ប្រធាន​សាខាគយ​ខេត្តស្វាយរៀង បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត​

លោក ខៀវ សារឿន ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តស្វាយរៀង កំពុង​ល្បីល្បាញ​ខាង​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាលខ្លួន​ដោយ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ទង្វើ​មិន​ប្រក្រតី​របស់លោក ខៀវ សារឿន ប្រធាន​សាខាគយ​ខេត្តស្វាយរៀង អត្តលេខ​២៩៤ គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​តទៅទៀត​ទេ​។ ចំណែក​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​ភាពមិនប្រក្រតី​របស់លោក ខៀវ សារឿន ប្រធាន​សាខាគយ​ខេត្តស្វាយរៀង​ផងដែរ​។

សេចក្ដីរាយការណ៍​ពី​ភ្នាក់ងារ​គយ​តូចតាច​ក្នុង​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា​ក្នុង​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តស្វាយរៀង​ជាង​១​ឆ្នាំ​កន្លងទៅនេះ លោក ខៀវ សារឿន បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​ពេញបន្ទុក ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មាន​ឈ្មួញ​ជាច្រើន​នាក់​ធ្វើ​សកម្មភាព​នាំចូល​ទំនិញគេចពន្ធ​ពី​ស្រុក​យួន​ឆ្លងកាត់​ខេត្តស្វាយរៀង ហើយ​ឈ្មួញ​ដែល​ល្បីឈ្មោះ​ខ្លាំងជាងគេ គឺ​ចែ​ភី ព្រោះ​ឈ្មួញ​រូបនេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រធាន​សាខាគយ​ខេត្តស្វាយរៀង​។ មន្ត្រី​គយ​ចល័ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ហ៊ាន​ប៉ះពាល់​ទំនិញគេចពន្ធ​របស់​ចែ​ភី នោះទេ​ព្រោះ​គេ​ដឹង​យ៉ាងច្បាស់​ថា មាន​លោក ខៀវ សារឿន ជា​អ្នកសម្របសម្រួល​។​

តាម​ប្រភពពី​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​ដែល​ឈ្មួញ​នាំចូល​ពី​ស្រុក​យួន​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុង​ខេត្តស្វាយរៀង មានដូចជា​គ្រឿងសំណង់ ទំនិញ​ចាប់ហួយ ទំនិញ​ចម្រុះ គ្រឿងចក្រ គ្រឿង​អេឡិចត្រូនិក គ្រឿងបន្លាស់​រថយន្ត ម៉ូតូ ថ្នាំពេទ្យ និង​ទំនិញ​ពាក់កណ្ដាល​សម្រេច​ដែលជា​ប្រភេទ​ទំនិញ​វិនិយោគ​។ តាមរយៈ​ការបើក​ដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​បែបនេះ គឺ​លោក ខៀវ សារឿន អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ ចំណែក​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​លោក ខៀវ សារឿន ទើប​បណ្ដោយ​ឲ្យ​មេ​គយ​ខេត្តស្វាយរៀង​រូបនេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ដោយឡែក​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ឈ្មួញ​មួយចំនួន​បាន​នាំចូល​ម៉ូតូ​គេចពន្ធ​តាម​ច្រករបៀង​ពី​ស្រុក​យួន​ចូល​ខេត្តស្វាយរៀង​យ៉ាង​អនាធិបតេយ្យ ដូចជា​ម៉ូតូ​ម៉ា​វ៉េវ ម៉ាក់​RSX និង​ម៉ូតូ​ជាច្រើន​ប្រភេទ​ទៀត​។ ម៉ូតូ​គេចពន្ធ​ទាំងនោះ​ភាគច្រើន​ឈ្មួញ​នាំចូល​តាម​ច្រករបៀង​ក្នុងស្រុក​ចន្ទ្រា ហើយ​យកមក​ស្តុក​ទុក​នៅ​ស្រុក​ស្វាយទាប បន្ទាប់មក​ទើប​គេ​យកទៅ​ចែកចាយ​តាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​មួយចំនួនទៀត ហើយ​លោក ខៀវ សារឿន ប្រធាន​សាខាគយ​ខេត្តស្វាយរៀង មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ បញ្ហា​នេះហើយ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ឡើយ​៕

Moni-11លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ WAT-0508g