យុវសិស្ស ​មកពី​ខេត្ត​ឆ្លៀត​រក​ការងារ​ធ្វើ​ផង រៀន​ផង

យុវសិស្ស ​មកពី​ខេត្ត​ឆ្លៀត​រក​ការងារ​ធ្វើ​ផង រៀន​ផង

 

យុវសិស្ស​មួយ​ចំនួន មកពី​តាម​បណ្ដា​ខេត្ត​នានា ដែល​កំពុង​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ នៅក្នុង​រាជធានី​ភ្នំពេញ បាន​ឆ្លៀតពេល​រក​ការងារ​ក្រៅ​ម៉ោង។ ពោល​គឺ​ធ្វើការ​បណ្ដើរ រៀន បណ្ដើរ។

 

ការងារ​ក្រៅ​ម៉ោង​នោះ គឺ​ទទួល​បាន​ប្រាក់ខែ​ប្រមាណ​តែ ៤០ ដុល្លារ ទៅ ៥០ ដុល្លារ ហើយ​អ្នកខ្លះ អាច​ទទួល​បាន​ប្រាក់ខែ​ជាង ១០០ ដុល្លារ។ យុវនិស្សិត​ខ្លះ បាន​ធ្វើ​ការងារ​ជា​អ្នក​រត់​តុ នៅ​តាម​ភោជនីយដ្ឋាន ហាង​កាហ្វេ នា​ពេល​ល្ងាច រហូតដល់​យប់។

 
យុវសិស្ស ​មកពី​ខេត្ត​ឆ្លៀត​រក​ការងារ​ធ្វើ​ផង រៀន​ផង

 

 

រីឯ​អ្នក​ខ្លះ​ទៀត រក​បាន​ការងារ​ផ្នែក​រដ្ឋបាល នៅ​តាម​អង្គការក្រៅរដ្ឋាភិបាល ឬក៏​ក្រុមហ៊ុន​ឯកជន ហើយ​ឆ្លៀត ពេល​រៀន​ថ្នាក់​មហាវិទ្យាល័យ នៅ​ពេល​ល្ងាចៗ ឬក៏​រៀន​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចុង​សប្ដាហ៍ ជាដើម។

 

យ៉ាងណាក៏ដោយ ចំណូល ដែល​បាន​មកពី​ការងារ​នោះ គឺ​គ្រាន់តែ​ជួយ​សម្រាល​បន្ទុក​ក្រុម​គ្រួសារ ១ផ្នែក​ ប៉ុណ្ណោះ។ រីឯ​ថ្លៃ​បង់លុយ​រៀន នៅតែ​ត្រូវការ​ពី​ឪពុកម្ដាយ នៅ​ឯ​ស្រុកកំណើត​ ដដែល។

 

ស្រី​ណែ​ត ជា​និស្សិត មកពី​ខេត្ត កំពង់ចាម រៀន​នៅ​មហាវិទ្យាល័យ​ច្បាប់ ក្នុង​រាជធានី​ភ្នំពេញ។ នាង​ក៏បាន​បម្រើការ​ងារ​ជា​អ្នក​រត់​តុ ក្នុង​ភោជនីយដ្ឋាន​មួយ នៅ​ភ្នំពេញ នា​ពេល​ល្ងាច។ នាង​បាន​ទៅ​រៀន មហាវិទ្យាល័យ ឆ្នាំ​ទី២ នៅ​ពេល​ព្រឹកៗ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ។ ចំណែក​ប្រាក់ខែ​របស់​នាង គឺ​ទទួល​បានតែ ៦០ ដុល្លារ គ្រាន់តែ​នឹង​ចាយ​ប្រចាំថ្ងៃ និង​ថ្លៃឈ្នួល​ផ្ទះ​ប៉ុណ្ណោះ។

 

ចំណែក​យុវជន ទូច គឹម​ហ័​រ ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ ក្នុង​រាជធានី​ភ្នំពេញ។ យុវជន​នេះ បាន​ធ្វើ​ការងារ​នៅ​ធនាគារ​អេស៊ីលីដា។ យុវជន គឹម​ហ័​រ ឆ្លៀត​រៀន​បណ្ដើរ ធ្វើការ​បណ្ដើរ។ ប៉ុន្តែ​ការសិក្សា​របស់​ខ្លួន មិនសូវ​ជា​ពូកែ​ទេ ព្រោះ​គេ​រវល់​នឹង​ការងារ ជា​សន្តិសុខ នៅ​ធនាគារ អេស៊ីលីដា ច្រើនពេក។ រីឯ​ប្រាក់ខែ គ្រាន់តែ​ចាយ​ខ្លួនឯង​ប៉ុណ្ណោះ។ “ចំណូល​មិន​ច្រើន តែ​សំខាន់​រៀន​ផង​ធ្វើ​ការ​ផង​ គឺ​ទទួល​​បាន​បទ​ពិសោធន៍។”
 

អត្ថបទ៖ CCJ