សម រង្ស៊ី បង្ហោះ​វីដេអូ «សមមិត្ត ហេង សំរិន ជេរ​ប្រមាថ​សម្តេច សីហនុ»

«សមមិត្ត ហេង សំរិន» ពិតជាបានធ្លាប់បានជេរប្រមាថ ព្រះបាទសម្ដេច នរោត្ដម សីហនុ និង​បាន​ប្រៀបធៀបព្រះអង្គ ទៅនឹង ប៉ុល ពត ដែលត្រូវបានតុលាការប្រជាជន ក្នុងរបប​ក្រោយ​​ឆ្នាំ​១៩៧៩ កាត់​ទោសប្រហារជិវិត ដោយកំបាំងមុខ។ នេះ បើតាមលោក សម រង្ស៊ី ដែលទើបនឹង​បង្ហោះ​វីដេអូមួយ ពីករណីនេះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក នៅ​មុន​នេះ​បន្តិច។
សម រង្ស៊ី បង្ហោះ​វីដេអូ «សមមិត្ត ហេង សំរិន ជេរ​ប្រមាថ​សម្តេច សីហនុ»

លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាអតីតប្រធានរដ្ឋ ក្នុងសម័យ​សាធារណរដ្ឋប្រជាមានិត​កម្ពុជា។ (រូបថត Wikipedia)

តាមមើលទៅ លោក សម រង្ស៊ី ទំនងជាឈប់ចាក់ក្រឡេក ឲ្យគ្រាន់តែឲ្យរសើប ​ដូចលើកមុនហើយ។ ប្រធាន​គណបក្ស​សង្គ្រោះជាតិ បាន​យក​ភស្ដុតាង​ជា​វីដេអូ​ ក្នុងប្រវត្តិសាស្ត្រមួយទៀត មក​បញ្ជាក់ថា លោក ហេង សំរិន ធ្លាប់​បាន​ជេរប្រមាថ អតីតព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច នរោត្ដម សីហនុ និងបានប្រៀបធៀបព្រះអង្គ ទៅនឹង ប៉ុល ពត ដែលត្រូវបានតុលាការប្រជាជន ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា កាត់ទោសប្រហារជិវិត ដោយ​កំបាំងមុខ។ វីដេអូនេះ ទើបនឹងត្រូវបានយកមកបង្ហោះ លើទំព័រហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃសុក្រ ទី៥ ខែ​សីហា មុននេះបន្តិច។

អមនឹងវីដេអូនោះ លោក សម រង្ស៊ី បានសរសេរជាភាសាខ្មែរ មានសេចក្ដីថា៖ «ក្នុងសុន្ទរកថារបស់គាត់ (លោក ហេង សំរិន) មួយនេះ ក្នុងឆ្នាំ ១៩៧៩ សមមិត្ត ហេង សំរិន បានជេរប្រមាថសម្តេចព្រះ នរោត្តម សីហនុ ហើយ​បាន​ប្រៀបធៀបព្រះអង្គ ទៅនឹង ប៉ុល ពត ដែលត្រូវបានគេកាត់ទោសប្រហារជិវិត (ដោយ) កំបាំងមុខ។»។

នៅក្នុងវីដេអូដដែល គេឃើញសំណេរមួយ បានចេញនៅមុនការថ្លែងរបស់លោក ហេង សំរិន យ៉ាងដូច្នេះថា៖ «ហេង សំរិន ព្រុសតាមយួនសរសេរ»។

» វីដេអូដែលបង្ហោះ នៅលើទំព័រហ្វេសប៊ុកលោក សម រង្ស៊ី៖

ការបង្ហោះវីដេអូជាថ្មីនេះ បានធ្វើឡើងបន្ទាប់​ពីប្រធានរដ្ឋសភា លោក ហេង សំរិន តាមរយៈមេធាវីរបស់លោក បាន​ដាក់ពាក្យបណ្ដឹង ទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃសុក្រដដែលនេះ ដើម្បីប្ដឹងឧទ្ធរណ៍ ជំទាស់លើ​សាល​ក្រម​សម្រេច របស់​តុលាការ​សាលាដំបូង ដែលបានកាត់ក្ដីឲ្យលោក ហេង សំរិន ឈ្នះក្ដីលោក សម រង្ស៊ី ពី​បទ​បរិហារ​កេរ្តិ៍ តែទទួល​បាន​សំណង ដែលលោកមេធាវីអះអាងថា មិនមានយុត្តិធម៌​សម្រាប់​អតីត​ប្រធានរដ្ឋ នៃរបប​កុម្មុយនីស​​ក្រោយ​ឆ្នាំ១៩៧៩ ដែលជាកូនក្ដី​​របស់​​លោក​​ឡើយ។

សាលក្រម​​ថ្ងៃ​ទី​២៨ ខែ​កក្កដា របស់សាលាដំបូងរាជធានី បានសម្រេចឲ្យលោក សម រង្ស៊ី ចាញ់ក្ដីលោក ហេង សំរិន ទាក់ទងនឹងសំណេរមួយ ដែលប្រធានគណបក្សប្រឆាំង បានសរសេរនៅលើទំព័រហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ២០១៥ រំលឹកឡើងវិញថា របប​កើត​ឡើង​ក្រោយ​ថ្ងៃ​៧ ខែមករា ឆ្នាំ១៩៧៩ បាន​ឲ្យ​តុលាការ​របស់​គេ ​កាត់​ទោស​ប្រហារ​ជីវិត​សម្ដេច នរោត្ដម សីហនុ។ សាលក្រមនោះ បានតម្រូវឲ្យលោក សម រង្ស៊ី ចេញសំណង​ទៅ​ឲ្យ​លោក ហេង សំរិន នូវទឹកប្រាក់​ចំនួន១៥០លានរៀល ខណៈពាក្យបណ្ដឹង​ដែលប្ដឹងតាមរយៈមេធាវី បាន​ទាមទារ​​សំណង​​ជំងឺចិត្ត ៣០០លានរៀល៕