ក្រុម​ជនសង្ស័យ​ប្លន់​ច្រើន​ករណី ៥ នាក់​ត្រូវ​បាន​តុលាការ​ជំនុំ​ជម្រះ

ភ្នំពេញៈ យុវជនចំនួន ៥ នាក់ដែលជាប់ពាក់ព័ន្ធនឹងបទប្លន់ជាច្រើនករណីត្រូវបានសាលាដំបូងរាជធានីភ្នំពេញលើកមកជំនុំជម្រះកាលពីម្សិលមិញដោយពួកគេត្រូវបានចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោសព្រោះតែបានធ្វើឲ្យជនរងគ្រោះទទួលមរណភាព និងត្រូវប្រឈមមុខជាប់ពន្ធនាគារពី ១៥ ទៅ ៣០ ឆ្នាំ។

ជនជាប់ចោទទាំងនោះមានប្រុស ៣ នាក់ឈ្មោះ សេត ម៉ាត់រ៉ូហ្សេត អាយុ ២២ ឆ្នាំ, ឈ្មោះ ប៉ែន ចំណាប់ អាយុ ១៨ ឆ្នាំ, ឈ្មោះ អ៊ឹម សុភ័ក្រ អាយុ ២៣ ឆ្នាំចំណែកស្ត្រី ២ នាក់មានឈ្មោះ ពេជ្រ សូណែត អាយុ ២២ ឆ្នាំ និងឈ្មោះ ញ៉ែម កន្និដ្ឋា អាយុ ២០ ឆ្នាំ។ ៤ នាក់ក្នុងចំណោមពួកគេត្រូវបានចាប់ខ្លួននៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៥ ចំណែកម្នាក់ទៀតឈ្មោះ អ៊ឹម សុភ័ក្រ ត្រូវបានចាប់ខ្លួនមួយខែក្រោយមក។ ពួកគេទាំងអស់គ្នាគឺជាបក្ខពួកក្រុមចោរប្លន់ដែលប៉ូលិសបានបាញ់ស្លាប់ ២ នាក់នៅភ្នំប្រសិទ្ធិ៍កាលពីឆ្នាំមុន។

បើតាមអង្គហេតុកាលពីព្រលឹមថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៥ ក្រុមចោរមួយក្រុមបានប្លន់បាញ់ជនរងគ្រោះឈ្មោះ ឌិន តារារិទ្ធិ អាយុ ២១ ឆ្នាំចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងក្នុងខណ្ឌទួលគោកដើម្បីយកម៉ូតូម៉ាក ឌ្រីមស៊េរី ២០១៥។ ក្រោយមកប៉េអឹមបានតាមចាប់ជនសង្ស័យបានទាំងអស់ដែលមានឈ្មោះដូចខាងលើ។

នៅក្នុងសវនាការជនជាប់ចោទ សេត ម៉ាត់រ៉ូហ្សេត បានបដិសេធថាមិនបានពាក់ព័ន្ធនឹងការប្លន់ម៉ូតូកាលពីថ្ងៃទី ១១ ធ្នូនោះទេ។ ម៉ាត់រ៉ូហ្សេត ថាគេបាននៅផ្ទះជួលជាមួយនឹងឈ្មោះ ប៉ែន ចំណាប់។

ទោះបីយ៉ាងណាពួកគេបានឆ្លើយដូចគ្នាថានៅម៉ោង ៧ ព្រឹកក្នុងថ្ងៃនោះមានមនុស្ស ៣ នាក់ក្នុងនោះមានស្ត្រីឈ្មោះ ពេជ្រ សូណែត ផងបានយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ២០១៥ ទៅផ្ញើនៅផ្ទះជួលពួកគេរួចក៏ចេញទៅបាត់។ ក្រោយមកពួកគេក៏ត្រូវបានអាវុធហត្ថចាប់ខ្លួន។

ចំណែក ប៉ែន ចំណាប់ និយាយថាតាមការឆ្លើយរបស់ខ្លួនសមត្ថកិច្ចបានបន្តចាប់មនុស្ស ៤ នាក់ទៀតនៅភ្នំប្រសិទ្ធិ៍ក្នុងខណ្ឌព្រែកព្នៅដោយសារគេបានឮអ្នកទាំង ៣ នាក់និយាយពេលយកម៉ូតូមកទុកថាពួកគេទៅភ្នំប្រសិទ្ធិ៍។

នៅពេលនាំសមត្ថកិច្ចទៅដល់ទីនោះអាវុធហត្ថបានបាញ់តដៃជាមួយក្រុមជនសង្ស័យ ២ នាក់រហូតដល់ស្លាប់ឈ្មោះ ម៉ី និងឈ្មោះ លីម។ ឈ្មោះ ម៉ី គឺជាសង្សាររបស់ ពេជ្រ សូណែត រីឯ ឈ្មោះ លីម ជាសង្សាររបស់ ញ៉ែម កន្និដ្ឋា។ ពេជ្រ សូណែត និង ញ៉ែម កន្និដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅទីនោះ។

ពេជ្រ សូណែត ដែលជាសង្សារ និងមានកូនតូចមួយជាមួយឈ្មោះ ម៉ី ដែលប៉េអឹមបាញ់សម្លាប់បានបីកូនទើបកើតរបស់ខ្លួនក្នុងសាលសវនាការដើម្បីឆ្លើយនឹងសំណួររបស់ចៅក្រម។ គាត់និយាយថា៖ «ពេលប៉េអឹមទៅដល់សង្សារខ្ញុំបានដឹកដៃរត់គេចខ្លួនតែខ្ញុំដួលហើយត្រូវប៉ូលិសចាប់។ ចំណែកសង្សារឮប៉េអឹមថាបានបាញ់តដៃហើយត្រូវបានសម្លាប់»។

ចំណែក ញ៉ែម កន្និដ្ឋា និយាយថាពេលសមត្ថកិច្ចទៅដល់ជន ៣ នាក់ទៀតបានរត់គេចតែគាត់មិនរត់ទេដោយសារមិនបានធ្វើអ្វីខុស៖ «ខ្ញុំឈរឲ្យគាត់ចាប់ព្រោះអត់បានធ្វើអីខុសផង។ ក្រោយមកប៉េអឹមនិយាយថា ម៉ី និង លីម បានបាញ់តដៃតែខ្ញុំមិនដឹងថាគាត់មានកាំភ្លើងទេ»។

ជនជាប់ចោទ អ៊ឹម សុភ័ក្រ និយាយថាគេមិនបានជាប់ពាក់ព័ន្ធក្នុងករណីប្លន់នេះទេប៉ុន្តែបានសារភាពថាធ្លាប់បានជិះម៉ូតូជាមួយឈ្មោះ ប៉ែន ចំណាប់ ពេលបក្ខពួករបស់ចំណាប់ប្លន់ម៉ូតូមួយគ្រឿងនៅជិតធនាគារកាណាឌីយ៉ានៅមុនថ្ងៃ ១១ ធ្នូ។

តុលាការក៏បានចោទប្រកាន់លើមនុស្សម្នាក់ទៀតឈ្មោះ អេង អារីពីន ថាជាបក្ខពួកក្រុមចោរប្លន់នេះផងដែរ។

លោកចៅក្រម ហេង កេសរោ បានថ្លែងថាជនសង្ស័យ ប៉ែន ចំណាប់ មានជាប់ពាក់ព័ន្ធនឹង ៩ ករណីផ្សេងទៀតចំណែក សេត ម៉ាត់រ៉ូហ្សេត មានជាប់ពាក់ព័ន្ធនឹង ៨ ករណីផ្សេងផងដែរ។ លោកបន្ថែមថាសូម្បីតែម៉ូតូដែលពួកគេបានជិះទៅភ្នំប្រសិទ្ធិ៍ក៏សង្ស័យថាបានមកពីការប្លន់ដែរ។

ក្រោយពេលសួរដេញដោលជនជាប់ចោទទាំង ៥ នាក់រួចមកមេធាវីរបស់ពួកគេបានសុំឲ្យតុលាការដោះលែងពួកគេ។ ប៉ុន្តែព្រះរាជអាជ្ញា សេង ហៀង រក្សាបទចោទដដែល។ សាលក្រមនៃសំណុំរឿងនេះនឹងប្រកាសនៅថ្ងៃទី ១២ ខែសីហា៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts