​ឡើង​ផ្អើល ! ​ខេមរៈ​ សិរីមន្ត​ និង​សុខ​ ពិសី ​ប៉ះ​គ្នា​​ជាមួយទិ​កហ្ស៊ី​រ៉ូ​ ​

​រាជធានីភ្នំពេញ ៖ ចាត់​ទុក​ថា ​ជា​ស្តាយ​ថ្មី​របស់​ប៉ុ​ស្តិ៍​​លេខ​៥ ​បាន​​នាំ​មក​នូវ​ផ្ទាំងទស្សនីយភាព​ថ្មី​ ដើម្បី​ទាញ​យក​​ការ​ចាប់អារម្មណ៍​បន្ត​ទៀត ​ក្នុង​ការ​បង្ហាញ​នូវ​វេទិកា​​ប្រគំ​តន្ត្រី​យ៉ាង​អស្ចារ្យ ​ដោយ​មាន​តារាចម្រៀង​ល្បី​​ពី​​ប្រទេស​ថៃ គឺ​​លោក​ទិ​ក​ហ្ស៊ី​រ៉ូ​ មក​សម្តែង​ជាមួយ​តារា​ខ្មែរ គឺកញ្ញា​សុខ​ ពិសី​ និង​លោក​ខេមរៈ​ សិរីមន្ត​ ដែល​មិន​​ធ្លាប់​ពីមុន​មកនោះ ​​​ទើប​ធ្វើ​ឱ្យ​​បរិ​វេណ​​វេទិកា​ប្រគំ​តន្ត្រី​​ឡើង​ណែន​ពោរ​ពេញ​ ទៅ​​ដោយ​មនុស្ស ដែល​មិន​នឹក​ស្មាន​​​ដល់​ ។

កាលពី​​យប់​ថ្ងៃ​ទី០​៥ សីហា លោក​ទិ​ក​ហ្ស៊ី​រ៉ូ​ (Tik Shiro) ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ​ជា​ស្ដេច​តារាចម្រៀង​ប្រចាំ​ប្រទេស​ប្រមាណ​៣០​ឆ្នាំ​មក​ និង​ជា​តារា​សម្ដែង​ភាពយន្ត​ផង បាន​​បង្ហាញខ្លួន​ នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​របស់​ប៉ុស្ដិ៍​​លេខ​៥​ នៅ​ជ្រោយចង្វារ​ជាប់​សាលា​ន័​រ
​តុ​ន ។ នៅ​ក្នុង​ឱកាស​នោះ​ លោក​បាន​កោតសរសើរ​​ពី​សិល្បៈ​ខ្មែរ​​ជា​ច្រើន ជា​ពិសេស​ គឺ​វិស័យ​ចម្រៀង ដែល​លោក​បញ្ជាក់​ថា​កាន់តែ​​មានការ​រីក​ចម្រើន ​។

គ្មាន​អ្នក​ណា​ មិន​ភ្ញាក់ផ្អើល​នោះ​ទេ ​ចំពោះ​វត្តមាន​របស់​តារា​ម្ចាស់​បទ​ «ម៉ាច​យ​កាន់​ៗ» រូប​នេះ ជា​ពិសេស​ក្នុង​ពេល​ដែល​វត្តមាន​របស់​លោក​ ក៏​មាន​តារា​ល្បី​ៗ​នៅ​កម្ពុជា​គឺ​លោក​ខេមរៈ សិរីមន្ត និង​កញ្ញា​សុខ ពិសី ចូលរួម​លើ​ឆាក​តន្ត្រី​នោះ​ផង ​។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន លោក​ទិ​ក​ហ្ស៊ី​រ៉ូ បញ្ជាក់​ថា​ លោក​មក​កាន់​កម្ពុជា​លើក​ទី​៤ ហើយ​ដំណើរ​មក​ច្រៀង​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​បន្ត​ផ្ទាល់​របស់​ប៉ុស្ដិ៍​លេខ​៥​នោះ ក៏​ជាំ​សំណើ​របស់​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ ​។

លោក​ថា​ការ​បង្ហាញខ្លួន​លើក​នេះ លោក​មើលឃើញ​ថា​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាងច្រើន ជា​ពិសេស​គឺ​វិស័យ​ដែល​លោក​កត់សម្គាល់​។ ក្នុង​នោះ​បើ​ទោះជា​វិស័យ​ចម្រៀង​ខ្មែរ​នៅ​តែ​មាន​ស្ថានភាព​បកប្រែ​ចម្លង​បទ​ចម្រៀង​មក​ពី​ប្រទេស​ជិតខាង រួម​ទាំង​បទ​របស់​ថៃ​មិន​ទាន់​បាត់ ក៏​លោក​នៅ​តែ​យល់​ឃើញ​ថា​ស្ថានភាព​វិស័យ​ចម្រៀង​របស់​កម្ពុជា​ល្អ​ប្រសើរ​។

លោក​ថា​ចំណុច​ដែល​មានការ​រីក​ចម្រើន​នោះ គឺ​លោក​កត់​សម្គាល់ថា​តារា​ខ្មែរ​ចាប់ផ្ដើម​មានការ​អភិវឌ្ឍ​ទាំង​ការ​ស្លៀកពាក់ ស្ទីល​ច្រៀង ហើយ​អ្វី​ដែល​សំខាន់​គឺ​អ្នកគាំទ្រ​តែ​ម្ដង​ដែល​មាន​ន័យ​វិស័យ​ចម្រៀង​នៅ​កម្ពុជា​មាន​សន្ទុះ​មិន​ខុស​ពី​ប្រទេស​របស់​លោក​នោះ​ឡើយ​។ លោក​បាន​កោតសរសើរ​ថា​កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​អរិយធម៌​ល្បីល្បាញ និង​ថា​មិន​ពិបាក​ក្នុង​ការ​ព​ន្លឿ​ន​វិស័យ​សិល្បៈ​របស់​ខ្លួន​នោះ​ទេ ដោយសារ​តែ​កម្ពុជា​មានការ​រីក​ចម្រើន​លើ​វិស័យ​នោះ​យូរយារ​មក​ហើយ​។

លោក​ថា​ធៀប​នឹង​៣​លើក​កន្លង​មក សិល្បៈ​នៅ​កម្ពុជា​ខុស​គ្នា​ឆ្ងាយ​ណាស់ ហើយ​លោក​យល់​ថា​បទ​ចម្រៀង​ដែល​ខ្មែរ​និពន្ធ​ថ្មី​ក៏​មាន​លក្ខណៈ​គួរ​អោយ​សរសើរ​ផង​ដែរ បើ​ផ្អែក​តាម​អ្វី​ដែល​លោក​កត់សម្គាល់​។

លោក​ទិ​ក​ហ្ស៊ី​រ៉ូ បាន​អះអាង​ថា​លោក​បាន​ដើរ​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​២​លើក​រួច​មក​ហើយ ក្នុង​ដំណើរ​ទាំង​៤​ដែល​លោក​ចុះ​មក​ច្រៀង និង​ថត​ស្ព​ត​នា​ពេល​កន្លង​មក​។ អ៊ីចឹង​ហើយ​ទើប​លោក​ជាប់​ចិត្តនឹង​វប្បធម៌​ខ្មែរ និង​បាន​សរសើរ​ថា​ខ្មែរ​ជា​ប្រទេស​ដែល​មានសំណាង ដោយសារ​មាន​សំណង់​ប្រាសាទ​ល្បីឈ្មោះ​ដូច​ជា​អង្គរវត្ត និង​ប្រាសាទ​ជា​ច្រើន​ទៀត ដែល​ពិភពលោក​ទទួលស្គាល់​។

លោក​បាន​ប្រកាស​នឹង​មាន​គម្រោង​ចុះ​មក​ច្រៀង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្តបន្ទាប់​ទៀត ដោយសារ​តែ​កម្ពុជា​និង​ថៃ ក៏​ឧស្សាហ៍​មានការ​ប្រគំ​តន្ត្រី​រួម​គ្នា ហើយ​លោក​ក៏​ពេញចិត្ត​នឹង​ឡើង​មក​ច្រៀង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ ។