លោក យ៉ាន់ ស៊ី​វ៉ា​ត់ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ កំពុង​កាក់កប​ក្នុងការ​ប្រមូល​លុយ​ពី​ឈ្មួញ​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹងថា​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ តាម​រថយន្ត​គ្រប់​ធុន​ឆ្លងកាត់​ស្រុក​ស្វាយ​លើ ចូល​ក្រុង​សៀមរាប នៅតែ​បន្ត​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប​សង្ស័យថា លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប គឺជា​អ្នក​បើកដៃ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ទើប​លោក យ៉ាន់ ស៊ី​វ៉ា​ត់ ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ស្រុក​ស្វាយ​លើ ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តសៀមរាប មិន​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹងថា​មាន​ឈ្មួញ​ធំៗ​២​នាក់​កំពុង​ប្រើប្រាស់​រថយន្ត​កូរ៉េ​កែច្នៃ រថយន្ត​សាំ​យ៉ុង និង​រថយន្ត​នីសា​ន់​ជាដើម ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ស្រុក​ស្វាយ​លើ​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​។ ឈ្មួញ​ទាំង​២​នាក់​នោះ​មានឈ្មោះ វណ្ណៈ ហៅ​ពៅ​ប្រជ្រុយ និង​ឈ្មោះ ថា ដែល​សុទ្ធតែជា​ឈ្មួញ​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្តព្រះវិហារ ចូលមក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប ជាច្រើន​ឆ្នាំ​មកហើយ​។ ជួនកាល​ឈ្មួញ​ទាំង​២​នាក់​នេះ ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ស្វាយ​លើ ស្រុក​សូទ្រនិគម និង​ស្រុក​ប្រាសាទបាគង យ៉ាង​អនាធិបតេយ្យ​មិន​ដែលមាន​សមត្ថកិច្ច​ណាប​ង្ក្រា​ប​នោះទេ​។

ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ស្វាយ​លើ ធ្លាប់បាន​បង្ហើប​ប្រាប​គ្នីគ្នា​របស់ខ្លួន​ថា បើ​មិន​បង់លុយ​ឲ្យ​លោក យ៉ាន់ ស៊ី​វ៉ា​ត់ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ​តាម​កាលកំណត់​ទេនោះ គឺ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ចៀស​មិន​ផុត​ឡើយ​។ មានន័យថា​ការដែល​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ស្រុក​ស្វាយ​លើ យ៉ាង​ពេញបន្ទុក​នាពេល​បច្ចុប្បន្ន​នេះ គឺមាន​ការឃុបឃិត​ជាមួយ​លោក យ៉ាន់ ស៊ី​វ៉ា​ត់ និង​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ លើស​នេះ​ទៅទៀត​ប្រជាពលរដ្ឋ​នៅ​ឃុំ​បេង​មាលា ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹងថា​លោក យ៉ាន់ ស៊ី​វ៉ា​ត់ មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ទៀតផង​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ស្វាយ​លើ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ឡើយ​៕

Pic170 Pic171 Image2-1 Image3-1