លោក គឹម សួរ​ភិ​រិ​ទ្ធ បញ្ជាក់​ពី​ការវិវត្តន៍​នៃ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​

​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ លោក គឹម សួរ​ភិ​រិ​ទ្ធ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ដ្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃនេះ​បានធ្វើ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីអំពី​ការវិវត្ដន៍​នៃ​ស្ថានភាព​នយោបាយ ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្ដរជាតិ​។ ការបញ្ជាក់​នេះ​ធ្វើឡើង​ស្របពេល​ដែល​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​ភាព​តានតឹង​នៅឡើយ​។​

លោក គឹម សួរ​ភិ​រិ​ទ្ធ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់ចាម នៅ​ព្រឹក​នេះ បានលើកឡើង​អំពី​៖ ទី​១-​គណបក្ស​សង្គ្រោះ​ជាតិ មាន​គោលនយោបាយ​ច្បាស់លាស់ និង​កំពុង​ធ្វើ​បច្ចុប្បន្នភាព ទី​២-​គណបក្ស ត្រៀមខ្លួន​ជាស្រេច និង​សោកស្ដាយ​ចំពោះ​ការបដិសេធ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទី​៣-​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភាពចាស់ទុំ​នយោបាយ ទន់ភ្លន់​តែ​មិន​ទន់ជ្រាយ និង​ប្រកាន់យក​វប្បធម៌​សន្ទនា​ដើម្បី​ដោះស្រាយ​បញ្ហា​។​

ចំពោះមុខ​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា លោក គឹម សួរ​ភិ​រិ​ទ្ធ បាន​បញ្ជាក់ថា​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែមាន​ភាព​រឹង និង​មាន​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហានយោបាយ​ឲ្យ​បាន​មុន​ដំណើរការ​បោះឆ្នោត​នៅពេល​ខាងមុខ​។ លោក គឹម សួរ​ភិ​រិ​ទ្ធ បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ​ព្យាយាម​ដោះស្រាយ​បញ្ហានយោបាយ​ដោយ​អហិង្សា និង​បញ្ចៀស​ឲ្យ​បាន​នូវ​ការបែកបាក់​ជាតិ ដើម្បី​រក្សា​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា​ឲ្យ​មាន​និរន្តរភាព ព្រោះ​នៅពេល​ខ្មែរ​បែកបាក់​ខ្មែរ​នឹង​ខាត​ហើយ​បរទេស​នឹង​កេងចំណេញ​ពី​ខ្មែរ​មិន​ខាន​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ថ្មីៗ​នេះ​បាន​បញ្ជាក់ដែរថា ជាការ​ពិតណាស់​មាតុភូមិ​កម្ពុជា សង្គមជាតិ​យើង កន្លងមក​បាន​ឆ្លងកាត់​សង្គ្រាម ការ​ហែកហួរ​ដណ្តើម​អំ​ណា​ច បរទេស​ជ្រៀតជ្រែក ធ្វើ​ឲ្យ​យើង​បាត់បង់​យ៉ាង​សន្ធឹកសន្ធាប់ ទាំង​ពេលវេលា ទាំង​ធនធានធម្មជាតិ ទាំង​ធនធានមនុស្ស ទាំង​ការអភិវឌ្ឍ​កសាង​សង្គម​។ គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មាន​សីលធម៌ គុណធម៌ សមត្ថភាព​ពិត នាពេល​បច្ចុប្បន្នសម័យ​បច្ចេកវិទ្យា សកលភាវូបនីយកម្ម ដូច្នេះ​ទាំង​រាស្ត្រ ទាំង​មន្ត្រី យើង​ប្រាកដជា​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម កង្វះខាត​គ្រប់បែបយ៉ាង ដែល​តម្រូវ​ឲ្យ​យើង​ជា​ពលរដ្ឋ​ថ្លៃថ្នូរ​គ្រប់រូប​គប្បី​ចូលរួមចំណែក​លះបង់​គ្រប់យ៉ាង​តស៊ូ​ជំនះ​រាល់​ឧបសគ្គ​ដើម្បី​កសាង​សង្គមជាតិ​យើង​ឡើងវិញ​៕

Pic171 Pic172