កា​ដុម​ឆែប​! មើល​ផ្ទះ​លោក​នាយទាហាន​ព្រំដែន

ខេត្តមណ្ឌលគិរី ៖ ឈើ​ប្រណីត​ចំនួន​៩០​ដុំ​ទៀត​ហើយ ត្រូវ​បាន​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា លោកជុ​យ សុ​ឃាង នាំ​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ក្រោយ​ពី​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ​របស់​លោកឆាយ វ៉ា​ត ជា​នាយទាហាន​នៅ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១០៣ កងអនុសេនាធំ​លេខ​២ ស្ថិត​ក្នុងភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ដែល​បាន​លាក់​ទុក​ឈើ​ប្រណីត​ជា​ច្រើន​ដុំ ដើម្បី​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាម ។

ប្រតិបត្តិការ​នេះ ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក សូ សុវិជ្ជា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ដោយ​មានការ​ចូលរួម​ពី​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មួយ​ចំនួន ។ បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា លោក ឆាយ វ៉ា​ត គឺជា​ឈ្មួញ​រកស៊ី​ឈើ​ជា​យូរ​ឆ្នាំ​មក​ហើយ  ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​ធ្លាប់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​បាន​ឈើ​ប្រណីត​ដែល​លាក់​ទុក​នៅ​ក្នុងផ្ទះ​លោក ឆាយ វ៉ា​ត ជា​ច្រើន​ដុំ​ដែរ ។

ប្រជាពលរដ្ឋ​បាន​បន្ត​ថា លោក ឆាយ វ៉ា​ត តែងតែ​បង្ក​បញ្ហា​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជា​ញឹកញាប់ ដោយសារ​ពេល​រកស៊ី​ឈើ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ប្រមាញ់ ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៤ សីហា កម្លាំង​សមត្ថកិច្ច​ខាងលើ​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ លោក ឆាយ វ៉ា​ត ប្រមូល​បាន​ឈើ​ប្រណីត​ចំនួន​៩០​ដុំ តែបើ​គិត​ជា​ម៉ែត្រគូប​នៅ​មិន​ទាន់​ដឹង​នៅឡើយ ដោយសារ​ខាង​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា មិន​ទាន់​ធ្វើការ​វាស់វែង ៕