រៀប​ការ​ហើយ​គួរ​នៅ​ដោយឡែក​ ឬ​នៅ​ជាមួយ​ឪពុក​ម្តាយ​?

នៅ​ក្នុង​​ប្រទេស​ជឿន​លឿន បុរស​និង​ស្ត្រី​ពេល​រៀប​ការ​ហើយ ​​ច្រើន​នាំ​គ្នា​ចេញ​ទៅ​រស់នៅ​ផ្ទះ​ផ្សេង​ពី​ឪពុក​ម្តាយ ​។ ប៉ុន្តែ​នៅ​កម្ពុជា​យើង​ប្តី​ប្រ​ព​ន្ធ​​ថ្មោងថ្មី​ច្រើនបន្ត​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ភាគច្រើន​បំផុត ​គឺ​ឪពុក​ម្តាយ​ខាង​ស្រី​ ។

តើ​ការ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ និង​ការ​រស់នៅ​ដោយ​ឯករាជ្យ​មួយ​ណា​ល្អ​ជាង​?

នេះ​ជា​សំនួរ​ដ៏​សាមញ្ញ​មួយ​​នៅ​ក្នុង​សង្គម​កម្ពុជា​ ។ ប៉ុន្តែ​វា​មាន​តម្លៃនឹង​លើកយក​មក​ពិភាក្សា ​ដោយសារ​តែ​ផល​ប៉ះពាល់​របស់​វា​មក​លើ​ជីវិត​រស់នៅ​របស់​មនុស្ស​ជា​ច្រើន ​។

ការ​រស់នៅ​គ្រួសារ​ធំ​មួយ​​មាន​ប្រយោជន៍​ម្យ៉ាង​ គឺ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​ផ្ទះសម្បែង ទៅ​លើ​ម្ហូបអាហារ និង​ទៅ​លើ​ការ​ចំណាយ​ទឹក​ភ្លើង​ជាដើម​ ។ ទន្ទឹម​នោះ វា​ជា​ប្រពៃណី​ដែល​ឪពុក​ម្តាយ​ខាង​ស្រី​ច្រើន​តែ​ចង់ឱ្យ​​កូនស្រី​ និង​កូនប្រសា​​​បន្ត​រស់​នៅ​ជាមួយ​​ដោយសារ​តែ​គាត់​បារម្ភ​អំពី​សេចក្តីសុខ​របស់​កូនស្រី​ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​​ក៏​ដោយ​ចុះ ការ​រស់នៅ​ជួបជុំ​គ្នា​ច្រើន ​នៅ​ក្នុងផ្ទះ​តែ​មួយ​នឹង​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ច្រើន ​ជាង​ការ​រ​ស់នៅ​តែ​ពីរ​នាក់​ប្តី​-ប្រ​ព​ន្ធ ​។ ពេល​ខ្លះ ​ផល​ប៉ះពាល់​នោះ​ មាន​ទំហំ​ហួស​ពី​ការ​ដោះស្រាយ​បាន​​ដោយ​ឈាន​ដល់​ការ​បែកបាក់​ប្តី​ប្រ​ព​ន្ធ ​ឬ​ក៏​មាន​ទំនាក់​រវាង​កូន ​និង​ឪពុក​ម្តាយ​អស់​មួយ​ជីវិត​ក៏​មាន ​។

វា​មានការ​លំបាក​ស្រាប់​ទៅ​ហើយ​ សម្រាប់​ការ​សម្របសម្រួល​គ្នា ​នៅ​ក្នុង​ការ​រស់នៅ​រវាង​មនុស្ស​ពីរ​នាក់​ប្តី​ និង​ប្រ​ព​ន្ធ​​ ។ ហេតុ​ដូច្នេះ​ហើយ​បានជា​មាន​ប្តី​ប្រ​ពន្ធ​​ខ្លះ ​មិន​អាច​រស់នៅ​ជាមួយ​គ្នា​អស់​មួយ​ជីវិត​ ដូច​ការ​សន្យា​នៅ​ពេល​រៀប​ការ​ ។ នៅ​អា​មេ​រិ​ក​គេ​រាយ​ការណ៍​ថា ​អាពាហ៍ពិពាហ៍​៥០​ភាគរយ​​បរាជ័យ ​ឬ​លែងលះ​គ្នា​វិញ បើ​ទោះបីជា​នៅ​កម្ពុជា​ មិន​មាន​តួលេខ​ផ្លូវការ​ត្រូវ​បាន​បង្ហាញ​ក្តី​។

ដូច្នេះ ការ​សម្របសម្រួល​ក្នុង​ការ​រស់នៅ​ជាមួយ​គ្រួសារ​ធំ​មួយ ​ដែល​មាន​មនុស្ស​ច្រើន​នឹង​រឹតតែ​ធ្វើ​ឱ្យ​​ពិបាក​នៅ​ក្នុង​ការ​រស់នៅ​ជាមួយ​​គ្នា​ថែម​ទៀត ​។ ដូច្នេះ​ហើយ​ មាន​ប្តី​ប្រ​ព​ន្ធ​ក្មេង​ខ្លះ ​ក៏​ត្រូវ​លែងលះ​គ្នា​វិញ ​ដោយសារ​ទំនាស់​គ្រួសារ​ ។ អ្នកខ្លះ​ទៀត​ត្រូវ​ចេញ ទៅ​រស់នៅ​ឆ្ងាយ​ពី​ឪពុក​ម្តាយ​ បន្ទាប់​ពី​បាន​រស់នៅ​ជាមួយ​គ្នា​មួយ​រយ​:​។ ខ្លះ​ក៏​ត្រូវ​ប្រឈម​មុខ​ឱ្យ​​ជ្រើសរើស​ថា​ ត្រូវ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ ​ឬ​ក៏​ត្រូវ​ទៅ​តាម​ប្តី​ នៅ​ពេល​ដែល​ទំនាស់​មាន​ភាព​ធ្ងន់ធ្ងរ​រវាង​ឪពុក​ម្តាយ​ខាង​ស្រី​ និង​ប្តី​ ។

ដូច្នេះ​ ការ​រស់នៅ​ដាច់​ដោយឡែក​ពី​គ្នា​ ថ្វីបើ​ធ្វើ​ឱ្យ​ប្តី​ប្រ​ព​ន្ធ​​មានការ​ពិបាក​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​វា​នឹង​អាច​ធ្វើ​អោយ​ពួក​គេ​រស់នៅ​មាន​សុភមង្គល​ជាង​ការ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​។

ជាបឋម​​នោះ ប្តី​ប្រ​ព​ន្ធ​វ័យក្មេង​ត្រូវ​រឹង​ពឹង​ផ្នែក​សេដ្ឋកិច្ច​ មុន​ពេល​ចាប់ដៃ​គ្នា​រៀប​ការ​ ។ បន្ទាប់​គេ​នឹង​អាច​រស់នៅ​ជាមួយ​គ្នា​ដោយ​ឯក​រាជ្យ​ពី​ឪពុក​ម្តាយ ​៕