ប្រជាជន​អាមេរិក​មិន​ទុកចិត្ត ដូ​ណា​ល់ ត្រាំ ពេល​កាន់​លេខ​កូដ​អាវុធ​នុយក្លេអ៊ែរ​

របាយការណ៍ស្ទង់មតិមួយរបស់សារព័ត៌មាន Fox News បង្ហាញថា ប្រជាជនអាមេរិកភាគច្រើនមិនសូវទុកចិត្តលោក ដូណាល់ ត្រាំ  បើលោកមានលេខកូតអាវុធនុយក្លេអ៊ែរក្នុងដៃនោះ។ អ្នកជំនាញនិងអ្នកបង្កើតគោលនយោបាយមួយចំនួនក៏បារម្ភផងដែរ បើសិនជាលោក ដូណាល់ ត្រាំជាប់ឆ្នោតមែននោះ។ កន្លងមកបេក្ខជនប្រធានាធិបតីរូបនេះរក្សាសិទ្ធិប្រើអាវុធនេះនៅអឺរ៉ុបនិងមជ្ឈិមបូព៌ាផង។

លោក ដូណាល់ ត្រាំ ក្រៅពីរងការរិះគន់ថា មិនមានសមត្ថភាពនិងលក្ខណសម្បត្តិគ្រប់គ្រាន់ជាប្រធានាធិបតីអាមេរិក លោកក៏មិនបានទទួលការទុកចិត្តពីប្រជាជនអាមេរិកដែរ ចំពោះការកាន់កាប់លេខកូដអាវុធនុយក្លេអ៊ែរអាមេរិកនោះ។ នេះក៏ដោយសារ វាសុទ្ធតែជារឿងអាយុជីវិតប្រទេសជាតិ និងពិភពលោកទាំងមូលផងដែរ។

បើយោងតាមរបាយការណ៍ស្ទង់មតិរបស់សារព័ត៌មាន Fox News ដែលបញ្ចេញកាលពីថ្ងៃពុធ អ្នកបោះឆ្នោតប្រហែល ៥៦ភាគរយបានជឿជាក់ថា លោកស្រី ហ៊ីឡារី គ្លីនតុនអាចសម្រេចចិត្តបានត្រឹមត្រូវនិងប្រសើរជាងក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ អ្នកបោះឆ្នោតប្រហែល ៣៤ ភាគរយប៉ុណ្ណោះដែលជឿជាក់លើលោក ដូណាល់ ត្រាំ ថាលោកមានលទ្ធភាពសម្រេចបានត្រឹមត្រូវក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ពេលលោកក្លាយជាប្រធានាធិបតី។

តាមពិតទៅ លទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនេះរបស់លោក ដូណាល់ ត្រាំ នេះក្លាយជារឿងចម្រូងចម្រាស និងធ្វើឲ្យមានក្តីបារម្ភខ្លាំងក្នុងចំណោមមន្ត្រីជាន់ខ្ពស់អាមេរិក និងបណ្តាក្រុមប្រឹក្សាសន្តិសុខអាមេរិក។ នេះក៏ដោយសារ បេក្ខជនប្រធានាធិបតីរូបនេះធ្លាប់ព្រលយពាក្យច្រើនដងដែរថាលោកចង់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

បើតាមការលើកឡើងរបស់អ្នកសារព័ត៌មាន NBC លោក Joe Scarborough លោក ដូណាល់ ត្រាំ ធ្លាប់សាកសួរម្តងហើយម្តងទៀតពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរពេលលោកទទួលការប្រឹក្សាយោបល់ជាមួយអ្នកជំនាញនយោបាយការបរទេសម្នាក់នោះ។ អ្វីដែលគួរឲ្យភ័យខ្លាចនោះគឺលោក ដូណាល់ ត្រាំ សួរថា ៖« ហេតុអ្វីអាមេរិកមានអាវុធនុយក្លេអ៊ែរ តែមិនព្រមប្រើប្រាស់វាសោះដូច? »។

បញ្ហានេះ វាកាន់តែចម្រូងចម្រាសថែមទៀត ពេលដែលលោកស្រី ហ៊ីឡារី គ្លីនតុន ព្យាយាមឆ្លៀតឱកាសដោយជំរុញឲ្យមានការជជែកដេញពីសមត្ថភាពរបស់បេក្ខជនបក្សសាធារណរដ្ឋ ក្នុងការកាន់កាប់តំណែងជាមេបញ្ជាការកំពូល ដែលក្នុងដៃមានកូដសម្ងាត់ដើម្បីប្រើប្រាស់អាវុធប្រល័យលោក។ លោកស្រីចង់បង្ហាញទៅកាន់សាធារណជនអាមេរិកថា មានតែខ្លួនទេដែលជាបេក្ខជនមានបទពិសោធន៍ មានចំណេះដឹងច្រើន និងដឹងរាក់ជ្រៅក្នុងការគ្រប់គ្រងក៏ដូចជាប្រើប្រាស់អាវុធប្រល័យលោក មិនដូចលោក ដូណាល់ ត្រាំ ឡើយ។

កន្លងមកសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ និងជាអតីតគូប្រជែងលោក ដូណាល់ ត្រាំ លោក Marco Rubio បានធ្លាប់ចម្អកឲ្យលោក ដូណាល់ ត្រាំ ថា លេខកូដកាំជ្រួចនុយក្លេអ៊ែរអាមេរិក មិនអាចផ្តល់ឲ្យមនុស្សដែលទុកចិត្តមិនបាន និងនិយាយមិនប្រាកដប្រជាដូចលោក ដូណាល់ ត្រាំ ឡើយ។ លោកពន្យល់បន្តថា វាជារឿងគ្រោះថ្នាក់បំផុតមួយសម្រាប់អាមេរិក និងពិភពលោក។

ម្យ៉ាង រឿងដែលធ្វើឲ្យគេរឹតតែសង្ស័យនិងកាន់តែមិនទុកចិត្តខ្លាំងចំពោះលោក ដូណាល់ ត្រាំ នោះគឺ លោកនៅតែរក្សាសិទ្ធិប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅតំបន់អឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា។ ហើយមិនត្រឹមតែប៉ុណ្ណោះលោកធ្លាប់អះអាងថា ពេលលោកក្លាយជាប្រធានាធិបតីអាមេរិកនោះ លោកនឹងឈប់ផ្តល់ការការពារដល់សម្ព័ន្ធមិត្តអាមេរិកនៅអាស៊ីមានកូរ៉េខាងត្បូងនិងជប៉ុន ហើយអនុញ្ញាតឲ្យប្រទេសទាំងពីរផលិតអាវុធនុយក្លេអ៊ែរទុកការពារខ្លួនចុះ៕

ប្រភព៖ thmeythmey


Related Posts