សិស្ស​វិទ្យាល័យ ១០ មករា ១១៩​នាក់ ដក​ចេញ​ពី​បេក្ខភាព និង ២១នាក់​បោះបង់​ការ​ប្រលង​បាក់ឌុប

លោក​ លី វណ្ណៈ​ ​នាយក​រង​នៃ​​វិទ្យាល័យ​ ១០​មករា​ ​១៩៧៩ ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា សិស្ស​វិទ្យាល័យ​ ១០ មករា ប្រមាណ​ជា ១៤០ នាក់ នឹង​មិនមាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រលង​បាក់ឌុប​ឆ្នាំ​នេះ​ទេ ដោយ​ក្នុង​នោះ​មាន​ ២១ នាក់​បាន​បោះបង់​ចោល​ការ​ប្រលង​ដោយ​ខ្លួន​ឯង។

 

“តាម​ពិត​ទៅ​មិនមែន​១៤០​នាក់​ហ្នឹង​!​លប់​ឈ្មោះ​មិន​ឲ្យ​ប្រលង​ទាំង​អស់​ទេ គឺ​ក្នុង​តួលេខ​នេះ មាន​២១​នាក់ គាត់​បាន​បោះបង់​ការ​ប្រលង​ដោយ​ខ្លួន​ឯង គឺ​គាត់​មិន​បាន​មក​ប្រលង​ឆមាស​ទី ២ ហើយ​មិន​បាន​មក​ដាក់​ពាក្យ​ប្រលង”។ លោក​គ្រូ លី វណ្ណៈ និយាយ។

 

សិស្ស​វិទ្យាល័យ ១០ មករា ១១៩​នាក់ ដក​ចេញ​ពី​បេក្ខភាព និង ២១នាក់​បោះបង់​ការ​ប្រលង​បាក់ឌុប

 

ចំពោះ​សិស្ស​ ១១៩ នាក់ ដែល​​ត្រូវ​ដក​ចេញ​ពី​បញ្ជី​បេក្ខជន​ប្រលង​បាក់ឌុប​ឆ្នាំ​នេះ គឺ​ផ្អែក​លើ ៣ កត្តា៖

 

ទី១, មក​រៀន​អត់​ជាប់​លាប់​ ដោយ​អវត្តមាន​លើស​ពី​ ៣០​ដង
ទី២, មិន​បាន​ប្រលង​ ៣ មុខ​វិជ្ជា
ទី៣, ខ្លះ​មិន​បាន​ប្រលង​ឆមាស និង ខ្លះ​ធ្លាក់​មធ្យម​ភាគ គឺ​ក្រោម ២៥ ពិន្ទុ

 

សិស្ស​វិទ្យាល័យ ១០ មករា ១១៩​នាក់ ដក​ចេញ​ពី​បេក្ខភាព និង ២១នាក់​បោះបង់​ការ​ប្រលង​បាក់ឌុប

 

តែ​ទោះ​បី​ជា​យ៉ាង​ណា លោក លី វណ្ណៈ បាន​ប្រាប់​ Saby ថា នេះ​ជា​តួលេខ ​ដែល​លោក​បាន​ដឹង ប៉ុន្ដែ តួលេខ​ច្បាស់​លាស់​យ៉ាង​ណា គឺ​រង់ចាំ​ការ​សម្រេច​ពី​នាយក​សាលា ឬ មន្ទីរ​អប់រំ​ខេត្ត ព្រោះ​ថា ដោយ​សារ​តែ​បណ្ដាញ​ផ្សព្វផ្សាយ​អំពី​ការ​ដក​បេក្ខភាព​សិស្ស​ប្រលង​ច្រើន​បែប​នេះ ខាង​មន្ទីរ​កំពុង​ប្រជុំ​អំពី​បញ្ហា​នេះ។ ដូច្នេះ ព័ត៌មាន​ផ្សេង​ទៀត លោក លី វណ្ណៈ បាន​ឲ្យ​ខាង​ Sabay ទាក់ទង​ខាង​មន្ទីរ ឬ នាយក​សាលា។

 

លោកគ្រូ សាប សុខា អនុប្រធាន​ការិយាល័យ​មធ្យម​សិក្សា នៃ​មន្ទីរ​អប់រំ​យុវជន​ និង កីឡា ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ​ការ​សម្រង់​ឈ្មោះ​នេះ គឺ​ធ្វើ​ឡើង​តាម​គោលការណ៍​របស់​ក្រសួង​អប់រំ ហើយ​បញ្ជី​ឈ្មោះ​ដែល​ត្រូវ​ដក​ចេញ​ពី​បេក្ខភាព​ប្រលង​ គឺ​មាន​មូលហេតុ​ច្រើន ដូចជា ធ្លាក់​មធ្យមភាគ អវត្តមាន​លើសលប់ និង ការ​បោះបង់​ចោល​ការ​ប្រលង​ដោយ​ខ្លួន ដែល​ធ្វើ​ឲ្យ​តួលេខ​ នៃ​ការ​លុប​ឈ្មោះ​ឃើញ​មាន​ច្រើន។

 

“មិនមែន​ឆ្នាំ​នេះ​លុប​ឈ្មោះ​ច្រើន​ទេ គឺ​ធ្វើ​ឡើង​រាល់​តែ​ឆ្នាំ តែ​ដោយ​សារ​មាន​បណ្ដាញ​សង្គម និង ព័ត៌មាន​ចុះផ្សាយ​ទើប​ធ្វើ​ឲ្យ​ផ្អើល។ យើង​អនុវត្ត​តាម​វិន័យ និង គោលការណ៍​ក្រសួង​រាល់​ឆ្នាំ​ហ្នឹង! ឆ្នាំ​មុន​ក៏​មាន​ដក​បេក្ខភាព​ប្រលង​ដែរ គឺ​ធ្វើ​តាម​តែ​គោលការ​ណ៍​ប៉ុណ្ណោះ”។​​

 

សម្រាប់​ការ​ប្រលង​បាក់​ឌុប​ ឆ្នាំ ២០១៦ នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី ២២ ខែ សីហា ហើយ​វិទ្យាល័យ​ ១០ មករា មាន​បេក្ខភាព​ចូល​រួម​ប្រលង​សរុប​ចំនួន ៨៩៥ នាក់ ដោយ​មិន​បាន​រាប់​បញ្ចូល​បេក្ខជន ដែល​បាន​លុប​ឈ្មោះ និង បោះបង់​ចោល​ការ​ប្រលង​ដោយ​ខ្លួន​សរុប​ចំនួន​ ១៤០ នាក់​នោះ​ទេ៕

 

អត្ថបទ៖ វិបុត្រ