លោក​សម រង្ស៊ី៖ «ហេង សំរិន​មិន​មាន​សិទ្ធិ​ប្តឹង​នោះ​ទេ»

សង្គ្រាមប៉ាកកាក្នុងសំណុំរឿងបរិហាកេរ្តិ៍រវាងលោក សម រង្ស៊ី និងលោក ហេង សំរិន នៅមិនទាន់បញ្ចប់នៅឡើយទេ។ កាលពីយប់ថ្ងៃព្រហស្បតិ៍ប្រធានគណបក្សប្រឆាំងរូបនេះ បានលើកឡើងថា លោកហេង សំរិនមិនមានសិទ្ធិប្តឹងលោកនោះទេ ព្រោះថាអ្នកដដែលទទួលខុសត្រូវសម័យនោះគឺលោកប៉ែន សុវណ្ណ។ ប៉ុន្តែគណបក្សប្រជាជនថា លោកហេង សំរិនមានសិទ្ធិ។

“តើលោក ហេង សំរិន មានបានសួរលោក ប៉ែន សុវណ្ណ ឬទេ មុននឹងប្តឹងខ្ញុំ?”នេះគឺជាសំណួរដែលលោក សម រង្ស៊ី បានលើកឡើងដើម្បីបន្តសង្គ្រាមប៉ាកកាជាមួយនឹងដើមបណ្តឹងលោកហេង សំរិន ដែលជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពជា និងជាប្រធានរដ្ឋសភា។

អមជាមួយរូបភាពលោក សម រង្ស៊ី បង្គំគាល់ព្រះបរមរតនៈកោដ្ឋ លោកសម រង្ស៊ី បានសរសេរថា “សូមរម្លឹកថា ប្រវត្តិសាស្ត្រចាត់ទុកលោក ប៉ែន សុវណ្ណ ជាបិតាថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ ពីព្រោះពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨១ លោក ប៉ែន សុវណ្ណ ជាឥស្សរជនខ្មែរ ដែលមានតំណែងខ្ពស់ជាងគេ និងអំណាចខ្លាំងជាងគេបង្អស់ ក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងតួនាទីរបស់លោកជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍កម្ពុជា និងជានាយករដ្ឋមន្ត្រី”។ ភ្លាមៗគណបក្សប្រជាជនកម្ពុជា បានទាត់ចោលការលើកឡើងនេះ ហើយថា លោកហេង សំរិន គឺជាអ្នកទទួលខុសត្រូវធំជាងលោកប៉ែន សុវណ្ណ ទៅទៀត ព្រោះថាសមិត្ត ហេង សំរិន គឺជាប្រមុខរដ្ឋនៃរបបសាធារណរដ្ឋប្រជាមាណិតកម្ពុជា ដែលលោកកាន់ដំណែងប្រធានក្រុមប្រឹក្សារដ្ឋ។

សម្រាប់លោក សម រង្ស៊ី “របបសាធារណរដ្ឋប្រជាមាណិតកម្ពុជា បានវាយប្រហារ ជេរប្រមាថ និងមួលបង្កាច់ សម្តេចព្រះនរោត្តមសីហនុ យ៉ាងធ្ងន់ធ្ងរបំផុត មុននឹងធ្វើឃាតព្រះអង្គ តាមផ្លូវចិត្ត និងផ្លូវនយោបាយ តាមរយៈការប្រកាស សាធារណរដ្ឋ របស់ពួកគេ កាលពីឆ្នាំ ១៩៧៩”។ គណបក្សសង្គ្រោះជាតិនៅអាចទាក់ទងបានទេរហូតមកដល់ពេលនេះ។

សូមបញ្ជាក់ថា លោកហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានប្តឹងលោក សមរង្ស៊ី ដែលកំពុងវណ្ឌកដោយបណ្តឹងស្រាប់ ទៅកាន់តុលាការពីបទបរិហារកេរ្តិ៍បន្ទាប់ពីលោកសម រង្ស៊ី បានបង្ហោះវីដេអូមួយដែលចោទថារបបសាធារណរដ្ឋប្រជាមាណិតកម្ពុជា បានកាត់ទោសព្រះនរោត្តមសីហនុថាជាជនក្បត់ជាតិ។

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ តុលាការ បានសម្រេចកាត់ក្តីឱ្យលោកសម រង្ស៊ី បង់ជំងឺចិត្តដល់លោកហេង សំរិន ចំនួន១៥០លានរៀល ប៉ុន្តែភាគីទាំងពីរបានប្តឹងឡើងឧទ្ធរណ៍រៀងខ្លួនៗ ដោយលោក សម រង្ស៊ី មិនសុខចិត្តនឹងការសម្រេចនេះ ខណៈភាគីលោកហេង សំរិនមិនសុខចិត្តនឹងសំណង៕

ប្រភព៖ RFI


Related Posts