នារី​វ័យក្មេង​ម្នាក់​យក​កាំបិត​ភ្ជង់​ក​ខ្លួនឯង​បម្រុង​លោត​ពីលើ​ស្ពាន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​យក​កូនកាំបិត​ចិតបន្លែ​ភ្ជង់​ក​ខ្លួនឯង​ហើយ​រត់ឡើង​ទៅ​លើ​ស្ពាន​អាកាស​៧​មក​រា​ប៉ុនប៉ង​លោត​សម្លាប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ស្ពាន​អា​កាល​៧​មក​រា ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​វ័យក្មេង​ដែល​បម្រុង​លោត​ពីលើ​ស្ពាន​អាកាស​៧​មក​រា​នោះ​មានឈ្មោះ ពិសី អាយុ​២៣​ឆ្នាំ ជា​មនុស្ស​បែក​ថ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​ខា​លើ​បាន​ដើរ​តាម​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​ដើរមក​ដល់​ក្រោម​ស្ពាន​បាន​សំដៅ​ទៅ​កន្លែង​គេ​លក់​ប្រហិត​នៅ​ខាងក្រោម​ស្ពាន ហើយ​បាន​កញ្ឆក់​យក​កូនកាំបិត​ចិត្តបន្លែ រួច​ស្ទុះ​រត់ឡើង​ទៅ​ឈី​លើ​បង្កាន់ដៃស្ពាន​ដែល​មានកំ​ពស់​៥-៦​ម៉ែត្រ ដោយ​យក​កូនកាំបិត​ចិត្តបន្លែ​ភ្ជង់​ក​ខាងស្តាំ​របស់​ខ្លួនឯង ហើយ​និយាយ​ថា រូបគេ​លែង​ចង់​រស់​តទៅ​ទៀត​ហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​មក​លេង​ទីនោះ និង​អ្នក​ធ្វើ​ដំណើរ​កាត់​នោះ​ចោមរោម​មើល ហើយ​ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​មក​ឃាត់ និង​ជួយ​អន្តរាគមន៍ ។ បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ធ្វើការ​លួងលោម​ឲ្យ​នារី​ចុះ​ពីលើ​ស្ពាន រួច​ចាប់​វាយ​ខ្នោះ​កុំ​ឲ្យ​នាង​រើបំរះ​ដើម្បី​ដឹក​បញ្ជូន​ទៅ​សង្គមកិច្ច​ទាំង​យប់​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោ​៨ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែសីហា នារី​បែក​ថ្នាំ​ខាងលើ​នេះ​បាន​រត់ឡើង​លើដំបូល​ផ្ទះ​គ្មាន​លេខ ស្ថិត​នៅ​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក បម្រុង​លោត​សម្លាប់​ខ្លួន​ម្តង​រួច​ហើយ តែ​ត្រូវ​បាន​ម្ចាស់ផ្ទះ និង​ប្រជាពលរដ្ឋ ជួយ​លួងលោម​ឲ្យ​ចុះ​មក​វិញ ស្រាប់តែ​យប់​ឡើង​មក​ប៉ុនប៉ង​សម្លាប់​ខ្លួន​ម្តងទៀត ដោយ​នាង​និយាយ​ថា លែង​ចង់​រស់​តទៅ​ទៀត​ហើយ ៕