បក្ស​ប្រឆាំង​នៅ​ទទូច​ចង់​ឲ្យ​គ.ជ.ប​យក​ថ្ងៃ​ភ្ជុំ​បុណ្យ​ចុះ​ឈ្មោះ​បោះឆ្នោត

គណបក្ស​ប្រឆាំង​នៅ​ទទូច​ចង់​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កំណត់​យក​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ ធ្វើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ខណៈ​ប្រធាន​គ.ជ.ប​អះអាង​ជា​ថ្មី ថា ខ្លួន​នឹង​ពិចារណា​ចំពោះ​សំណើ​នេះ។

តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃគណបក្ស​សង្គ្រោះ​ជាតិ លោក គីមសួរ ភីរិទ្ធ ថ្លែង​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ថា ​លោក​សោកស្ដាយ ចំពោះ​ការ​បដិសេធ​របស់​គ.ជ.ប លើ​សំណើ​ នេះដែល​ចង់​ឲ្យ​មន្ត្រីគ.ជ.ប ធ្វើការបន្ថែមក្នុងការងារ ចុះ​ឈ្មោះ ​ឲ្យពលរដ្ឋនៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ៖ «គណបក្ស​បាន​សម្ដែង​​នូវ​ការ​សោកស្ដាយ ដោយសារ​ថ្មីៗនេះ យើង​បាន​ធ្វើ​សំណើ​មួយ​ទៅ​​គ..ប តែ​គ..ប​បាន​បដិសេធ​​សំណើ​របស់​យើង។ នេះ​ហើយ​​ជា​ការណ៍​មួយ​ដែល​យើ​ងមាន​ការ​សោកស្ដាយ​ ហើយ​យើង​នៅ​តែ​មាន​បំណង​ឲ្យ​គ..ប ពិចារណា​ឡើង​វិញ​នូវ​លទ្ធភាព​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​​នៅ​ថ្ងៃ​ភ្ជុំ​បិណ្ឌ​។ យើង​នៅ​តែ​ទាមទារ​ នៅ​តែ​លើក​សំណើ​បន្ត​ទៀត ថ្វីត្បិត​តែ​បច្ចុប្បន្ន​នេះ​គ..ប​ធ្វើ​ការ​បដិសេធ​ហើយ​ក៏ដោយ»។

ចំពោះ​សំណើ​ឲ្យ​មាន​ការ​រៀបចំ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​នេះ គណបក្ស​សង្គ្រោះជាតិ​លើក​ហេតុផល​ថា ជា​ការ​បង្ក​ភាព​ងាយ​ស្រួល​ដល់​កម្មករ និង​ពលករចំណាកស្រុក​ដែល​សម្រាក​ពី​ការងារ ហើយមក​លេង​ស្រុក​កំណើត។

​នៅក្នុងសន្និសីទកាសែតកាល​ពី​ថ្ងៃ​ទី​៥ សីហា នៅ​ការិយាល័យគ.ជ.ប ប្រធាន​គ.ជ.ប លោក ស៊ិក ប៊ុនហុក ថ្លែង ​ថា លោក​នឹង​ពិចារណា​ចំពោះ​​ការ​ស្នើ​សុំ​នេះ។ ប៉ុន្តែ​លោក​ថា មន្ត្រីគ.ជ.ប ធ្វើ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ រយៈ​ពេល​៣​ខែ ដោយ​គ្មាន​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ​ ដូច្នេះ​ ​លោក​យល់​ថា មានពេលវេលាគ្រប់គ្រាន់។

គម្រោង​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស នឹង​មាន​រយៈពេល​៣​ខែ ចាប់​ពី​ថ្ងៃ​ទី​១ កញ្ញា ដល់​ថ្ងៃ​ទី​២៩ វិច្ឆិកា លើក​លែង​តែ​៣​ថ្ងៃ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។