លោក អេង ឆៃអ៊ាង បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រំពឹង​លើ​ការចរចា​នយោបាយ​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង នៅ​ចុង​សប្តាហ៍​នេះ​បាន​បញ្ជាក់ថា បើទោះជា​កន្លងមក​គណ​បក្ស​ប្រជាជន​កម្ពុជា​កម្ពុជា​បានបង្ហាញ​គោលជំហរ​មិន​ចរចា​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ស្របតាម​វប្បធម៌​សន្ទនា​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រំពឹង​លើ​ការចរចា​នយោបាយ​អាច​នឹង​កើតឡើង​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្សជំទាស់​នៅតែ​ចង់​ជួបចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្សកាន់អំណាច​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​។ យ៉ាងណាក្តី លោក អេង ឆៃអ៊ាង បាន​សង្កត់ធ្ងន់ថា ថ្មីៗ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ទាក់ទង​ទៅ​បក្ស​កាន់អំណាច​ជាថ្មី ដើម្បី​ចរចា​ទេ​បន្ទាប់ពី​ការស្នើសុំ​លើក​មុន​មិន​ទទួលបាន​ការឆ្លើយតប​ជា​វិជ្ជមាន​នៅឡើយ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​នៅក្នុង​សប្តាហ៍​នេះ​ក៏បាន​បញ្ជាក់ដែរថា​ល្មម​ដល់ពេល​វេលា​ដែល​ខ្មែរ​យើង​ត្រូវ​បង្កើន​ការជឿទុកចិត្ត​គ្នា​តាមរយៈ​ការបង្ហាញ​នូវ​ឧ​ត្ត​ម​គតិ និង​ការទទួលស្គាល់​នូវ​តម្លៃ​ថា​យើង​ជា​ខ្មែរ​សុទ្ធ​តែមាន​ឈាមជ័រ​ជា​អ្នក​ស្រឡាញ់​ជាតិខ្មែរ​ដូចគ្នា ទោះបី​កំពុង​ដឹកនាំ ឬ​គាំទ្រ​គណបក្សនយោបាយ​ផ្សេងគ្នា​ក៏ដោយ​។​

លោក កឹម សុខា បាន​សង្កត់ធ្ងន់ថា វា​ជា​ពេលវេលា​មួយ​ដែល​គណបក្សនយោបាយ​គួរ​ជួបចរចា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ និង​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​គណបក្សជំទាស់​។ លោក កឹម សុខា បាន​ពន្យល់ថា ខ្មែរ​គ្រប់ភាគី​ទាំងអស់​ត្រូវ​ផ្តល់នូវ​សេចក្តីសុខ​ឲ្យ​គ្នា​ទៅវិញទៅមក​ឈប់​លា​បព​ណ៌​គ្នា ឈប់​គំរាមកំហែង​គ្នា ឈប់​កាប់សម្លាប់​គ្នា ឈប់​គុំកួន សងសឹក​គ្នា ដោយ​ងាក​មក​រិះរក​គំនិត​ជា​វិជ្ជមាន ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ខ្មែរ​ការពារ​មាតុភូមិ​កម្ពុជា និង​កសាង​ជាតិខ្មែរ​ជាមួយគ្នា​ឲ្យ​ថ្លៃថ្នូរ សម្បូរ​រុងរឿង​សម្រាប់​អនាគត​ខ្មែរ​យើងទាំងអស់គ្នា​វិញ​។​

​បើទោះជា​ការចរចា​នយោបាយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​ផ្អាក​មួយរយៈ​ហើយក៏​ដោយ ក៏​សាធារណមតិ​ជាតិ និង​អន្តរជាតិ​នៅតែ​រំពឹង​លើ​ការចរចា​នយោបាយ​ស្របតាម​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំងពីរ ដើម្បី​បញ្ចប់​ភាព​តានតឹង​នយោបាយ​នៅមុន​ការបោះឆ្នោត​អាច​នឹង​កើតឡើង​នៅពេល​ខាងមុខ​មិន​ខាន ព្រោះ​លោក សុខ ឥសាន មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រលយ​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះដែរ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​បិទផ្លូវ​ចរចា​ក្នុង​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ តែ​រង់ចាំ​ដោះស្រាយ​បញ្ហា​មួយចំនួន​សិន ពិសេស​នីតិវិធីរឿងក្តី​នៅ​តុលាការ​៕

13770453_1151410098249055_2948088409069812583_n