នាយក​ប្រតិបត្តិ​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ (PRASAC)​ម្នាក់​ ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ក្នុង​រឿង​ឆបោក​ប្រាក់​ជិត​៥០​ម៉ឺន​ដុល្លារ​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ នាយក​ប្រតិបត្តិ​សាខា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​(PRASAC)​ម្នាក់​ ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៦​ នៅ​ត្រង់​ចំណុច​វត្ត​ចក​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ តាម​ដីកា​របស់​តុលាការ​ ពី​បទ​ឆបោក​ប្រាក់​ក្រុមហ៊ុន​ប្រា​សាក់​ចំនួន​១៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ និង​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​ជា​អតិថិជន​ប្រា​សាក់​ចំនួន​ជាង​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត​ ។​

​បុរស​ដែល​ជានា​យក​ប្រតិបត្តិ​សាខា​ប្រា​សាក់​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្តាល​នោះ​ មានឈ្មោះ​ ឡុ​ច​ ចំរើន​ អាយុ​៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្នល់ទទឹង​ ឃុំ​ដំណាក់​អំពិល​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ជាប់ចោទ​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ កាលពី​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ។​

​មន្ត្រី​នគរបាល​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ជន​ត្រូវ​ចោទ​ឈ្មោះ​ ឡុ​ច​ ចំរើន​ បាន​ប្រព្រឹត្ត​អំពើ​រំលោភ​លើ​ទំនុកចិត្ត​ "​ទំនុក​ជា​រឿង​ឆបោក​"​ ក្រុមហ៊ុន​ប្រា​សាក់​ ចំនួន​១៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ និង​បោកប្រាស់​ប្រជាពលរដ្ឋ​ជា​អតិថិជន​ និង​ត្រូវជា​កូនបំណុល​ចំនួន​ប្រមាណ​ជាង​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត​ គឺ​សរុប​ជាង​៤៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​បាន​រត់គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​អស់​មួយ​រយៈពេល​ ទើប​វិល​ត្រឡប់​មក​ដល់​ខេត្តសៀមរាប​ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង​ តាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​ ។​

​បច្ចុប្បន្ន​ ជន​ត្រូវ​ចោទ​ឈ្មោះ​ ឡុ​ច​ ចំរើន​ ដែល​ថ្លើមធំ​ហ៊ាន​ឆបោក​ ឬ​រំលោភ​ទំនុកចិត្ត​លើ​ក្រុមហ៊ុន​ប្រា​សាក់​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្តាល​រួច​ហើយ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​ ៕​

Related