ប្រជាមតិ​នៅ​ថៃ៖ យីងឡាក់ អំពាវនាវ​ឲ្យ​ទៅ​បោះឆ្នោត

អតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra ) បានអំពាវនាវឲ្យពលរដ្ឋ​បញ្ចេញ​ឆន្ទះ​របស់​ខ្លួន ទៅលើគម្រោងច្បាប់រដ្ឋធម្មនុញ្ញ​ថ្មី ដ៏ចម្រូងចម្រាសមួយ ដែលបង្កើតឡើង​ដោយក្រុម​មេ​ដឹកនាំ​យោធា ដែល​បាន​ឡើង​កាន់​អំណាច បន្ទាប់ពីបាន​ធ្វើរដ្ឋប្រហារ​ទម្លាក់អ្នកស្រី តាំងពីខែឧសភា ឆ្នាំ២០១៤​នោះ​មក។
ប្រជាមតិ​នៅ​ថៃ៖ យីងឡាក់ អំពាវនាវ​ឲ្យ​ទៅ​បោះឆ្នោត

អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបានទម្លាក់ពីអំណាច ដោយរដ្ឋប្រហារយោធា នៅខែ​ឧសភា ឆ្នាំ២០១៤។ (រូបថត AFP)

អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) អតីតនាយករដ្ឋមន្ត្រី​ចេញពីការបោះឆ្នោតថៃ បាន​អំពាវ​នាវ​នៅថ្ងៃសុក្រទី៥ ខែសីហា ឆ្នាំ២០១៦នេះ ទៅកាន់គ្រប់ប្រជារាស្ត្រថៃគ្រប់រូប ឲ្យធ្វើការ​បញ្ចេញ​ឆន្ទះ​របស់​ពួកគេ ទៅលើគម្រោងច្បាប់រដ្ឋធម្មនុញ្ញថ្មី ដែលពោរពេញ​ដោយភាព​ចម្រូងចម្រាស និងដែលបង្កើតឡើង​ដោយ​ក្រុមមេដឹកនាំយោធាថៃ។ ជាការថ្លែងទៅកាន់ប្រជាជាតិ របស់ស្ត្រីអតីតនាយករដ្ឋមន្ត្រីរូបនេះ ដែល​ត្រូវ​បាន​ក្រុមយោធា ធ្វើរដ្ឋប្រហារទម្លាក់​ចេញពីអំណាច កាលពីខែឧសភា ឆ្នាំ២០១៦កន្លងទៅ នៅចំពោះ​អ្នក​គាំទ្រ​រាប់​ពាន់នាក់ ដែលបានប្រមូលផ្ដុំគ្នា នៅខាងមុខតុលាការកណ្ដាលរាជធានីបាងកក។

អ្នកស្រីបានថ្លែងឡើងថា៖ «ខ្ញុំសូមអញ្ជើញ​ពលរដ្ឋថៃទាំងអស់ ឲ្យទៅធ្វើការបោះឆ្នោត នៅថ្ងៃអាទិត្យ (ស្អែក​នេះ)។ (...) ខ្ញុំមិនចង់ឲ្យមាន​ការចូលរួម​តិចតួច ពីសំណាក់ពលរដ្ឋនោះទេ។ ព្រោះបើអញ្ចឹង លទ្ធផល​នៃ​ការ​ធ្វើ​ប្រជាមតិ នឹងមិនស្របតាមឆន្ទះរបស់យើង ដែលចង់ឲ្យមាន​លិទ្ធិ​ប្រជាធិបតេយ្យ ​ប្រកបដោយ​អនាគត​​ល្អ​ប្រសើរនោះ។»

រដ្ឋធម្មនុញ្ញដែលធ្វើដូច ជាចង់ឲ្យមានប្រជាធិតេយ្យ...

យ៉ាងណាក៏ដោយ គេសង្កេតដឹងថា អ្នកស្រី យីងឡាក់ បានធ្វើការអំពាវនាវនេះ ដោយក្ដីប្រុងប្រយ័ត្នជាទីបំផុត នៅពីមុខអាគារ​តុលាការ​រាជធានីបាងកក នៃរបបមួយ ដែលការរិះគន់គម្រោងច្បាប់រដ្ឋធម្មនុញ្ញថ្មី អាចនឹង​រង​ការ​ផ្ដន្ទា​ទោស ឲ្យជាប់ពន្ធនាគារ​រហូតដល់១០ឆ្នាំ។

ច្បាប់រដ្ឋធម្មនុញ្ញថ្មីនោះ មានចែងពីស្ថាប័នព្រឹទ្ធសភាមួយ ដែលមិនចេញពីការបោះឆ្នោត និងទំនង​ជា​គ្រប់​គ្រង​ដោយយោធា។ ជាគម្រោងច្បាប់ ដែលត្រូវបានក្រុមអ្នកវិភាគ មើលឃើញថា ជាទម្រង់ថ្មីមួយ ដែលមាន​បំណង​ចង់​ដាក់អ្នកនយោបាយ ឲ្យស្ថិតក្រោមការត្រួតពិនិត្យ ជាពិសេសអ្នកនយោបាយ ដូចអ្នកស្រី យីងឡាក់ ឬអ្នក​នយោបាយ ដែលចេញពីត្រកូល ស៊ីណាវ៉ាត្រា នេះជាដើម។ ក្រុមអ្នកវិភាគបានគិតថា រដ្ឋធម្មនុញ្ញថ្មី​ដែល​យោធា​​និយាយ​ថា ជាការកែទម្រង់​ផ្នែក​នយោបាយ​ដ៏ស៊ីជម្រៅនោះ មានបំណងរារាំង ការវិលត្រឡប់​មក​ក្នុង​ឆាក​​នយោបាយ​វិញ នៃគ្រួសារត្រកូល ស៊ីណាវ៉ាត្រា ឬអ្នកនយោបាយណា ដែលមានគ្រួសារនេះ​នៅពី​ក្រោយ។

រងការជាប់ពន្ធនាគរ១០ឆ្នាំ...

អ្នកស្រី យីងឡាក់ ខ្លួនឯង កំពុងជាប់ពាក្យបណ្ដឹង នៅក្នុងតុលាការ ទាក់ទងនឹងបទចោទមួយ ដែលត្រូវ​បាន​គេ​មើល​ឃើញដែរថា មានចរិកនយោបាយ។ ក្រុមអ្នកតាមដានសភាពការណ៍ថៃ បានគិតថា ក្រុមមេដឹកនាំ​យោធា ក៏មានបំណងប្រើប្រាស់ពាក្យបណ្ដឹងមួយនេះ ដើម្បីកម្ចាត់អ្នកស្រី យីងឡាក់ ឲ្យចេញពីឆាក​នយោបាយ​​ថៃ ជាស្ថាពរតែម្ដងដែរ។ ស្ត្រី​អតីតនាយករដ្ឋមន្ត្រីរូបនេះ អាចនឹងត្រូវជាប់ពន្ធនាគារ ១០ឆ្នាំ ប្រសិន​ជា​​តុលាការ​រកឃើញថា អ្នកស្រីពិតជាមានទោស នៅក្នុងគម្រោងមួយរបស់រដ្ឋាភិបាលអ្នកស្រី ដែលមាន​បំណង​ជួយ​ឧបត្ថម្ភ​កសិករ​ថៃ នៅក្នុងការទិញលក់អង្ក។

ការព្រួយបារម្ភ របស់ក្រុម«អាមាត្រ»...

ក្រុមយោធាថៃ បានធ្វើរដ្ឋប្រហារដណ្ដើមយកអំណាច​ជាច្រើនដង៖ ក្នុងឆ្នាំ២០០៦ ដើម្បីបណ្ដេញលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) និងក្នុងឆ្នាំ២០១៤ ដើម្បីបណ្ដេញអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែល​ជា​ប្អូនស្រី​របស់លោក ថាក់ស៊ីន។ ប៉ុន្តែបន្ទាប់ពីរដ្ឋប្រហារ និងក្រោយពីមានការ​រៀបចំ​បោះ​ឆ្នោត​ឡើងវិញ តាមបែបប្រជាធិបតេយ្យនោះ គ្រួសារត្រកូល ស៊ីណាវ៉ាត្រា ឬអ្នកនយោបាយដែលស្និត​នឹង​គ្រួសារ​នេះ តែង​បាន​ជាប់​ឆ្នោត និងវិលត្រឡប់​មកកាន់អំណាចវិញដដែល។ ទិដ្ឋភាពបែបនេះ បានបង្កការ​ព្រួយ​បារម្ភ ដល់​ក្រុម​«អាមាត្រ» ដែលស្និតនឹងរាជបល្ល័ង្គថៃ ជាពិសេសនៅពេលដែលព្រះមហាក្សត្រសព្វថ្ងៃ កាន់​តែ​ចាស់​ជរា ហើយ​រាជទាយាទ ដែល​គ្រោង​ស្នង​រាជ្យ​សម្បត្តិ មិនទទួលបានការស្រឡាញ់ ពីសំណាក់​រាស្ត្រ​​ថៃ​ឡើយ​នោះ៕