ល្បី​រឿង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី ឈ្មោះ សេង វាសនា រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​

ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តរតនគិរី កំពុង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​រឿង​លោក​ស័ក្ដិ​៤ សេង វាសនា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី រកស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ហើយ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្តរតនគិរី និង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាប​រថយន្ត​ឡង់​គ្រឺ​ស័​រ​ដឹកឈើ​ប្រណីត កាលពី​វេលា​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦​។ ការបង្ក្រាប​នោះ​ធ្វើឡើង​នៅ​ចំណុច​ភ្នំ​កូន​សេក ភូមិ​តា​អងកា​តែ ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី ពេលដែល​រថយន្ត​ឡង់​គ្រឺ​ស័​រ​ដឹកឈើ​ប្រណីត​ពេញ​សំដៅ​ចូល​ក្រុង​បាន​លុង​។ សកម្មភាព​របស់លោក​ស័ក្ដិ​៤ សេង វាសនា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល ដូច្នេះ​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គួរ​ចាត់វិធានការ​តាមច្បាប់​ជាបន្ទាន់​។

ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​រថយន្ត​ឡង់​គ្រឺ​ស័​រដឹក​ជញ្ជូន​ឈើ​ប្រណីត​របស់លោក​ស័ក្ដិ​៤ សេង វាសនា បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល​រូបនេះ​គឺជា​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ប្រណីត​ជា​យូរ​មកហើយ​ដោយមាន​កា​រ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ប៉ុន្តែ​ទំនងជា​លោក​ស័ក្ដិ​៤ សេង វាសនា មើលរំលង​កម្លាំង​អាវុធហត្ថ​ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៦​។ ការបង្ក្រាប​រថយន្ត​ឡង់​គ្រឺ​ស័​រដឹក​ឈើ​ប្រណីត​របស់លោក​ស័ក្ដិ​៤ សេង វាសនា ធ្វើ​ឲ្យ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្តរតនគិរី មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះ​មន្ត្រី​ដែលមាន​តួនាទី​បង្ក្រាប​បទល្មើស​បែ​រ​ជា​ប្រព្រឹត្ត​បទល្មើស​ដោយ​ខ្លួនឯង​យ៉ាង​គឃ្លើន​។

ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ការដែល​លោក​ស័ក្ដិ​៤ សេង វាសនា ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺអាច​មានការ​ឃុបឃិត​ពី​លោក នូវ ដា​រ៉ា ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ផងដែរ​។ ជាពិសេស​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី គួរពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់​ចំពោះ​ករណី​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដោយ​ប្រើប្រាស់​អំណាច​និង​តួនាទី​ទៅរក​ស៊ី​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​យ៉ាង​ទទឹងទិស​។ មជ្ឈដ្ឋាន​នានា​រង់​ចាំមើល​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ទៅលើ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ គឺ​លោក​ស័ក្ដិ​៤ សេង វាសនា ព្រោះ​ឈ្មួញ​រូបនេះ​ធ្វើ​សកម្មភាព​ច្រើន​ឆ្នាំ​មកហើយ មិន​ដែលមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ​។ ទោះជា​យ៉ាងណា​នៅ​ទីបំផុត​កម្លាំង​អាវុធហត្ថ​ខេត្តរតនគិរី និង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាត់វិធានការ​បង្ក្រាប​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ខេត្ត​រតនគីរី​តែម្តង​៕

249_ratanakirypl07-04-15-002លោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី  fn-2016-08-05-15-22-21-0 Pic169រថយន្តដឺកឈើប្រណីតដែលត្រូវកម្លាំងអាវុធហត្ថបង្ក្រាប