ចាប់ជំរិត​ស្ត្រីជន​ជាតិចិន​ក្នុង​អា​ផាត​ម៉ិ​ន សង្ស័យ​ល្បិច​កល​ស្ត្រី​រង​គ្រោះ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយសារ​តែ​ស្ត្រីជន​ជាតិចិន​ម្នាក់ ត្រូវ​ជនជាតិ​ចិន​ដូច​គ្នា​ចាប់ជំរិត​ទារប្រាក់​បាន​៤​ម៉ឺន​យ័ន ហើយ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព និងបង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ខែសីហា នៅ​ចំណុច​អា​ផាត​ម៉ិន​នគរ​ឡាក់​គី ជិត​ចំណតរថយន្ត​ផ្សារ​ធំ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ ។

បើ​តាម​ស្ត្រីជន​ជាតិចិន​ដែល​រង​គ្រោះ ដែល​ជា​អ្នកលក់​សម្លៀក​បំពាក់​កូន​ក្មេង​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក តូប​លេខ​៣៧០ បានឱ្យ​ដឹង​ថា រូប​គាត់​និង​ជនសង្ស័យ​មិន​ដែល​ស្គាល់គ្នា​ទេ ។ នៅ​មុន​កើតហេតុ​មួយ​ថ្ងៃ ជនសង្ស័យ​បាន​ទូរស័ព្ទ​មក​ទាក់ទង​រូប​គាត់ ដែល​មិនដឹង​ថា​បាន​លេខ​ទូរស័ព្ទ​មកពីណា​ទេ​ថា​ចង់​រកស៊ី​ជាមួយ​គាត់ ព្រោះ​គេ​ស្គាល់​រោងចក្រ​ផលិត​សម្លៀក​បំពាក់​។ ពេល​ឮ​ដូចនេះ រូប​គាត់​ក៏​បាន​ណាត់​ជាមួយ​ជនសង្ស័យ​ដើម្បី​រកស៊ី​ជាមួយ​គ្នា ។ 

ស្ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា លុះ​ស្អែក​ឡើង​ថ្ងៃ​ទី​៤ ខែសីហា វេលា​ម៉ោង​៨​ព្រឹក គាត់​បាន​ឲ្យ​ប្តី​មក​ជួយ​លក់​មួយ​ព្រឹក​ព្រោះ​គាត់​ត្រូវ​ទៅ​ក្រៅ​ជួប​ម៉ូយ ដែល​ជា​អ្នក​នាំ​សម្លៀក​បំពាក់​ពី​ក្រៅប្រទេស ។ បន្ទាប់​មក គាត់​បាន​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ពី​ផ្សារ​អូ​ឡាំ​ពិ​ក​សំដៅ​ទៅ​ផ្លូវ​លេខ​៣១០​ដើម្បី​ទៅ​យក​មិត្តភក្តិ​ម្នាក់​ទៅ​ជាមួយ​ដែរ​គ្រាន់​បានជា​គ្នា ។ ខណៈ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ចេញ​ផុត​ពី​ផ្សារ​អូ​ឡាំ​ពិ​កបាន​បន្តិច​ដល់​ចំណុច​ផ្លូវកែង ស្រាប់តែ​មាន​រថយន្ត​ទួ​រី​ស​មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ​បាន​បើក​មក​ស្ទាក់់​ពីមុខ​រ៉ឺ​ម៉ក​ម៉ូតូ ហើយ​មាន​បុរស​២​នាក់​ចុះ​ពីលើ​រថយន្ត​មក​គំរាម​បាញ់​សម្លាប់ រួច​ចាប់​គាត់​ចង​បិទ​ភ្នែក ដក​កាំភ្លើង​ភ្ជង់ ហើយ​រុញ​បញ្ចូល​ក្នុង​រថយន្ត​ដឹក​យក​មក​ដល់​ផ្សារ​ធំ​ថ្មី​ទើប​បើកភ្នែក​វិញ និង​បាន​នាំ​គាត់​ឡើង​ទៅ​អា​ផាត​​ម៉ិននគរ​ឡាក់​គី បន្ទប់​លេខ​៣០៥ ដោយ​មាន​កាំភ្លើង​ភ្ជង់​ជាប់​ពីក្រោយ​រហូត ។

ស្ត្រី​រង​គ្រោះ​រៀបរាប់​ទៀត​ថា ពេល​ដល់​ក្នុង​បន្ទប់​ជនសង្ស័យ​បាន​ប្រាប់​គាត់​ឲ្យ​ទូរស័ព្ទ​ទៅ​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​ចិន​ផ្ញើ​ប្រាក់​ចំនួន​១០​ម៉ឺន​យ័ន ស្មើនឹង​ជិត​៣​ម៉ឺន​ដុល្លារ​មក​ឲ្យ​ពួក​គេ​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង ប៉ុន្តែ​ដោយសារ​ខាង​គ្រួសារ​នៅ​ឯ​ស្រុក​ចិន​រក​លុយ​មិន​ទាន់ ក៏​សុំ​មក​នៅ​ត្រឹម​៤​ម៉ឺន​យ័ន ។ ក្រោយ​ពី​បាន​ទទួល​ប្រាក់​ហើយ​ក្រុម​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ស្រមោល​អស់ ទៅ នៅ​សល់​តែ​រូប​គាត់​ដែល​ត្រូវ​ជនសង្ស័យ​ចាប់​ចងដៃ បាន​ដើរទៅ​ជិត​តុ​យក​កាំបិត​កាត់​ចំណង រួច​ហើយ​ទូរស័ព្ទ​ប្រាប់​ប្តី ។

ចំណែក​អ្នក​គ្រប់​គ្រង់​អា​ផាត​ម៉ិន និយាយ​ថា មុន​កើត​ហ​តុ​មួយ​ថ្ងៃ មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៧​ទៅ​៨​នាក់ បាន​មក​ជួល​អា​ផាត​ម៉ិន​ស្នាក់​នៅ​មួយ​ថ្ងៃ គឺ​បន្ទប់​លេខ​៣០៥​និង​លេខ​២០៦​។ នៅ​យប់​ថ្ងៃ​ទី​៤ ខែសីហា គាត់​បានឃើញ​ស្ដ្រីជន​ជាតិចិន​រូប​នេះ​ដើរ​ចូល​ក្នុង​អា​ផាត​ម៉ិន​ជាមួយ​បុរស​២​នាក់ តែ​មើល​តាម​កាយវិការ​ហាក់ដូចជា​អត់​មានការ​គំរាមកំហែង​អ្វី​ទេ គឺ​បុរស​ទាំង​២​នាក់​ដើរ​ពីមុខ ឯ​ស្ត្រី​រង​គ្រោះ​ដើរ​ខាងក្រោយ  ស្រាប់តែ​នៅ​វេលា​ម៉ោងជាង​៧​យប់ ក៏​ភ្ញាក់ផ្អើល​ថា​មាន​គេ​ចាប់ជំរិត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ចូល​ទៅ​បន្ទប់​លេខ​៣០៥ ដែ​លេ​ឃុំ​ជន​រង​គ្រោះ និង​ឃើញ​ខ្សែចំណង​ចងដៃ​ចំនួន​៣​ខ្សែ កូនកាំបិត​១ ព្រមទាំង​ធ្វើការ​ត្រួតពិនិត្យ​តាម​កាមេរ៉ា​សុវត្ថិភាព និង​នាំ​អ្នកគ្រប់គ្រង​អា​ផាត​ម៉ិ​ន​និង​ជន​ង​គ្រោះ​ទៅ​សួរនាំ​បន្ត​ទៀត ។

ជំហាន​ដំបូង សមត្ថកិច្ច​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​ជា​ករណី​អ្វី​ឱ្យ​ពិតប្រាកដ​ទេ ព្រោះថា​តាម​សម្តី​ជន​រង​គ្រោះ ​និង​សម្ដី​អ្នកគ្រប់គ្រង​អា​ផាត​ម៉ិ​ន ហាក់ដូចជា​មិន​ស៊ីសង្វាក់​គ្នា​សោះ មាន​តែ​នាំ​ជន​រង​គ្រោះ និង​អ្នក​គ្រប់​គ្រង់​អា​ផាត​ម៉ិន ព្រមទាំង​យក​វី​ដេ​អូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​មក​ធ្វើការ​វិភាគ ​និង​សួរនាំ​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន ទើប​អាច​សន្និដ្ឋាន​បាន​ថា​ជា​ករណី​អ្វី ?

ចំណែក​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​បាន​បង្ហើប​ថា អាច​ជា​ល្បិច​កល​របស់​ស្ត្រី​រង​គ្រោះ​ដែល​សង្ស័យ​ជំពាក់​លុយ​គេ​ច្រើន ទើប​ប្រើ​ល្បិច​ចាប់ជំរិត​ដើម្បី​យក​លុយ​ពី​ក្រុម​គ្រួសារ​មក​សង​គេ​ក៏​អាច​ថា​បាន ។ ទោះបីជា​យ៉ាងណា នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ថា​ជា​ករណី​អ្វី​ឲ្យ​ពិតប្រាកដនោះ ៕