គ.ជ.ប​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ត្រៀម​ខ្លួន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥ ខែសីហា បានរៀបចំឲ្យមានសន្និសីទកាសែតមួយជាលើកដំបូង ដើម្បីជូនដំណឹងពីដំណើរការត្រៀមរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានអះអាងថា ខ្លួនបានត្រៀមរួចរាល់ហើយ ទាំងនីតិវិធី និងសម្ភារៈបរិក្ខារបម្រើការដល់ការចុះឈ្មោះបោះឆ្នោត។

មន្ត្រី គ.ជ.ប បានអំពាវនាវឲ្យពលរដ្ឋត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែកញ្ញា ខាងមុខ។

អគ្គលេខាធិការរង គ.ជ.ប លោក ម៉ៅ សុភារិទ្ធ ថ្លែងថា គ.ជ.ប បានត្រៀមលិខិតអញ្ជើញពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោតជាង ១០លានសន្លឹក បើធៀបជាមួយប្រជាពលរដ្ឋត្រូវអញ្ជើញទៅចុះឈ្មោះមានចំនួនជាង ៩លាននាក់។ លោកបញ្ជាក់ថា ប្រសិនបើពលរដ្ឋមិនបានទទួលលិខិតអញ្ជើញក៏អាចទៅចុះឈ្មោះបានដែរឲ្យតែពួកគាត់មានគ្រប់លក្ខខណ្ឌដែលតម្រូវ។

លោកថា ក្រៅពីនេះ គ.ជ.ប មានមធ្យោបាយមួយចំនួនក្នុងការអប់រំផ្សព្វផ្សាយ ដើម្បីឲ្យពលរដ្ឋទទួលបានដំណឹងនៃការចុះឈ្មោះ៖ «គ.ជ.ប ក៏មានវិធានការផ្សព្វផ្សាយតាមលិខិតជូនដំណឹង ខិត្តប័ណ្ណបិទផ្សាយនៅតាមភូមិអំពីការអញ្ជើញគាត់ទៅចុះឈ្មោះស្អីៗហ្នឹងក៏មាន ហើយមានធ្វើស្ពតវីដេអូ អារឿងខ្លីៗ ដែលចាក់ផ្សាយតាមវិទ្យុ និងទូរទស្សន៍ក៏មានដែរ មេក្រូផ្សព្វផ្សាយចល័តនៅតាមឃុំក៏មានចាក់ផ្សព្វផ្សាយដែរ។ វិធានការនេះខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋនឹងទទួលដំណឹងបានពីការចុះឈ្មោះនេះហើយ»។

លោកថ្លែងនេះនៅក្នុងសន្និសីទកាសែតមួយស្ដីពីការត្រៀមខ្លួនចុះឈ្មោះបោះឆ្នោតនៅការិយាល័យគ.ជ.ប នៅថ្ងៃទី៥ សីហា ដែលមានតំណាងគណបក្សនយោបាយចូលរួម។

ការអះអាងរបស់ គ.ជ.ប នេះ បន្ទាប់ពីខ្លួនបានទទួលសម្ភារៈបរិក្ខារកុំព្យូទ័រគ្រប់ចំនួនសម្រាប់បម្រើឲ្យ ការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ក្រោមជំនួយរបស់សហភាពអឺរ៉ុប ដែលបានផ្គត់ផ្គង់តាមរយៈអង្គការ យូអិនណុប (UNOPS)។

ទាក់ទងទៅនឹងនីតិវិធីនិងដំណើរការចុះឈ្មោះបោះឆ្នោតនេះដែរ តំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ បានដាក់លិខិតស្នើតាមរយៈរដ្ឋសភាទៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយសុំឲ្យចេញសេចក្ដីណែនាំដល់បណ្ដារោងចក្រ សហគ្រាសនានា សម្រួលឲ្យកម្មករបានសម្រាកពីការងារទៅចុះឈ្មោះបោះឆ្នោត។

បញ្ហានេះត្រូវបានអ្នកសារព័ត៌មានចោទជាសំណួរទៅកាន់មន្ត្រី គ.ជ.ប។

ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក មានប្រសាសន៍នៅក្នុងសន្និសីទកាសែតថា លោកនឹងពិចារណាចំពោះបញ្ហានេះទៅតាមសមត្ថកិច្ចរបស់ គ.ជ.ប៖ «ក្រសួងការងារហ្នឹងក៏យើងយកមកពិចារណា តើក្រសួងការងារគេយកអីមកក្នុងសមត្ថកិច្ចរបស់គេ ហើយស្អីនៅក្នុងសមត្ថកិច្ចរបស់ គ.ជ.ប ពាក់ព័ន្ធនឹងការចុះឈ្មោះនៅទល់ដែនក្ដី ការចុះឈ្មោះសម្រាប់អ្នកក្រៅអីអត់មាននរណាឃាត់ឃាំងអីទេ»។

កាលពីខែឧសភា ឆ្នាំ២០១៥ គ.ជ.ប បានធ្វើការចុះឈ្មោះសាកល្បងតាមប្រព័ន្ធថ្មី នៅក្នុងឃុំសង្កាត់ចំនួន ២៥ឃុំ សង្កាត់ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយនៃប្រព័ន្ធចុះឈ្មោះតាមកុំព្យូទ័រមុននឹងឈានមកដំណើរការចុះឈ្មោះផ្លូវការ។

ការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោតគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ សីហា ហើយដំណើរការចុះឈ្មោះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី២៩ វិច្ឆិកា៕

ប្រភព៖ RFA


Related Posts