រថយន្តក្រុង​ក្រុមហ៊ុន​រឹទ្ធ​មុន្នី​ឆេះ​កំពុងបើក​សុខៗ​ស្រាប់តែ​ភ្លើង​ឆេះ​ម៉ត់​បណ្តាល​ឲ្យ ស្លាប់​ស្ត្រី​អ្នកដំណើ​ម្នាក់ និង​របួស​ជាច្រើន​អ្នក​

ខេត្ត​បាត់ដំបង ៖ រថយន្តក្រុង​ពីរ​ជាន់​របស់​ក្រុមហ៊ុន រឹទ្ធ​មុន្នី​១​គ្រឿង​កំពុងបើក​បរបាន​ឆាបឆេះ​ទាំងស្រុង​ដោយ​ពុំ​ដឹង​មូលហេតុ និង​បណ្តាល​ឲ្យ ស្ត្រី​ជា​អ្នកដំណើរ​ម្នាក់​បាន​ស្លាប់​យ៉ាង​វេទនា​នៅក្នុង​ភ្នក់ភ្លើង​នោះ ។ ដែល​ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​នា​ម៉ោង​១០ និង​៤០​នាទី​យប់​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៦ ត្រង់ចំណុច​ហួស​រង្វង់​មូល​រំសាយសក់ ស្ថិតនៅក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​

​អ្នក​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់ថា នៅវេលា​ខាងលើ​គេ​បានឃើញ​ឡានក្រុង​របស់​ក្រុមហ៊ុន រឹទ្ធ​មុន្នី ដែល​ឆេះ​ខាងលើ​បាន​បើក​ចេញពី​ក្រុង​បាត់ដំបង​ឆ្ពោះទៅ​ទីក្រុង​ភ្នំពេញ​ស្រាប់តែ​កំពុងបើក​សុខៗ​គេ​បានឃើញ​ផ្សែង​ហ៊ុយ​ចេញពី​រថយន្តក្រុង​នោះ​ហើយ​បង្ក​ជា​អ​ណ្តា​ល​ភ្លើង​ភ្លាមៗ​ផងដែរ​។ ឃើញ​ដូច​នោះ​អ្នកបើកបរ​ក៏បាន​ឈប់​រថយន្ត​ឲ្យ​អ្នកដំណើរ​ដែល​ជិះ​នៅ​ក្នុងនោះ​នាំគ្នា​រត់​ចុះចេញ ពី​រថយន្ត​ទាំង​ភ័យ​ស្លន់ស្លោរ ដោយ​អ្នកខ្លះ​ពុំបាន​យក​របស់របរ​ចេញ​ទាន់​ឡើយ​។ បន្ទាប់ពី​ពី​កើតហេតុ​បន្តិច​គេ​ឃើញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញមក​ជួយ​បាញ់​ពន្លត់​ផងដែរ តែ​ជួយ​មិនបាន​នោះទេ​ធ្វើ​ឲ្យ​រថយន្តក្រុង​នោះ​នៅតែ​ឆេះ​ខ្ទេច ។​

​បន្ទាប់ពី​ឆេះ​អស់ សមត្ថកិច្ច​បាន​ឡើងទៅ​មើល​លើ​រថយន្ត​ក៏​ប្រទះឃើញ​ស្ត្រី​ជា​អ្នកដំណើរ​ម្នាក់​បាន​ឆេះ​ស្លាប់ នៅ ក្នុង​ភ្នក់ភ្លើង​នោះ​យ៉ាង​វេទនា​បំផុត ។ សមត្ថកិច្ច​បានបញ្ជាក់​ថា​ការឆេះ​នេះ​ពុំទាន់​ដឹងថា​ពី​មូលហេតុ​នៅឡើយ​ទេ ហើយ សម្ភារ​ដែល​ខូចខាត​នោះ​ក៏​ពុំទាន់​ដឹង​ដែរ គឺ​ត្រឹមតែ​ដឹងថា​មាន​អ្នកដំណើរ​ជា​ស្ត្រី​ម្នាក់​បាន​ឆេះ​ស្លាប់​នៅក្នុង​នោះ ។​ក្រោយ​កើតហេតុ​រថយន្ត​ដែល​ឆេះ​នៅសល់តែ​ក្រោងឆ្អឹង​នោះ​ត្រូវបាន​សមត្ថកិច្ច​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ក្រុង​បាត់ដំបង​ដើម្បី​រងចាំ​ខាង​ក្រុមហ៊ុន ចូលមក​ដោះស្រាយ ៕

KA-07-08-2016-04 KA-07-08-2016-05 KA-07-08-2016-06 KA-07-08-2016-07