ច្រកតំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក ជា​កន្លែង​ដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​

កន្លងមក​នៅ​ច្រក​តំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបាន​គេ​ដឹងថា​ជា​ច្រក​ដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ក៏ដូចជា​គ្រឿងឧបភោគ​បរិភោគ​ខូចគុណភាព​ពី​ទឹកដី​សៀម​មក​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​។ ឥឡូវនេះ​តាម​ប្រភពពី​ភ្នាក់ងារ​គយ​តូចតាច​នៅ​ច្រក​តំបន់​អូរ​រំដួល បាន​ឲ្យ​ដឹងថា​លោក យ៉ែម ហេម​រ៉ា​ត អតីត​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​តំបន់​អូរ​រំដួល ដែល​ថ្នាក់លើ​បាន​បញ្ឈរជើង​មួយរយៈ​នោះ គ្រោង​វិលត្រឡប់​ទៅរក​កន្លែង​ដើម​វិញ​ហើយ​។ បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះ​មន្ត្រី​គយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព មិន​ត្រូវបាន​ថ្នាក់លើ​ចាត់វិធានការ​តាម​កំហុស​នោះទេ ហើយ​នៅតែមាន​ឱកាស​ចង់​វិល​ទៅ​កន្លែង​ដើម​ម្តងទៀត​យ៉ាង​ស្រួល​។

ប្រភពពី​ភ្នាក់ងារ​គយ​តូចតាច​នៅ​ច្រក​អូរ​រំដួល និង​មន្ត្រី​គយ​ក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ការដែល​លោក យ៉ែម ហេម​រ៉ា​ត ចង់​វិលត្រឡប់​ទៅកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​តំបន់​អូរ​រំដួល​ជាថ្មីទៀត​នោះ គឺ​ដោយសារ​នៅ​ច្រក​នេះ​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ពាក់ព័ន្ធ​នឹង​គម្រោង​របស់លោក យ៉ែម ហេម​រ៉ា​ត ចង់​វិលត្រឡប់​ទៅកាន់​កន្លែងចាស់​ឡើងវិញ គួរតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យមើល​ខ្លះ​ផង ព្រោះ​មន្ត្រី​គយ​រូបនេះ​ធ្លាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ប្រសិនបើ​លោក យ៉ែម ហេម​រ៉ា​ត អាច​វិលត្រឡប់​ទៅកាន់​កន្លែង​ដើម​វិញ គឺ​មន្ត្រី​គយ​រូបនេះ​អាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង ហើយ​ឈ្មួញ​អាច​ឃុបឃិត​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​ខូចគុណភាព​តាម​អំពើ​ចិត្ត​ដូច​កាលពីមុន​ជាមិនខាន​។

សូម​បញ្ជាក់ដែរថា​កាលពី​ខែមិថុនា ឆ្នាំ​២០១៦ លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​តំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក ត្រូវបាន​ថ្នាក់លើ​ហៅ​មក​បំភ្លឺ​ពាក់ព័ន្ធ​ភាពមិនប្រក្រតី​នៃ​រឿងអាស្រូវ​ពុករលួយ​ជាច្រើន​ករណី​។ តាម​ការអះអាង​របស់​មន្ត្រី​គយ​ក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​មាន​ឯកសារ​ជាច្រើន​បញ្ជាក់​អំពី​រឿង​លោក យ៉ែម ហេម​រ៉ា​ត ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ ទំនិញ​ខូចគុណភាព និង​ទំនិញគេចពន្ធ​ចូល​តាម​ច្រក​តំបន់​អូរ​រំដួល ដែល​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​។ លើស​នេះ​ទៅទៀត​កន្លងមក​លោក យ៉ែម ហេម​រ៉ា​ត ធ្លាប់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ទទួល​សំណូក​ពី​ឈ្មួញ​ខិលខូច​ផងដែរ ដូច្នេះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិនគួរ​ឲ្យ​លោក យ៉ែម ហេម​រ៉ា​ត វិលត្រឡប់​ទៅកាន់​កន្លែងចាស់​វិញ​ឡើយ​៕

ss sd