សិល្បករ​ជា​ច្រើន​ត្រៀម​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ថ្ងៃ​បុណ្យ​រំលឹក​គុណ​គ្រូ​បឋម

លោក ដួង សុខគា, Jimmy Kiss, ឌីជេ​អាចារ្យ​ធំ និង​សិល្បករ​ជា​ច្រើន​រូប​ទៀត ​កំពុង​ត្រៀម​​ដើម្បី​បង្ហាញ​សមត្ថភាព​សិល្បៈ​រៀង​ខ្លួន​នៅ​ក្នុង​ថ្ងៃ​បុណ្យ​រំលឹក​គុណ​គ្រូ​បឋម​នៅ​ថ្ងៃ​ទី​១៤​ខែ​សីហា​នេះ​នៅ​បរិវេណ​សាលា​បឋម​សិក្សា​បឹង​ត្របែក​ខាង​ត្បូង។

 

សិល្បករ​ជា​ច្រើន​ត្រៀម​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ថ្ងៃ​បុណ្យ​រំលឹក​គុណ​គ្រូ​បឋម

 

អ្នក​និពន្ធ កែវ សាស្ត្រា ​ស្ថាបនិក​បុណ្យ​នេះ​បាន​និយាយ​ថា នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​គ្រូ​បឋម​ដែល​មិន​សូវ​មាន​នរណា​នឹក​ឃើញ​ធ្វើ​ឡើយ។ ម្យ៉ាង​ទៀត ព្រឹត្តិការណ៍​ខាង​លើ​ក៏​ជា​គំរូ​ល្អ​មួយ​សម្រាប់​កុមារ​​ជំនាន់​ក្រោយ​ចេះ​នឹក​ឃើញ​ដល់​គុណ​គ្រូ​បឋម ដែល​ធ្លាប់​បាន​បង្រៀន​ឱ្យ​ពួក​គេ​​ចេះ​សរសេរ ចេះ​ប្រកប ចេះ​អាន​ដំបូង​បំផុត​ក្នុង​ជីវិត។

 

លោក​បន្ត​ទៀត​ថា នៅ​ក្នុង​កម្មវិធី​នោះ​ក៏​មាន​ការ​បង្ហាញ​ទម្រង់​សិល្បៈ​មួយ​ចំនួន​ផង​ដែរ បូក​រួម​ទាំង​បទ​ស្មូត​អំពី​ព្រះ​គុណ​គ្រូ​។

 

លោក​បន្ត​ថា វត្តមាន​របស់​សិល្បករ​ជា​ច្រើន​នា​ឱកាស​នោះ ក៏​ព្រោះ​តែ​មាន​ការ​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​សកម្មភាព​នេះ ទោះ​មិន​ធ្លាប់​បាន​សិក្សា​នៅ​ក្នុង​សាលា​នេះ​ជា​ដើម។ លោក កែសាស្ត្រា ស្នើ​ឱ្យ​មាន​ការ​ចូលរួម​ឱ្យ​បាន​ច្រើន​ជា​លើក​ទឹក​ចិត្ត​ដល់​អ្នក​រៀប​ចំ និង​លើក​ទឹក​ចិត្ត​ដល់​លោក​គ្រូ​អ្នក​គ្រូ​ព្រម​ទាំង​សិល្បករ​ទាំង​អស់៕

 

អត្ថបទ៖ សំ ជំនាញ