អំពើ​រំលោភ​ដីធ្លី​ក្នុងស្រុក​បរ​កែវ ខេត្តរតនគិរី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​

ករណី​អ្នកមាន​លុយ អ្នកមានអំណាច ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ ខេត្តរតនគិរី រំលោភបំពាន​លើដី​ធ្លី​ជនជាតិដើម​ភាគតិច កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​យ៉ាង​ពេញបន្ទុក​។ ហេតុនេះហើយ​ទើប​ជនជាតិដើម​ភាគតិច​ក្នុងភូមិ​ប៉ាណ​ល ឃុំ​ទីង​ចាក់ រាប់រយ​គ្រួ​សារបាន​អំពាវនាវ​ឲ្យ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើ​រំលោភបំពាន​លើ​ដីធ្លី​របស់​ពួកគាត់​តទៅទៀត​។ ទន្ទឹមនឹងនេះ​ជនជាតិដើម​ភាគតិច​ក្នុង​ឃុំ​ទីង​ចាក់ ក៏​ស្វែងរក​អន្តរាគមន៍​ពី​តំណាងរាស្ត្រ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អ្នកមាន​លុយ អ្នកមានអំណាច ឆក់​ប្លន់​ដីធ្លី​របស់​ពួកគាត់​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​ភូមិ​បាណ​ល ឃុំ​ទីង​ចាក់ បាន​សម្ដែង​នូវ​ការភ័យខ្លាច​បាត់បង់​ដីធ្លី​ដោយសារ​កន្លងមក​មន្ត្រី​មានអំណាច មន្ត្រីនគរបាល​មូលដ្ឋាន និង​មន្ត្រី​សុរិយោដី​ថ្នាក់ស្រុក បាន​ឃុបឃិត​គ្នា​ចុះ​វាស់វែង​បោះបង្គោល​នៅលើ​ដីស្រែ​ចម្ការ​អ្នកភូមិ​ដែល​កំពុង​រស់នៅ និង​ប្រកប​របរ​កសិកម្ម​។ ក្រោយពេល​ប្រឈម​នឹង​ផលប៉ះពាល់​ទើប​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែសីហា តំណាង​អ្នកភូមិ​ប៉ាណ​ល បាននាំគ្នា​ស្វែងរក​អន្តរាគមន៍​ពី​តំណាងរាស្ត្រ និង​មន្ត្រី​សិទ្ធិមនុស្ស​ក្នុង​ខេត្តរតនគិរី ឲ្យ​ជួយ​រក​យុត្តិធម៌​និង​ការពារ​សិទ្ធិ​ដីធ្លី​ដល់​ពួកគាត់​ដែលជា​ជនជាតិដើម​ភាគតិច​។ បញ្ហា​នេះ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​គួរ​ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មន្ត្រី​មានអំណាច និង​អ្នកមាន​លុយ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។

តំណាង​ជនជាតិដើម​ភាគតិច​ភូមិ​ប៉ាណ​ល ឃុំ​ទីង​ចាក់ បាន​ឲ្យ​ដឹងថា​ពួកគាត់​បានរស់នៅ​និង​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​ក្នុង​តំបន់​នេះ​ជា​យូរ​មកហើយ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​មន្ត្រី​មានអំណាច​២​នាក់​បែរជា​មាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជាច្រើន​ប្លង់​បំពាន​មកលើ​ដីធ្លី​របស់​ពួកគាត់​។ ថ្មីៗ​នេះ​មានការ​វាស់វែង​បោះបង្គោល​ព្រំដី​នៅលើ​ដីធ្លី​ស្រែចម្ការ​ដែល​ពួកគាត់​កំពុង​រស់នៅ​និង​អាស្រ័យ​ផល​ជាក់ស្ដែង ហើយ​ក្រុមអ្នកមានអំណាច​ដែល​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន បែ​ជា​ចោទប្រកាន់ថា​ជនជាតិដើម​ភាគតិច​ភូមិ​ប៉ាណ​ល ចូលកាន់​កាប់​ដីធ្លី​របស់គេ​ទៅវិញ​។ បញ្ហា​នេះហើយ​ដែល​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តរតនគិរី ក៏ដូចជា​តំណាងរាស្ត្រ ព្រមទាំង​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​អ្នកមានអំណាច អ្នកមាន​លុយ ឃុបឃិត​គ្នា​ឆក់​ប្លន់​ដីធ្លី​របស់​ពួកគាត់​យ៉ាង​កំរោល​បន្តទៀត​៕

12620473_884097831710580_547232589_oលោក ថង សាវុន អភិបាលខេត្តរតនគិរី 7c17de77-87c9-42c2-aee0-30d223f7ede7