លោក សំ កុសល មេ​គយ​ខេត្តកោះកុង​នៅ​បន្តធ្វើ​ផ្គើន​បញ្ជា​របស់​សម្តេច​តេ​ជោ ទើប​បទល្មើស​នាំចូល​ទំនិញគេចពន្ធ​នៅមាន​កំណើន​គ្រប់​ច្រកល្ហក

​ខេត្តកោះកុង ៖ បើទោះជា​សម្តេច​តេ​ជោ ប្រឹងប្រែង​ដាក់​វិធានការ​ធ្វើកំណែទម្រង់​ស្ថាប័នគយ​ក្តី​ក៏ប៉ុន្តែ មន្ត្រី​គយ​ដែល​ដុះ​ស្នឹម​ពុករលួយ​មួយចំនួន នៅតែ​បន្តធ្វើ​ផ្គើន​នឹង​បទបញ្ជា​របស់​សម្តេច​តេ​ជោ ទើបបានជា បទល្មើស​គេចពន្ធ​មាន​កំណើន គ្រប់​ច្រកល្ហក មិនអាច​ទប់ស្កាត់បាន ហើយ​ជាក់ស្តែង ការនាំ​ចូល​ទំនិញគេចពន្ធ តាម​ខេត្តកោះកុង របស់​ឈ្មួញ​ធំៗ គេ​ដឹងថា កូនចៅ​របស់លោក សំ កុសល ជា​ប្រធាន​សាខាគយ​ខេត្តកោះកុង នៅ​ទីនោះ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​បង់ពន្ធ​តិចតួច​បំផុត រហូត​ពេលខ្លះ​អនុវត្ត​ផ្ទុយស្រឡះ​ពី​គោលការណ៍​ប្រមូល​ពន្ធ​របស់​អគ្គនាយដ្ឋាន​គយ​ទៀតផង​។​

មន្ត្រី​តូចតាច​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ នៅតែមាន​ឱកាស នាំចូល​ទំនិញ ដោយ​បង់ពន្ធ​តិចតួច ឬ​បង់ពន្ធ​ចូល​តែ ហោប៉ៅ​មន្ត្រី​គយ ហើយ​នាំ​ទំនិញ​ចូល​ម៉ា​សេរី ធ្វើ​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ ច្រើនសន្ធឹក​សន្ធាប់ ប៉ុន្តែ​សម្រាប់​គយ​ម្នាក់ៗ ស្ទើរ​ក្លាយជា​សេដ្ឋី​អស់​ទៅហើយ​។ គ្រាន់តែ​ក្រុមហ៊ុន រស្មី​រតនៈ មួយ​ប៉ុណ្ណោះ បាន​នាំចូល​ទំនិញ​គ្រប់​ប្រភេទ ហើយ​បង់ពន្ធ​ប្រមាណ ៣០% បន្ត​ចែកចាយ​ទំនិញ លើ​ទីផ្សារ ដោយ​គ្មាន​ការរំខាន ហើយ​គេ​ដឹងថា ក្រុមហ៊ុន​មួយ​នេះ ទទួលបាន​ភ្លើង​ខៀវ ពី​មន្ត្រី​គយ​សម្រាប់​ការ នាំចូល​ទំនិញ​បង់ពន្ធ​ខ្លះ និង​មិន​បង់ពន្ធ​ខ្លះ តាម​អ្វីដែល​ជំនាញ​គយ រំលោភ​លើ​វិជ្ជាជីវ​របស់ខ្លួន​នោះ​។​

ប្រភព​បាន​បញ្ជាក់ថា ទំនិញ​ក្នុង​មួយ​ទូក របស់​ក្រុមហ៊ុន រស្មី​រតនៈ ដែលមាន​ចំណុះ រហូតដល់ ២០០​តោន ត្រូវបាន​គយ ម៉ៅការ​បង់ពន្ធ​សរុប ប្រមាណ​ជា ៣០% ប៉ុណ្ណោះ ចំណែក​នៅសល់ ៧០%​ទៀត គឺ​ត្រូវ​បែង​ចែកជា​២ គឺ​ពាក់កណ្តាល បាន​ទៅ​ក្រុមហ៊ុន និង​ពាក់កណ្តាល​ទៀត​បាន​ទៅ​លោក​គយ​។ សូមបញ្ជាក់ថា ចាប់តាំងពី​លោក សំ កុសល ឡើង​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តកោះកុង គេ​សង្កេតឃើញថា ប្រាក់​ពន្ធ​មាន​កំណើន​បន្តិច ក៏ពិតមែន តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​បទល្មើស​ទំនិញគេចពន្ធ​កើនឡើង​យ៉ាង​អនាធិបតេយ្យ​គួរ​ឲ្យ​ញាក់សាច់​។​

​ប្រភព​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ធំៗ ដែល​ធ្វើ​សកម្មភាព​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា តាម​ច្រក ខេត្តកោះកុង រួមមាន ក្រុមហ៊ុន គឹម យ៉ា​រស្មី ដែលមាន​ថៅកែ ឈ្មោះ ចែ ហួង​, ក្រុមហ៊ុន រស្មី​រតនៈ ដែលជា​ក្រុមហ៊ុន ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​មាន​បរិមាណ​ទំនិញ រាប់ពាន់​តោន​ក្នុង​មួយខែៗ ហើយ​ក្រុមហ៊ុន​នេះ ត្រូវគេ​ដឹងថា បង់ពន្ធ​ចូល​រដ្ឋ​តែ ១០%​ប៉ុណ្ណោះ នៅសល់​ពីនេះ គឺ​ចែក​ឲ្យ​មន្ត្រី​សាខាគយ មួយចំណែក និង​មួយចំណែក​ទៀត​សម្រាប់​លុយ​ដឹកជញ្ជូន​តាមផ្លូវ និង​បង់​ឲ្យ​កុងត្រូលជជុះ របស់​គយ ដែល​ចាំ​យកលុយ ពី​រថយន្ត​ដឹកទំនិញ នៅ​ចំណុច​អណ្តូងទឹក​ស្រុក​បុ​ទុម​សាគរ​ដោយ​រថយន្ត​សណ្តោង ឬ​រថយន្ត​យី​ឌុប មួយគ្រឿង ១០០​ដុល្លារ​ក្នុង​មួយ​ជើង ។​

ទោះយ៉ាងណា​ប្រសិនបើ​លោក​មេ​គយ សំ កុសល អនុវត្ត​ការប្រមូល​ពន្ធ​តាម​វិជ្ជាជីវៈ​ដែល​ដាក់ចេញ ដោយ​អគ្គនាយកដ្ឋាន​គយ​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​គ្មាន​ការលើកលែង ឬ​ប្រព្រឹត្ត​ពុករលួយ​នោះ គេ​មិន ដឹងថា​ប្រាក់ចំណូល​ពន្ធ​មិនដឹង​ជា​កើន​ដល់ក​ម្រឹត​ណា​នោះទេ​។ មានការ​លើក​ជា​សំណូមពរ​ថា​គួរ លោក បណ្ឌិត គុណ ញឹម ជា​អគ្គនាយក​គយ ក៏​ដូច​លោក​បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន គួរ​ផ្តើម​អនុវត្ត​គោលការណ៍​កំណែទម្រង់ លុបបំបាត់​ភាពមិនប្រក្រតី​ក្នុងការ​ប្រមូល​ពន្ធ​ចេញពី​សាខាគយ និង​រដ្ឋាករ ខេត្តកោះកុង​ដើម្បី​ឆ្លើយតប​នូវ​ការអនុវត្ត​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​៕

KA-18-07-2016-25

​​លោក​បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន