លោកតា​ផ្លុ​ង មឿ​ក និង​លោក​កុ​ល សែ​ម ទទួល​បានការ​ឧបត្ថម្ភ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

រាជធានី​ភ្នំពេញ ៖ អ្នកសិល្បៈ​ជើង​ចាស់​២​រូប​គឺ​លោកតា​ផ្លុ​ង មឿ​ក និង​លោក​កុ​ល សែ​ម បាន​ទទួល​អំណោយ​ជា​ប្រាក់ និង​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុង​ពេល​ដែល​ពួក​គាត់​កំពុង​ញាំញី​ដោយ​ជំងឺ និង​មានការ​ខ្វះខាត ។

អំណោយ​ទាំងនោះ​ត្រូវ​បាន​ប្រគល់​ជូន​តាម​រយៈ​លោក​ជំទាវ​ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១​កាកបាទក្រហមកម្ពុជា កាលពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ ។ លោកតា​ផ្លុ​ង មឿ​ក ទទួល​បាន​ប្រាក់​៥​លាន​រៀល ផ្លែ​ឈើ​និង​គ្រឿង​ឧបភោគ​-​បរិភោគ​មួយ​ចំនួន ។
ចំណែក​លោក​កុ​ល សែ​ម វ័យ​៧៤​ឆ្នាំ ជា​អ្នកចម្រៀង​ម្ចាស់​បទ «​ស្រី​ខ្មៅ​មាសបង ឬ​មាន់រងាវ​» ដែល​មាន​ជំងឺលើសឈាម និង​ខូច​តម្រងនោម បាន​ទទួល​អំណោយ​ចំនួន​១០​លាន​រៀល ។

នា​ឱកាស​នោះ លោក​ជំទាវ​អគ្គលេខាធិការ​រង​ទី​១ បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹក​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រា​៉​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល​សម្តេច​តែង​យកចិត្តទុកដាក់​ចំពោះ​សិល្បករ ដែល​បាន​បន្សល់​ទុក​ស្នាដៃ​សិល្បៈ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​ជូនពរ​ដល់​លោក​ទាំង​ពីរ ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ ។

ជា​កិច្ច​ឆ្លើយ​តប​ក្រុម​គ្រួសារ​ទាំង​លោកតា​ផ្លុ​ង មឿ​ក និង​ភរិយា ព្រមទាំង​កូនស្រី​ពៅ និង​ភរិយា​លោក​កុ​ល សែ​ម បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​ជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ និង​បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​ពួក​គាត់ ។

សម្រាប់​លោកតា​ផ្លុ​ង មឿ​ក នេះ​ជា​លើក​ទី​៣​ហើយ ដែល​កាកបាទក្រហមកម្ពុជា បាន​ផ្តល់​អំណោយ​ជូន​គ្រួសារ​គាត់ ខណៈ​ពេល​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​ធ្លាប់​បាន​ឧបត្ថម្ភ​ប្រាក់​ផ្ទាល់ខ្លួន​ជូន​លោកតា​ផង​ដែរ ។
លោក​កុ​ល សែ​ម អតីត​ជា​តារាចម្រៀង​ជើង​ចាស់ តន្ត្រីករ​ត្រុំ​ប៉ែ​ត និង​ជា​គ្រូបង្រៀន​រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ គាត់​មានស្រុក​កំណើត​នៅ​សង្កាត់​លេខ​៦ ខណ្ឌចំការមន និង​មាន​ភរិយា​ឈ្មោះ​ពិន វ​ណ្ណី អាយុ​៦៤​ឆ្នាំ មុខរបរ​មេផ្ទះ និង​មានកូន​ប្រុស​ចំនួន​បី​នាក់ ។

តាម​សម្តី​កូនប្រុស​ឱ្យ​ដឹង​ថា ឪពុក​របស់​លោក​កើត​ក្នុង​គ្រួសារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​ជីវភាព​មធ្យម ។ ដោយសារ​តែ​ស្រលាញ់​សិល្បៈ​ពេក ឪពុក​របស់​លោក​បាន​លួចលាក់​ពី​ក្រុម​គ្រួសារ​ដើម្បី​ចូល​ប្រលូក​ក្នុង​វិស័យ​សិល្បៈ ទោះជា​មានការ​ជំទាស់​ពី​គ្រួសារ​ក៏​ដោយ ។ ដោយ​ការ​ព្យាយាម​រហូត​ដល់​អាយុ​១៩​ឆ្នាំ គាត់​បាន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​មួយ​នា​ឆ្នាំ​១៩៦៥​។ នៅ​ពេល​នោះ​គាត់​បាន​ច្រៀង​បទ​មួយ​ដែល​ធ្វើ​ឱ្យ​ស្រទាប់​មហាជន​ស្គាល់​គ្រប់​គ្នា គឺ​បទ «​ស្រី​ខ្មៅ​មាសបង​» ដែល​សព្វ​ថ្ងៃនេះ​គេ​និយម​ហៅ​បទ «​មាន់រងាវ​»​។ លោក​កុ​ល សែ​ម បាន​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​អស់​រយៈពេល​១៥​ឆ្នាំ ទើប​ហាត់​ត្រុំ​ប៉ែ​ត ហើយ​ចូល​ជា​សមាជិក​ក្រុម​តន្ត្រី​មួយ​ប្រចាំ​នៅ​សណ្ឋាគារ​កាំ​ប៊ូ​ឌី​យ៉ា​ណា និង​តន្ត្រី​រដ្ឋធានី ក្នុង​ឆ្នាំ​១៩៨០ ។

ក្រោយមក​លោក​កុ​ល សែ​ម បាន​ចាក​ចេញពី​វិស័យ​តន្ត្រី ហើយ​ចូល​ធ្វើ​ជា​គ្រូបង្រៀន​នៅ​សាលា​មួយ​ឯ​សៀមរាប​កន្ទួត ។
ថ្ងៃ​រំដោះ​៧ មក​រា ១៩៧៩ ជា​ថ្ងៃ​ដែល​ប្រជាជន​ខ្មែរ​ទាំងអស់​មានជីវិត​ទី​ពីរ ហើយ​គ្រួសារ​របស់​លោក​កុ​ល សែ​ម បាន​នាំ​គ្នា​ទៅ​រស់នៅ​ក្រោយ​វត្ត​លង្កា ។ លោក​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រសួងការបរទេស ហើយ​បាន​ធ្វើ​ជា​អ្នកបកប្រែ​ភាសា​ជូន​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ។ក្រោយមក​គាត់​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​សាលា​វិចិត្រសិល្បៈ​រហូត​ដល់​ចូល​និវត្តន៍ ។
អាយុ​៧១​ឆ្នាំ លោក​កុ​ល សែ​ម មាន​ជំងឺលើសឈាម តែ​ពេល​នោះ​អាការ​របស់​គាត់​មិន​ទាន់​ទ្រុឌទ្រោម​នៅឡើយ​ទេ ។ ទើបតែ​ពាក់កណ្ដាល​ខែកក្កដា ឆ្នាំ​២០១៦​នេះ សភាព​ជំងឺ​របស់​លោក​កុ​ល សែ​ម កាន់តែ​ទ្រុឌទ្រោម​ខ្លាំង​ធ្វើ​ឱ្យ​គាត់​សម្រេចចិត្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់​អង្គការ «​ហូប​» តែ​ដោយសារ​តែ​សភាព​ជំងឺ​ធ្ងន់​ឡើង ទើប​មន្ទីរពេទ្យ​នោះ​ឱ្យ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរ ពេទ្យ​ព្រះ​កុស​មៈ នៅ​ថ្ងៃ​សៅរ៍ ទី​២៩​ខែកក្កដា ឆ្នាំ​២០១៦ ។

ក្រោយ​ពី​ពិនិត្យ​រួច គ្រូពេទ្យ​រក​ឃើញ​លោក​កុ​ល សែ​ម មាន​ជំងឺ​ពីរ​មុខ​បន្ថែម​លើ​ជំងឺ​ចាស់ គឺ​ខ្សោយតម្រងនោម និង​ខ្សោយ ក្រលៀន ។សប្បុរសជន​អាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​លេខ ០១៥ ៤៥ ៥៧ ០២ ដើម្បី​ជួយ​ឧបត្ថម្ភ​លោក​កុ​ល សែ​ម ៕