នាង​មិន​ព្រម​ម៉ាស្សា​ផ្តេសផ្តាស ថៅកែចិន​មិន​បើក​ប្រាក់ខែ​ហើយ​ដេញ​ឲ្យ​មក​ប្ដឹង​ទៀត

នាង​មិន​ព្រម​ម៉ាស្សា​ផ្តេសផ្តាស ថៅកែចិន​មិន​បើក​ប្រាក់ខែ​ហើយ​ដេញ​ឲ្យ​មក​ប្ដឹង​ទៀត



រាជធានី​ភ្នំពេញ ៖ នារី​បម្រើ​ការងារ​ផ្នែក​កក់សក់ និង​លាងមុខ​នៅ​ក្នុង​ហាង​ម៉ាស្សា យីហោ ម៉ី​ស៊ី​ជិន បាន​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​រក​យុត្តិធម៌ ដោយ​រូប​នាង​បាន​អះអាង​ប្រាប់​អាជ្ញាធរ​ថា នាង​ជា​បុគ្គលិក​ផ្នែក​កក់សក់ និង​លាងមុខ ប៉ុន្តែ​ត្រូវ​បាន​ថៅកែ​ជនជាតិ​ចិន ប្រើ​ខុស​ជំនាញ​ឲ្យ​នាង​ទៅ​ម៉ាស្សា​មួយ​តង់​ទៀត ។

ដោយ​នាង​មិន​អាច​ធ្វើ​អ្វី​តាម​ភ្ញៀវ​កុំម៉ង់​ឲ្យ​ធ្វើ​បាន ជា​ពិសេស​មិន​អាច​ទទួល​នូវ​ការ​ប្រមាថ​ពី​សំណាក់​ភ្ញៀវ និង​ការ​បង្ខំ​ឲ្យ​នាង​ធ្វើ​ផ្ដេសផ្ដាស​បាន​នោះ ថៅកែ​បាន​ស្ដីបន្ទោស​ឱ្យ​ជា​បន្តបន្ទាប់ ហើយ​នាង​ក៏​បាន​សុំ​ឈប់ ព្រោះតែ​នាង​មិន​អាច​ធ្វើការ​ខុស​ជំនាញ ក្រៅពី​ផ្នែក​កក់សក់ និង​លាងមុខ​បាន ហើយ​នៅ​មុន​ពេល​សុំ​ឈប់ នាង​បាន​ជូនដំណឹង​ទៅ​ថៅកែ​រយៈពេល​ជាង​១០​ថ្ងៃមុន ​ទៅ​តាម​ច្បាប់​ការងារ​ហាង​នោះ​។

លុះ​ពេល​នាង​បើក​លុយ ថៅកែ​មិន​ព្រម​បើក​ឲ្យ មិនតែប៉ុណ្ណោះ ទាំង​ថៅកែ​ជនជាតិ​ចិន និង​អ្នកបកប្រែ រួម​ទាំង​មេការ​ជា​ជនជាតិ​ខ្មែរ​គ្នា​ឯង បាន​ចំអក​ចាក់​បណ្ដា​យ​ឲ្យ​នាង​ថា ប្ដឹង​«​អ្នក​ណា​» ក៏​ប្ដឹង​ទៅ ទើប​នាង​សម្រេចចិត្តរ​ត់រក​ឲ្យ​អាជ្ញាធរ​ជួយ ។

ស្ត្រី​រូប​នេះ​ឈ្មោះ លឹ​ម ចន្ទី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សាមគ្គី​៤ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​សាលាសង្កាត់​ចោម​ចៅ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៤ សីហា ។ នារី​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ដឹង​ថា នាង​គឺជា​បុគ្គលិក​ផ្នែក​កក់សក់ និង​លាងមុខ​នៅ​ក្នុង​ហាង​នោះ មិនមែន​ជា​បុគ្គលិក​ផ្នែក​ម៉ាស្សា​នោះ​ឡើយ លុះ​ពេល​ដែល​នាង​ធ្វើ​មិន​បាន​ថៅកែ​រករឿង ទើប​នាង​សុំ​ឈប់ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​ពេល​កំណត់​ឈប់ នាង​សុំ​បើកប្រាក់​ឈ្នួល​១៨០​ដុល្លារ ត្រូវ​ថៅកែ​មិន​ព្រម​បើក​ឲ្យ និង​បាន​រួមដៃគ្នា​ជាមួយ​អ្នកបកប្រែ និង​មេការ​ដែល​ជា​ជនជាតិ​ខ្មែរ​ជំរុញ​ឲ្យ​នាង​ប្ដឹង ដោយ​និយាយ​ថា អត់​បើក​ឲ្យ​ទេ ចង់ទៅ​ប្ដឹង​អ្នក​ណា​ក៏​ប្ដឹង​ទៅ ។ នាង​ធ្វើការ​នៅ​ទីនោះ​បាន​រយៈពេល​២​ខែ​ប៉ុណ្ណោះ ហើយ​នាង​ទើប​បើក​លុយ​បាន​១​ខែ​មុន​ទេ នៅ​សល់​១​ខែ​ចុង​ក្រោយ​នេះ ថៅកែ​មិន​ព្រម​បើក​ឲ្យ និង​បង្ខំ​ឲ្យ​ប្ដឹង​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​នាង​មានការ​ឈឺចិត្ត​ខ្លាំង​ណាស់ ទើប​សម្រេចចិត្ត​ទៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​។ មិនតែប៉ុណ្ណោះ កន្លង​មក​ក៏​មាន​ស្ត្រី​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ហាង​នោះ​ធ្លាប់​មាន​បញ្ហា​ដូច​នាង​ដែរ គេ​និយាយ​ប្រាប់​ថា ទីនោះ​មាន​បញ្ហា​មិន​ចេះ​ចប់​ទេ ប៉ុន្តែ​នាង​មិន​ជឿ ទើបតែ​ពេល​នេះ​រឿង​ធ្លាក់​មក​លើ​ខ្លួនឯង​ទើប​ស​ភ្នែក ។

មន្ត្រី​សាលាសង្កាត់​ចោម​ចៅ​បាន​ឲ្យ​ដឹង​ថា បាន​ទទួល​ពាក្យបណ្ដឹង​របស់​ស្ត្រី​ខាងលើ​នោះ​រួច​ហើយ ហើយ​ក៏​បាន​ធ្វើ​លិខិត​អញ្ជើញ​ថៅកែ​ហាង​នោះ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​ដើម្បី​ដោះស្រាយ​គ្នា​នៅ​វេលា​រសៀល​ថ្ងៃ​ទី​៥ សីហា ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា ថៅកែ​នោះ​ព្រម​ចូលខ្លួន​ទៅ តាម​ការ​កំណត់​ឬ​យ៉ា​ង​ណា​នោះ​ឡើយ ៕