​អំណាចនីតិប្បញ្ញត្តិ​តាម​របៀប​សព្វថ្ងៃ​ គឺ​មិន​ត្រឹម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​របស់​រដ្ឋសភា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​នាំ​ឲ្យ​មាន​ "​ភាព​ច្របូកច្របល់​"​ មុខ​តំណែង​ការងារ​អំណាចនីតិប្រតិបត្តិ​ និង​អំណាចនីតិប្បញ្ញត្តិ​ទៀត​ផង​ ៕​

ហួសចិត្ត​ ដ្បិត​មន្ត្រី​កូនចៅ​ក្រោម​ឱវាទ​នាយក​រដ្ឋមន្ត្រី​ក្លាយជា​ទីប្រឹក្សា​ ឬ​ជំនួយការ​ប្រធានរដ្ឋសភា​

ហួសចិត្ត​ ដ្បិត​មន្ត្រី​កូនចៅ​ក្រោម​ឱវាទ​នាយក​រដ្ឋមន្ត្រី​ក្លាយជា​ទីប្រឹក្សា​ ឬ​ជំនួយការ​ប្រធានរដ្ឋសភា​

Related