វត្តភ្នំ​ខ្លែង​ ទី​បន់ស្រន់​ដ៏​សក្ដិសិទ្ធិ

វត្តភ្នំ​ខ្លែង​ ទី​បន់ស្រន់​ដ៏​សក្ដិសិទ្ធិ

 
អោយ​តែ​ដល់​រដូវ​ប្រលង​ឌីប្លូម ​ឬ​បាក់​ឌុប​សិស្សានុសិស្ស​ជាច្រើន​តែង​មក​បន់ស្រន់​បួងសួង​សុំ​ពរជ័យ​ពី​បារមី​ព្រះអង្គ​វត្តភ្នំ​ខ្លែង​ជាពិសេស​ពួកគេ​ចង់​អោយ​ការ​ប្រលង​នៅ​ពេល​ខាងមុខ​បាន​សមប្រកប​តាម​បំណង​ប្រាថ្នា។

 
បើ​ទោះបីជា​ខំប្រឹង​សិក្សា​យ៉ាង​ខ្លាំង​រយៈពេល​ច្រើន​ខែ​មកហើយ​ក៏ដោយ យុវតី ​ប៉ោ​ សុខា ជា​សិស្ស​ពូកែ​ភាសា​ខ្មែរ​ថ្នាក់​ទី ១២ ប្រចាំ​វិទ្យាល័យ​​ជាស៊ីម​តាកែវ​​​ប្រាប់​ Sabayថា​ កញ្ញា​ចង់​អោយ​បាន​ធូរស្បើយ​ក្នុង​អារម្មណ៍​បន្តិច​មុន​ពេល​ប្រលង​មកដល់។ “មិនមែន​មានន័យថា ពឹង​តែ​លើ​ការ​បន់ស្រន់​នោះ​ទេ ផ្ទុយទៅវិញ​នាង​ខ្ញុំ​ក៏​ខំប្រឹង​ស្វែងយល់​ខ្លាំង​ណាស់​ដែរ តែ​ជំនឿ​វា​ជា​ជំនួយស្មារតី​មួយ​ផ្នែក​ផងដែរ។”

 
វត្តភ្នំ​ខ្លែង​ ទី​បន់ស្រន់​ដ៏​សក្ដិសិទ្ធិ

ទីស័ក្ដិសិទ្ធិ​នៅ​វត្ត​ភ្នំ​ខ្លែង និង អ្នក​ទៅ​បន់ស្រន់ (រូបថតទូរសព្ទ ជិន វេន)

 
ចំណែក ​យុវ​សិស្ស សយ សុខ មកពី​វិទ្យាល័យ​ដដែល​បាន​ប្រាប់ថា ​គាត់​មាន​អារម្មណ៍​មិនសូវ​ល្អ​បន្តិច​មុន​ការ​ប្រលង​មកដល់។ គាប់​ជួន​មិត្តភ័ក្ដិ​បបួល​មកលេង​ទីនេះ​ក៏​សម្រេចចិត្ត​មកជា​មួយ​ពួកគេ​ទៅ ព្រោះ​ខាន​មក​លេង​យូរហើយ។

 

ដោយឡែក​យុវតី​ ងួន ​ស្រី​ភាព ​ក៏បាន​សារភាព​ប្រាប់ថា ​ត្បិត​នាង​ពុំ​ធ្លាប់​មាន​ជំនឿ​ពី​មុន​មក​តែ​បាន​ឮ​មិត្តភ័ក្ដិ​និង​ចាស់ៗ​និយាយថា ​ព្រះអង្គ​វត្តភ្នំ​ខ្លែង​ពូកែ​ណាស់​អាច​បន់ស្រន់​ប្រាថ្នា​ក៏បាន។ “ចំពោះ​នាង​ខ្ញុំ​សុំ​តែ​ប្រលង​ជាប់​បាក់​ឌុប​ប៉ុណ្ណោះ​បាន​ហើយ។ ការ​បន់ស្រន់​វា​ជា​អ​ប៉ិ​យ៏​ជំនឿ​មួយ​កប់​យ៉ាង​ជ្រៅ​ក្នុង​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​យូរលង់​ណាស់​មក​ហើយ​ជាពិសេស​នៅ​វត្ត​លើ​កូនភ្នំ​ដ៏​តូច​មួយ​នេះ​តែ​ម្តង​តែងតែ​មាន​អ្នក​មក​បែរបន់​ជា​ហែហូរ​ទាំង​ចាស់-ទាំងក្មេង។

 

លោកតា​ម្នាក់​ជា​អ្នក​ថែទាំ​វិហា​លើ​កំពូលភ្នំ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា​ រៀងរាល់​ឆ្នាំ​ជិត​ដល់ពេល​ប្រលង​តែងតែ​មាន​សិស្ស​មកពី​គ្រប់​មជ្ឈដ្ឋាន​រួម​ទាំង​សិស្ស ​ដែល​ប្រលង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ផង​មក​បន់​នៅ​ទីនេះ​ក្នុង​មួយថ្ងៃ​មិនតិច​ជាង ៣០ នាក់​ទេ។ប្រភព​ដដែល​បាន​បន្តថា​មាន​បារ​ម៉ី​ជាច្រើន​នៅ​គ្រង​រក្សា​លើ​កំពូលភ្នំ​គឺ៖

 

ទី១, បារមី​ព្រះអង្គ​បញ្ច​គី​មាន ២១អង្គ អាច​បន់ស្រន់​ប្រាថ្នា​រកស៊ី​អ្វី​បានសម្រេច​ដូច​ប្រាថ្នា។
ទី២, បារមី​យាយ​រំដួល​សម្រាប់​អ្នក​ផ្សង​រក​គូ​ស្នេហ៍។
ទី៣, បារមី​លោកតា​ដំបង​ដែក មាន​រិទ្ធិ​អំណាច​ខ្លាំង។
ទី៤, បារមី​​ព្រះ​គោ​ព្រះ​កែវ
ទី៥, បារមី​អណ្ដូងទឹក​ដែល​មាន​កុមារ​ពេជ្រ កុមារ​ទេព​ថែ​រក្សា សម្រាប់​អ្នក​បន់ស្រន់​សុំ​បុត្រ​ ប្រុស-ស្រី សម​តាម​បំណង​ប្រាថ្នា។ “ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ស្បថស្បែ​រឿង​ជម្លោះ​ផ្សេងៗ​ទីនេះ​សក្ដិសិទ្ធិ​ណាស់​កុំ​ចង់​សាក​អី​ព្រោះ​ជំនឿ​លើ​វត្ថុ​សក្ដិសិទ្ធិ​នេះ​មាន​ជា​យូរលង់​ណាស់​មក​ហើយ។ លោកតា​និយាយ។

 
តើ​ប្រិយមិត្ត​​ណាខ្លះ​ធ្លាប់​មក​បន់ស្រន់​នៅ​ទី​នេះ?

 

អត្ថ​ប​ទៈ ជិន វេន
រូបថត៖ ទូរសព្ទដៃ