ក្រសួង​ទទួល​ស្គាល់​ថា មាន​មន្ត្រី​​ធ្វើ​លិខិត​ឆ្លង​ដែនលេង​ទូរស័ព្ទ

បន្ទាប់ពីប្រតិកម្មខ្លាំងៗ នៅតាមបណ្ដាញសង្គម ពីការលួចលេងទូរស័ព្ទ នៅក្នុងម៉ោងធ្វើការ របស់​មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន​នោះ នៅពេលនេះ ជាប្រតិកម្មជំរះមន្ទិល ពីសំណាក់ក្រសួងមហាផ្ទៃម្ដង ដែលបានចេញមុខ ទទួល​ស្គាល់​បាតុភាព​អសកម្ម​ទាំង​នេះ និងបានអះអាងថា មន្ត្រីទាំងនោះ បានទទួលការណែនាំរួចហើយ។
ក្រសួង​ទទួល​ស្គាល់​ថា មាន​មន្ត្រី​​ធ្វើ​លិខិត​ឆ្លង​ដែនលេង​ទូរស័ព្ទ

មន្ត្រីធ្វើលិខិតឆ្លងដែន ដែលរងការរិះគន់ថា បានលួចប្រើប្រាស់ទូរស័ព្ទ«ជ្រុល» នៅក្នុងម៉ោងធ្វើការ ខណៈពលរដ្ឋ​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ។ (រូបថតហ្វេសប៊ុក)

«ពិតជាមានភាពអសកម្ម របស់មន្ត្រីខ្លះ នៅក្នុងនាយកដ្ឋាន​ស្ថិតិ ​និង​លិខិត​ឆ្លងដែន» នេះជាការបញ្ជាក់​ទទួល​ស្គាល់ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ តាមរយៈវិទ្យុបារាំងអន្តរជាតិ ដោយបាន​អះអាង​បន្ថែម​ថា មន្ត្រីជាប់ពាក់ព័ន្ធ​ទាំងប៉ុន្មាននាក់នោះ ត្រូវបានទទួលការណែនាំរួចរាល់ហើយ។

ការប្រកាសទទួលស្គាល់ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់រូបថត និងវីដេអូជាច្រើន ត្រូវ​បាន​ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បង្ហោះចែកចាយគ្នាយ៉ាងព្រោងព្រាត ដោយមានអម​ទាំង​ពាក្យ​រិះគន់​ធ្ងន់ៗ មកជាមួយផង សំដៅទៅមន្ត្រីធ្វើលិខិតឆ្លងដែនមួយចំនួន ដែលបានយកពេលធ្វើការ ទៅ​អង្គុយ​ចុច​ទូរស័ព្ទ​ដៃ ឬនិយាយទូរស័ព្ទ ធ្វើបែបវាហី នៅចំពោះការតម្រង់ជួរ​រង់ចាំដ៏អន្ទះសារ របស់ពលរដ្ឋ។

» អានអត្ថបទដែលទាក់ទង៖ អ្នក​លេង​ហ្វេសប៊ុក​រិះគន់ មន្ត្រី​ធ្វើ​លិខិត​ឆ្លង​ដែន

នៅចំពោះការរិះគន់ទាំងនេះ លោក ខៀវ សុភ័គ បានពន្យល់ថា វាគឺការ​ឆក​ល្វែង​​បន្តិច​បន្តួច​ នៅក្នុង​ម៉ោង​រដ្ឋបាល ដែលតែងកើតឡើងជាធម្មតា នៅគ្រប់កន្លែងធ្វើការ។

រីឯអនុប្រធាននាយកដ្ឋានស្ថិតិ និងលិខិតឆ្លងដែន លោក កែ សុវ៉ាត វិញ ក៏បានអះអាងប្រហាក់ប្រហែលគ្នា និង​អ្នកនាំពាក្យក្រសួងមហាផ្ទៃដែរ។ លោក សុវ៉ាត បានផ្ដល់កិច្ចសម្ភាស ដល់វិទ្យសម្លេងវាយោថា លោកទទួល​យក​កំហុស​ឆ្គងទាំងនេះ ដែលបង្កឡើងដោយមន្ត្រីក្រោមបង្គាប់ ហើយលោកបានកោះប្រជុំជាបន្ទាន់ ដើម្បី​ធ្វើការ​ណែនាំ​ពួកគេ​រួចជាស្រេចហើយ៕

» រូបភាពរបស់មន្ត្រីធ្វើលិខិតឆ្លងដែន ដែលលួចលេងទូរស័ព្ទ៖