ធ្វើការ​មុន​ទទួលផល​ ឬ​ទទួលផល​មុន​ធ្វើការ?

នៅ​ក្នុង​ជីវិត​ការងារ​ជាក់ស្តែង មនុស្ស​អាច​ចែក​ចេញ​ជា​ពីរ​ក្រុម​ធំ​ៗ ​ដោយ​ផ្អែក​ទៅ​លើ​របៀប​នៃ​ការ​ធ្វើការ​ងា​របស់​​ពួក​គេ ​។ ក្រុម​ទី​មួយ​ គឺ​មនុស្ស​ដែល​មាន​ឆ​ន្ទៈ​​ស្រឡាញ់​ការងារ​ ហើយ​ពួក​គេ​បំពេញការងារ​អស់ពី​​សមត្ថភាព​ ទៅ​តាម​ការ​ទទួលខុសត្រូវ​ ។ ចំណែក​ក្រុម​ទី​ពីរ ​គឺ​ធ្វើការ​ទៅ​តាម​ផល​ ដែល​ពួក​គេ​ទទួល​បាន​ ។ មាន​ន័យ​ថា ​គេ​កំណត់​ទំហំ​ការងារ​របស់​ពួក​គេ​ ទៅ​តាម​ប្រាក់ខែ​ដែល​គេ​​ទទួល​​បាន ​។

តើ​មនុស្ស​គ្រប់​រូប​ គួរតែ​ធ្វើ​ការងារ​ទៅ​តាម​ផល​ ដែល​ពួក​គេ​ទទួល​បាន​ ឬ​ក៏​ត្រូវធ្វើ​ការងារ​ឱ្យ​អស់​សមត្ថភាព​ ដោយ​មិន​ចាត់​ទុក​ប្រាក់​ខែ​ ជា​រង្វាស់​សម្រាប់​ការងារ​របស់​ពួក​គេ?

នៅ​ក្នុង​ពិសោធន៍​​ការងារ បុគ្គលិក​ខ្លះ​ មាន​សមត្ថភាព​ខ្លាំង ​ប៉ុន្តែ​គេ​ធ្វើ​ការងារ​មិន​អស់ ពី​សមត្ថភាព​ឡើយ​ ដោយ​ពួក​គេ​យល់​ថា​ គេ​ត្រូវ​ធ្វើ​ការងារ​ ទៅ​តាម​ប្រាក់ខែ​ ដែល​គេ​ទទួល​បាន​ ។ ឧបមា​ថា ​ពួក​​គេ​ទទួល​បាន​ប្រាក់ខែ​២០០​ដុល្លារ​ក្នុង​មួយ​ខែ ​ហើយ​ត្រូវ​ធ្វើការ​៨​ម៉ោង ​ក្នុង​មួយ​ថ្ងៃ ​សម្រាប់​រយ​:​ពេល​ប្រាំ​ថ្ងៃ​កន្លះ ​ក្នុង​មួ​យស​ប្តា​ហ៍ ពួក​គេ​នឹង​មិន​ធ្វើ​អ្វី​លើស​ពី​នោះ​ឡើយ​ ។

ពួក​គេ​ខ្លះ​ទៀត​​ថែម​ទាំង​ធ្វើការ​​បង្គ្រប់​ម៉ោង ​ជា​ជាង​ការ​គិតដល់​ផលិតភាព​ការងារ​ ។ ដូច្នេះ មនុស្ស​ខ្លះ​ក៏​បាន​ធ្វើ​ឱ្យ​​សមត្ថភាព​នៃ​ការ​រីក​លូតលាស់​របស់​ពួក​គេ ​ត្រូវ​បាន​កប់​ជាមួយនឹង​ការ​កម្រិត​សមត្ថភាព​ខ្លួនឯង​ នៅ​ក្នុង​ការងារ​ដោយ​ធ្វើ​ការងារ​តម្រូវ​តាម​ប្រាក់ខែ​។ ពួក​គេ ​ក៏​មិន​អាច​បញ្ចេញ​សមត្ថភាព​អស់ ​ដើម្បីឱ្យ​ក្រុមហ៊ុន​ ឬ​ស្ថាប័ន​របស់​ខ្លួន​​ដំឡើង​តួនាទី​ ឬ​ក៏​ប្រាក់​លើកទឹកចិត្ត​ផ្សេង​ៗ​ ។

ជាលទ្ធ​​ផល វា​មិនមែន​ត្រឹមតែ​ជះ​ឥ​ទ្ធិ​ពល​អាក្រក់​ដល់​ក្រុម​ហ៊ុន ​ឬ​ស្ថាប័ន​ទេ វា​ថែម​ទាំង​ធ្វើ​ឱ្យ​​ពួក​គេ​គ្មាន​ឱ​កាស​​នឹង​បង្ហាញ​​ពី​ស្នាដៃ​ព្រមទាំង​ទទួល​ការ​ដំឡើង​តួនាទី​ ដោយសារ​តែ​ពួក​គេ​មិន​បាន​បំពេញការងារ ​ដោយ​ផ្អែក​ទៅ​លើ​សមត្ថភាព​ ប៉ុន្តែ​ផ្អែក​ទៅ​លើ​ប្រាក់​ខែ​​ដែល​ទទួល​បាន​ ។

វា​ចាំបាច់​ណាស់​ ដែល​មនុស្ស​ត្រូវ​ធ្វើការ​ទៅ​តាម​សមត្ថភាព ​ហើយ​រង់ចាំ​ផល​មក​តាម​ក្រោយ​ ។ វា​ជា​ការ​គិត​បញ្ច្រាស​មួយ ​ដែល​មនុស្ស​គិត​ថា ​បាន​ផល​ទើប​ធ្វើ​ការងារ​ ។ ដោយ​បាន​ប្រកាន់​យក​ទស្សន​: «​ធ្វើ​ការងារ​មុន​ទទួលផល​ក្រោយ​» មនុស្ស​បាន​ផ្តល់​
ឱ​កាស​ដល់​ខ្លួនឯង ​សម្រាប់​ការ​ដុសខាត់​សមត្ថភាព ​និង​ការ​រីក​លូតលាស់​សម្រាប់​អនាគត​ ។ ក្រុមហ៊ុន ​ឬ​ស្ថាប័ន ​ត្រូវការ​បុគ្គលិក​ការងារ​ ដែល​មាន​ឆ​ន្ទៈ​​​ នៅ​ក្នុង​ការ​បង្កើន​សមត្ថភាព ​និង​ស្វាហាប់​ចំពោះ​ការងារ ​ដោយ​មាន​គោលដៅ​ ធ្វើ​ឱ្យ​​ផលិតភាព​ការងារ​
ខ្ពស់​។

ដូច្នេះ​ នៅ​ពេល​ដែល​បុគ្គលិក​​ធ្វើ​ការងារ​ដោយ​ប្រកាន់​ទស្សន​: «​ធ្វើ​ការងារ​មុន​​ទទួលផល» ពួក​គេ​នឹង​មាន​ឱ​កាស​ច្រើន ​សម្រាប់​ទទួល​​បានការ​ដំឡើង​តួនាទី​ និង​សម្រាប់​ការ​លូតលាស់​ផ្ទា​ស់​ខ្លួន​ ។

ចុះ​អ្នក​វិញ​គិត​យ៉ាងណា​ដែរ? តើ​អ្នក​បំពេញការងា​ដោយ​ឈរ​លើ​ទស្សន​: «​ទទួលផល​មុន ធ្វើ​ការងារ» ឬ «​ធ្វើ​ការងារ​មុន​ទទួល​ផល»​?