ជូស្ទីន បាយប៊ើរ បដិសេធ​ទឹក​ប្រាក់​រាប់​លាន​ផ្ដល់​ដោយ ត្រាំ

តារាចម្រៀងជាតិកាណដា ជូស្ទីន បាយប៊ើរ (Justin Bieber) បានបដិសេធមិនចូលខ្លួន ដើម្បី​ច្រៀង​ឲ្យ​បេក្ខជន​ប្រធានាធិបតី​អាមេរិក មក​ពី​គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ឡើយ (Donald Trump) បើទោះ​ជា​មហា​សេដ្ឋី​រូបនេះ បាន​ត្រៀម​ផ្ដល់​ជូន​តារា​ចម្រៀង នូវ​ទឹក​ប្រាក់​រាប់​លាន​ក៏ដោយ។
ជូស្ទីន បាយប៊ើរ បដិសេធ​ទឹក​ប្រាក់​រាប់​លាន​ផ្ដល់​ដោយ ត្រាំ

ពីឆ្វេងមកស្ដាំ៖ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីអាមេរិក និងតារាចម្រៀង ជូស្ទីន បាយប៊ើរ។ (រូបថតឯកសារ)

ទឹកប្រាក់ ៥លានដុល្លារ ជាខ្ទង់ចំណាយមួយ របស់ក្រុមឃោសនាបោះឆ្នោត របស់បេក្ខជនប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រៀមផ្ដល់ទៅឲ្យតារាចម្រៀង ជូស្ទីន បាយប៊ើរ (Justin Bieber) ដើម្បីឡើងមកច្រៀងឲ្យបេក្ខជន មកពីគណបក្សប្រជាធិបតេយ្យរូបនេះ សម្រាប់រយៈពេល៤៥នាទី។ ការប្រគុំ​តន្ត្រី​នោះ នឹងមិនត្រូវយកទៅបកស្រាយ ជាលក្ខណៈនយោបាយឡើយ។ នេះបើតាមការអះអាង របស់​អ្នក​ជិត​ដិត​បំផុត​របស់លោក ដូណាល់ ត្រាំ ដែលត្រូវបានគេហទំព័រ «tmz.com» យកមករាយការណ៍។

ប៉ុន្តែតារាចម្រៀងល្បី បានច្រានចោលការស្នើសុំនោះ។ តើតារាចម្រៀងវ័យក្មេង ជាតិកាណាដា ជូស្ទីប បាយប៊ើរ មិនរសើបជើងធ្មេញ នឹងទឹកប្រាក់រាប់លានបែបនេះទេ ឬយ៉ាងណា?

បើតាមព័ត៌មានរបស់គេហទំព័រដដែលនោះ បានបង្ហើបឲ្យដឹងទៀតថា ភ្នាក់ងារគ្រប់គ្រងរបស់តារាចម្រៀង គឺជា​អ្នកស្មោះស្ម័គ្រមួយរូប របស់បេក្ខនារីប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ដែលជាគូប្រជែងរបស់លោក ដូណាល់ ត្រាំ។ ភ្នាក់ងាររូបនោះ បានគម្រាមតារាចម្រៀង ថា​ខ្លួន​នឹង​លាឈប់ ពីតួនាទីជាអ្នកគ្របគ្រងចាត់ចែង ឲ្យ ជូស្ទីន បាយប៊ើរ ទៀត ប្រសិនជាតារាចម្រៀង យល់​ព្រម​ចូល​ខ្លួន ទៅក្នុងព្រឹត្តិការណ៍ណាមួយ ដែលផ្ដល់ប្រយោជន៍​ទៅឲ្យលោក ដូណាល់ ត្រាំ។

សម្រាប់ទូរទស្សន៍បារាំង «BFMTV» វិញ បានអះអាងថា ទឹកប្រាក់ដ៏សម្បើមបែបនេះ មិនដែលត្រូវបាន​តារា​ចម្រៀង ទទួលបានពីមុនមកទេ។ ខណៈឯគេហទំព័រ «TMZ» វិញ បានបញ្ជាក់បន្ថែមទៀតថា តារា​ចម្រៀង​មួយ​រូប​ទៀត ឈ្មោះ «Nick Jonas» ក៏ត្រូវបានក្រុមការងាររបស់លោក ដូណាល់ ត្រាំ អញ្ជើញឲ្យធ្វើការ​ប្រគុំតន្ត្រី​ដូច​គ្នា​ដែរ តែតារាចម្រៀងក្រោយនេះ បានផ្ដល់ចម្លើយ មិនខុសពី ជូស្ទីន បាយប៊ើរ ឡើយ៕