​របប​តិរច្ឆាន​កម្ពុជា៖ ផៃ ស៊ីផាន ហៅ​​សមាជិក​សភា​​ខ្មែរ-​អូស្ត្រាលី ថា​ពាល-​ថោកទាប

សម្រាប់មន្ត្រីរដ្ឋាភិបាល ការប្រៀបធៀបរបបដឹកនាំកម្ពុជាសព្វថ្ងៃ ថាមានលក្ខណៈ«តិរច្ឆាន» គឺជាការទទួល​យក​មិន​បាន និងជាការម៉ាក់ងាយដ៏ធ្ងន់ធ្ងរ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី បានហៅ​ការ​លើក​ឡើង​បែប​នោះ របស់​តំណាង​រាស្ត្រ​អូស្ត្រាលី ដែលមានដើមកំណើតខ្មែរ លោក ហុង លីម ថាពោរពេញ​ដោយ ឥរិយាបថ​«ពាល» និង​ចរិក​«ថោកទាប»។
​របប​តិរច្ឆាន​កម្ពុជា៖ ផៃ ស៊ីផាន ហៅ​​សមាជិក​សភា​​ខ្មែរ-​អូស្ត្រាលី ថា​ពាល-​ថោកទាប

លោក ហុង លីម សមាជិកសភាអូស្ត្រាលី ដែលមានដើមកំណើតខ្មែរ ថ្លែងនៅក្នុងពិធីក្នុងប្រទេសអូស្ត្រាលី។ (រូបថតផ្តិតពីវីដេអូ)

ប៉ះពាល់ដល់របបដឹកនាំនៅភ្នំពេញ គឺប៉ះពាល់ដល់ប្រទេសកម្ពុជាទាំងមូល រាប់បញ្ចូលទាំង ព្រះមហាក្សត្រ ព្រះ​សង្ឃ ប្រជាពលរដ្ឋ កម្មករ អ្នកតំណាងរាស្ត្រ បញ្ញាវ័ន្ត មន្ត្រីរាជការ។ ហើយការលើកឡើង ពីការ​ប្រៀប​ធៀប​របប​នេះ ទៅនឹងរបបណាមួយ ដែលមានលក្ខណៈ«តិរច្ឆាន»នោះ គឺជាការលើកឡើង ដែលមាន​ឥរិយាបទ​«ពាល» និងមានចរិត«ថោកទាប»។ ទាំងនេះ ជាអ្វីដែលគេអាចអាន និងយល់បាន នៅក្នុង​លិខិត​ចំហរ​មួយ របស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី ប្រតិកម្មទៅនឹងការថ្លែងមួយ របស់​លោក ហុង លីម តំណាង​រាស្ត្រ​អូស្ត្រាលី ដែលមានដើមកំណើតខ្មែរ។

នៅក្នុងកិច្ចសម្ភាសមួយ ដែលតំណាងរាស្ត្រ និងជាសមាជិកសភាអូស្ត្រាលីរូបនេះ ផ្ដល់ទៅឲ្យវិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជាភាសាខេមរភាសា លោក ហុង លីម បានធ្វើការប្រៀបធៀប និងចាត់ទុករបបដឹកនាំ នៅក្នុង​ប្រទេស​កម្ពុជា​​សព្វ​​ថ្ងៃ ថាមានលក្ខណៈ«តិរច្ឆាន»។ ការលើកឡើងនោះ ជាការវាយតម្លៃរបស់លោក ហុង លីម ទៅ​នឹង​ហេតុការណ៍​​បាញ់សម្លាប់​​លោក កែម ឡី កណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា​កន្លង​មក។ លោក ហុង លីម បាន​ថ្លែង​នៅ​ក្នុងកិច្ចសម្ភាសនោះថា៖ «យើងសង្ឃឹមថា ឃាតកម្មទៅលើគាត់ហ្នឹង (លោក កែម ឡី) នឹង​ធ្វើ​ឲ្យ​យើង មានចិត្តកាន់តែតស៊ូឡើង ព្រោះជាតិយើង ស្រុកយើង ត្រូវថ្លៃថ្នូ ត្រូវគ្រាន់បើ ត្រូវ​សម្បូរ​សប្បាយ​ជាងនេះ ជាង​សព្វថ្ងៃ មិនត្រូវមានលក្ខណៈរបៀបដូចតិរច្ឆាន ដូចសព្វថ្ងៃនេះទេបាទ»។

ជាប្រតិកម្មតបវិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី បានពន្យល់នៅក្នុងលិខិតចំហរ ចុះ​ថ្ងៃ​ទី៥ ខែ​សីហា​ថា៖ «អ្នកជំនួញធំៗ និង អ្នកនយោបាយរបស់សហរដ្ឋអាមេរិក ដែលមានគតិយុត្តិធម៌ ចំពោះ ភាព​សុច្ចរិត និង​តថភាព របស់ខ្មែរបានវាយតម្លៃខ្ពស់ ចំពោះបរិយាកាស និងស្ថានភាពល្អ របស់កម្ពុជា ដែល​គេ​មាន​សេចក្ដី​រីករាយ និងមានសង្ឃឹមលើកិច្ចសហការ ក៏ដូចជាបំណង នៃការបណ្ដាក់ទុនរកស៊ី នៅក្នុង​កម្ពុជា។ បំណង​របស់​ពាណិជ្ជករ​ទាំង​អស់​នោះ គឺបង្ហាញជាសារធារណៈ នូវស្ថានភាពអំណោយផល នៅក្នុង​ធុរកិច្ច​របស់​​ពួក​គេ គឺ​ទាំង​កិច្ចពាក់ព័ន្ធនឹងផ្លូវច្បាប់ ក៏ដូចជាបញ្ហាពុករលួយ ដែលគេតែងតែចោទប្រកាន់ផងដែរ។»។

មន្ត្រីជាន់ខ្ពស់ របស់ទីស្ដីការគណរដ្ឋមន្ត្រី ដែលជាស្ថាប័នដៃស្ដាំមួយ របស់នាយករដ្ឋមន្ត្រីចាស់វស្សាកម្ពុជា លោក ហ៊ុន សែន បានបន្តទៀតថា៖ «ខ្ញុំពិតប្រាកដមិនជឿជាក់ថា លោកជំទាវអគ្គរដ្ឋទូតអូស្ត្រាលី "Angela Corcoran" ដែលឈរជើងនៅកម្ពុជា រួមជាមួយនឹងស្ថានទូត​​បរទេស​​ចំនួនរាប់សិប ដែលកំពុងតែ​បំបេញ​បេសកកម្ម ការងារ​ទូតរបស់ពួកគេ នៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្ននោះ ប្រាកដធ្វើការជាមួយ​របប​តិរច្ឆាន​នេះ​ឡើយ។ សូម្បី​តែអង្គការសហប្រជាជាតិ ក៏ពុំបានវាយតម្លៃមកលើ ប្រទេសកម្ពុជាដល់ថ្នាក់នេះដែរ។ សូម​លោក​​តំណាង​​រាស្រ្ត ហុង លីម ពិចារណាអំពីឥរិយាបថ (ពាល) របស់លោក សារជាថ្មីម្ដងទៀត។»។

បន្ទាប់មក លោក ផៃ ស៊ីផាន បានវាយបក ត្រឡប់ទៅលោក ហុង លីម វិញថា៖ «គួរអោយសោកស្ដាយ​បន្ថែម​ទៀត​​នោះ គឺប្រជាពលរដ្ឋអូស្រ្តាលី ដែលមានឈាមជ័រប្លែកៗគ្នា បានផ្ដល់សេចក្ដីគាំទ្រ និងទុកចិត្ត តាម​រយៈ​សន្លឹក​​ឆ្នោត ដែលគេសង្ឃឹមថា លោក ហុង លីម ជាមនុស្សថ្លៃថ្នូរ ដែលមិនគួរមានចរិតថោកទាប ប្រើពាក្យ​"ពាល"​​លាប​​ពណ៌​​​កម្ពុជាបច្ចុប្បន្ន ដូច្នេះនោះទេ ហើយអំពើនេះ ក៏អាចធ្វើឲ្យមានភាពអាម៉ាស និង ស្រអាប់​ពណ៌ ដល់​ប្រជា​ពលរដ្ឋអូស្រ្តាលីមួយចំនួន ដែលមានអ្នកតំណាងរបស់ខ្លួន អសីលធម៌ ដូចលោក ហុង លីម បែប​​នេះ»។

ជាមួយនឹងក្ដីសង្ឃឹមថា ស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា នឹងធ្វើការប្រតិកម្ម ក្នុងករណីនេះនោះ មន្ត្រី​រដ្ឋាភិបាល​ដដែល បានសម្ដែងការប្ដេជ្ញាចិត្ត ក្នុងនាម«មន្រ្តីរាជការ កងប្រដាប់អាវុធ មានជំនឿថា កម្មករ កសិករ និង​ពាណិជ្ជករទាំងអស់» ក្នុងប្រទេសកម្ពុជាថា៖ «យើងខ្ញុំ (...) ពុំអាចទទួលយកបាន ចំពោះ​ការ​ប្រើ​ប្រាស់​​ពាក្យ​"ពាល" ប្រកបដោយឥរិយាបថថោកទាប មិនឆ្លុះបញ្ចាំង ឫ សក្ដិសម និងសីលធម៌ គុណធម៌ ដែល​ជា​អ្នក​​តំណាង​រាស្រ្ត នៃប្រជាជាតិស៊ីវីល័យ និងស្ថេរភាព ជាមួយនឹងការងារទូតនៃទំនាក់ទំនង និង​សហ​ប្រតិបត្តិ​ការ​​ល្អ រវាង​កម្ពជា និងអូស្រ្តាលី នោះឡើយ»៕