តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​រិះគន់​ប្រព័ន្ធ​រដ្ឋបាល​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់

តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ រិះគន់​ប្រព័ន្ធ​រដ្ឋបាល​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ថា​អនុវត្ត​មិន​បាន​ត្រឹមត្រូវ​ដែល​ពលរដ្ឋ​លំបាក​នឹង​ទទួល​យក។

ការ​រិះគន់​នេះ បន្ទាប់​ពី​តំណាងរាស្ត្រ និង​មន្ត្រី​បក្ស​ប្រឆាំង​ប្រមាណ​១០​នាក់ ស្នើ​សុំ​ជួប​សួរសុខទុក្ខ​ជន​សង្ស័យ​ម្នាក់​ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​នេះ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ជួប​សួរសុខទុក្ខ​កាល​រសៀល​ថ្ងៃ​ទី​៤ ខែ​សីហា។

រយៈ​ពេល​ពីរ​ថ្ងៃ ក្រោយ​ដាក់​លិខិត​ចូល​ស្ថាប័ន​អយ្យការ​ខេត្ត​ពោធិ៍សាត់ ដើម្បី​សុំ​ជួប​សួរសុខទុក្ខ​អនុ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ក្នុង​ពន្ធនាគារ។ តំណាងរាស្ត្រ និង​មន្ត្រី​បក្ស​ប្រឆាំង ខកចិត្ត​ចំពោះ​ស្ថាប័ន​តុលាការ និង​ប្រធាន​អគ្គានុរក្ស​ដែល​មិន​ឲ្យ​ពួកគេ​ជួប​ជន​សង្ស័យ​តាម​ការ​ស្នើ​សុំ។ ប៉ុន្តែ​មន្ត្រី​ទាំង​នេះ ប្ដេជ្ញា​ថា​នឹង​រក​គ្រប់​មធ្យោបាយ​ដើម្បី​ចូលជួប​សួរ​សុខទុក្ខ​ឲ្យ​បាន។

តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ពោធិ៍សាត់​​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក ងឹប ញេង ថ្លែង​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ថា​មន្ត្រី​ពន្ធនាគារ​មិន​បាន​ផ្ដល់​ហេតុផល នៃ​ការ​មិន​អនុញ្ញាត​ឲ្យ​ចូល​ជួប​សួរសុខទុក្ខ​អ្វី​ទាំង​អស់ ដូច​ជា​មិន​ទទួល​ខុសត្រូវ​លើ​ការងារ​របស់​ខ្លួន។ លោក​រំលឹក​ថា ក្នុង​លិខិត​លោក​បាន​បញ្ជាក់​ថា​នឹង​មាន​មនុស្ស​ដប់​នាក់​ចូល​សួរ​សុខទុក្ខ​ជន​សង្ស័យ​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៦ ប៉ុន្តែ​គេ​មិន​ឲ្យ​ជួប រហូត​ដល់​លោក​សុខចិត្ត​នាំ​គ្នា​តែ​បី​នាក់​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ពន្ធនាគារ​ចូល​សួរ​សុខ​ទុក្ខ​ក៏​គេ​មិន​ព្រម ហើយ​ប្រធាន​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ក៏​មិន​ចេញ​មក​ប្រាប់​លោក​ដែរ៖ «អា​ហ្នឹង​ជា​សេវា​រដ្ឋបាល​មួយ​ដែល​ខ្ញុំ​យល់​ថា​អត់​មែនទែន ដែល​ប្រជា​ពលរដ្ឋ​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​ខ្ញុំ​ស្នើ​សុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ធ្វើ​ម៉េច​ពង្រឹង​សេវា​សាធារណៈ​ឲ្យ ជា​សេវា​ទាំង​អស់​បម្រើ​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ។ ការ​ដែល​រារាំង​មិន​ឲ្យ​ខ្ញុំ​ចូល​ជួប​សួរ​សុខទុក្ខ​អ្នក​ដែល​ឃុំ​ខ្លួន ជា​ការ​បំបិទ​សេរីភាព​ខ្ញុំ​មួយ ហើយ​ខ្ញុំ​ធ្វើ​ម៉េច​ដឹង​ថា​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ហ្នឹង​គេ​ធ្វើ​បាប​គាត់ ឬ​មួយ​សុខភាព​គាត់​យ៉ាង​ណា»

ចំណែក​កូន​ស្រី​ទី២​របស់​ជនសង្ស័យ គឺ​លោកស្រី ថន លក្ខិណា រៀបរាប់​ថា ម្ដាយ​លោកស្រី​មាន​វ័យ​៦២​ឆ្នាំ មាន​ជំងឺ​ឡើង​ឈាម ឆ្អឹង​ស្ពោត និង​អាស៊ីដ​ឡើង​ខ្លាំង កំពុង​រស់នៅ​ក្នុង​ពន្ធនាគារ​ទាំង​ភាព​ភ័យ​ខ្លាច៖ «ពេល​ខ្ញុំ​យក​បាយ​ឲ្យ​គាត់​ៗប្រាប់​ខ្ញុំ​ទាំង​យំ​ថា អ្នក​ដែល​ជាប់​ទោស​ដូច​គ្នា​យក​កាំបិត​មក​គំរាម​គាត់ ហើយ​ចង្អុល​គាត់​ដល់​ថ្ងាស។ ខ្ញុំ​មើល​ទៅ​មិន​អាច​ជាប់​ប៉ះពាល់​រឿង​ដី​ដែរ វា​អាច​ទាក់ទង​នឹង​រឿង​នយោបាយ ព្រោះ​អី​នៅ​ក្នុង​ខេត្ត​ពោធិ៍​សាត់​ចេញ​មុខ​លេចធ្លោ​ជាង​គេ។ ហើយ​ខ្ញុំ​ក៏​បាន​សួរ​សមត្ថកិច្ច​ខ្ញុំ​ថា កន្លែង​ម៉ាក់​ខ្ញុំ​គេ​ចេះ​តែ​ធ្វើ​បាប​គាត់​បង​ជួយ​មើល​គាត់​ផង គេ​ថា ធម្មតា​អ្នក​ជាប់​ទោស​ដូច​គ្នា ហើយ​ខ្ញុំ​ថា​បើ​សិន​គាត់​គ្រោះ​ថ្នាក់​អី​គិត​យ៉ាង​ម៉េច? អគ្គានុរក្ស៖បើ​គ្រោះ​ថ្នាក់​ជា​រឿង​របស់​យើង»

ឆ្លើយតប​បញ្ហា​នេះ​ប្រធាន​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​លោក អ៊ី អៀម បញ្ជាក់​យ៉ាង​ខ្លី​ថា ការ​ដែល​មិន​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​ចូល​សួរ​សុខទុក្ខ​ជន​សង្ស័យ​នោះ គឺ​ដោយសារ​លោក​មិន​ទាន់​ទទួល​បាន​ចំណារ​ពី​ស្ថាប័ន​អយ្យការ ហើយ​លោក​បដិសេធ​ថា នៅ​ក្នុង​ពន្ធនាគារ​ពុំ​មាន​ករណី​ប្រើ​អំពើ​ហិង្សា ឬ​គំរាមកំហែង​អ្នក​ទោស ឬ​ជន​សង្ស័យ​នោះ​ទេ៖ «ម្សិលមិញ​ម៉ោង​ពីរ គាត់​មក​មាន​លិខិត​មួយ​សរសេរ​ដាក់​ចូល​ទៅ​ព្រះរាជអាជ្ញា ហើយ​ដល់​ពេល​ហ្នឹង​អត់​ទាន់​មាន​ឃើញ​ចំណារ​ពី​ព្រះរាជអាជ្ញា​ខ្ញុំ​អត់​អនុញ្ញាត​ឲ្យ​ចូល»

អាស៊ី​សេរី​មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​លោក តន់ សីហតេជៈ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​លិខិត​ស្នើ​សុំ​ជួប​ជនសង្ស័យ​ដែល​ស្នើ​ដោយ​មន្ត្រី​បក្ស​ប្រឆាំង​នេះ​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា។ ចំណែក​អ្នក​នាំ​ពាក្យ​របស់​ស្ថាប័ន​អយ្យការ នៃ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក ឡុង ជាប បដិសេធ​ថា លោក​មិន​ទាន់​ទទួល​បាន​លិខិត​ស្នើ​សុំ​ជួប​ជន​សង្ស័យ​ដែល​ជា​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​នេះ​នៅ​ឡើយ​ទេ។

មន្ត្រី​បក្ស​ប្រឆាំង និង​កូន​ស្រី​របស់​ជន​សង្ស័យ​អះអាង​ថា​លោកស្រី ទេព ធីតា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៦ តាម​អំណាច នៃ​បណ្ដឹង​របស់​ស្ត្រី​ម្នាក់​ឈ្មោះ កែ មិនា ពាក់ព័ន្ធ​នឹង​រឿង​បោះ​បង្គោល​ព្រំ​ដី។ នៅ​អំឡុង​ឆ្នាំ​២០១៤ តុលាការ​សម្រេច​ចោទ​លោក​ស្រី ទេព ធីតា ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ និង​បំផ្លាញ​ធនធាន​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។