ACU​នឹង​បញ្ជូន​មន្ត្រី​តុលាការ​កំពូល​ម្នាក់​ទៅ​កាន់​សាលាក្រុង​នៅ​ចុង​សប្ដាហ៍​នេះ

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ប្រាប់​អាស៊ី​សេរី នៅថ្ងៃទី៦ ខែ សីហា​ថា កាល​ល្ងាច​ថ្ងៃ​សុក្រទី៥ សីហា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​សម្រេច​ឃាត់​ខ្លួន​មន្ត្រី​ក្រឡា​បញ្ជី​តុលាការ​កំពូល​១រូប ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ។

លោក ឱម យ៉ិនទៀង បន្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​បញ្ជូន​មន្ត្រី​តុលាការ​រូប​នេះ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង​៤​រសៀល ថ្ងៃ​អាទិត្យ​ខាង​មុខ។ ប៉ុន្តែ​ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ​រូប​នេះ បដិសេធ​មិន​ទាន់​អាច​បញ្ចេញ​អត្តសញ្ញាណ មន្ត្រី​ក្រឡា​បញ្ជី​តុលាការកំពូល​១រូប​នោះ ថា​ឈ្មោះ​អ្វី ឬ​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្តិ​រឿងរ៉ាវ​ពុករលួយ​អ្វី​ប្រាកដ​នោះ​ទេ ដោយ​លោក​ថា ស្ថិត​ក្នុងដំណាក់កាល​ស៊ើបអង្កេត​នៅ​ឡើយ។

បើ​ទោះ​បី​ជា ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង មិន​ទាន់​អាច​បញ្ចេញ អត្តសញ្ញាណ​ច្បាស់ ​មន្រ្តីក្រឡាបញ្ជីតុលាការ​កំពូល១រូប នោះ​នៅ​ឡើ ប៉ុន្តែ​តាម​ប្រភពសារព័ត៌មាន​ក្នុង​ស្រុក ឲ្យ​ដឹង​ថា មន្ត្រី​ក្រឡា​បញ្ជី​រូប​នោះ​ឈ្មោះ វ៉ាត ពិសិដ្ឋ ដែល​ទើប​នឹង​ផ្លាស់ពី​ខេត្ត​ប៉ៃលិន មក​កាន់​ការ​នៅ​តុលាការ​កំពូល​កាល​ពី​ពេល​ថ្មីៗ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។