កងទ័ពស៊ីរីបើកប្រតិបត្តិការក្តៅគគុក ផ្តាច់ជីវិតពួក ISIS ចំនួន១៥០នាក់ភ្លាមៗនៅភាគខាងកើត

(ដាម៉ាស់)៖ កងទ័ពរដ្ឋាភិបាលស៊ីរី បានបើកការប្រយុទ្ធយ៉ាងក្តៅគគុក ទៅលើមូលដ្ឋានស្នូលរបស់ក្រុមសកម្មប្រយុទ្ធ ISIS នៅពាសពេញខេត្ត Deir al-Zour ភាគខាងកើតប្រទេស បានបណ្តាលឲ្យកងកម្លាំង ISIS ចំនួន១៥០នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០១៦។

តំបន់ដែលកងទ័ពស៊ីរីធ្វើការវាយសម្រុកខ្លាំងជាងគេ នៅថ្ងៃសុក្រនេះ គឺនៅស្រុក Ta Bruk ជាយខេត្ត Deir al-Zour ដើម្បីជាការឆ្លើយតបទៅនឹងក្រុម ISIS ដែលតែងតែធ្វើការវាយប្រហារ ទៅលើមូលដ្ឋានរបស់រដ្ឋាភិបាល នៅក្នុងខេត្តភាគខាងកើត ដែលសំបូរដោយប្រេង របស់ប្រទេសស៊ីរីមួយនេះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ យន្តហោះរបស់រុស្ស៊ី ក៏ធ្លាប់ហោះមកកាន់តំបន់ខាងលើ ដើម្បីទម្លាក់ចំណីអាហារដល់ប្រជាជន ដែលកំពុងជាប់គាំង ក្នុងសង្គ្រាមផងដែរ។ Deir al-Zour ត្រូវបានចាត់ទុក ជាទីតាំងសរសៃឈាមដ៏សំខាន់របស់ ISIS ដោយសារតែវាជាកន្លែងផ្សាភ្ជាប់ទៅកាន់ ទឹកដីអ៊ីរ៉ាក់ ដែលពួកគេកំពុងឈរជើងយ៉ាងរឹងមាំនោះ៕

ប្រភព៖ freshnewsasia


Related Posts