​​​​​ក្រុម​​ Box FT ​បង្កើត​កម្មវិធី​ផ្ដល់​សម្ភារៈ​កីឡា​​ដល់​ក្មេង​ជាង​ ៣០​នាក់​នៅ​ខេត្ត​រតនៈគីរី

ក្រុម Box ​FT ​ដែល​មាន​សមាជិក​ប្រមាណ​ចំនួន​​២៣​នាក់​ ​សុទ្ធ​សឹង​តែ​មិន​មែន​កីឡាករ​បាល់​ទាត់​អាជីព បាន​​​​បង្កើត​កម្មវិធី​សប្បុរសធម៏​ផ្ដល់​សម្ភារៈ​​កី​​ឡា​​​ដល់​ក្មេងៗ​ចំនួន​ជាង​ ៣០​នាក់​​នៅ​វិទ្យាល័យ​អន្តេវាសិកដ្ឋាន​បានលុង​នៅ​ទីរួម​ខេត្ត​រតនៈគីរី​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ ខែ​​សីហា ឆ្នាំ​២០១៦​។

 

​​​​​ក្រុម​​ Box FT ​បង្កើត​កម្មវិធី​ផ្ដល់​សម្ភារៈ​កីឡា​​ដល់​ក្មេង​ជាង​ ៣០​នាក់​នៅ​ខេត្ត​រតនៈគីរី

 

លោក​ សារុំ ប៊ុនវឌ្ឍ អ្នក​តំណាង​ក្រុម Box ​FTបាន​ឲ្យ​ដឹង​ថា ​ការ​ផ្ដល់​ជួន​សម្ភារៈ​កីឡា​ដល់ក្មេង​ៗ​នេះ​ក្នុង​​គោល​បំណង​​ជួយ​ជំរុញ​ទឹក​ចិត្ត​​​​ដល់​សិក្សា​នុសិស្ស​ឲ្យ​ចាប់​អារម្មណ៍​​លេង​កីឡា​ បន្ទាប់​ពី​សម្រាក​ពី​ការ​សិក្សា។ ការ​ផ្ដល់​ជូន​នេះ​មិន​មាន​អ្វី​​ច្រើន​នោះ​ទេ​​គឺ​មាន​ខោអាវ​​​កីឡា, ស្រោមជើង​ និង​បាល់​​​ទាត់​ជាដើម។

 

​​អ្នកតំណាង​រូប​នេះ​បន្ត​ថា ខេត្ត​រតនៈគីរី​ជា​ទិស​ដៅ​ទី​២​​ក្នុង​​ការ​ចុះ​ជួប​​​ក្មេងៗ​ផ្ទាល់​ ក៏​ដូច​ជា​​ផ្ដល់​ជូន​សម្ភារៈ​​​កីឡា​ទាំង​​នេះ។ គោល​បំណង​របស់​ក្រុម​​ដែល​ចុះ​ផ្ដល់​​សម្ភារៈ​កីឡា​ខាង​លើ​នេះ​​គឺ​ចំនួន ២៥​​ខេត្ត​-ក្រុង​ទូទាំង​ប្រទេស​កម្ពុជា ​ហើយ​ខេត្ត​បន្ទាប់​គឺ​​កំពត​​ ដែល​អាច​ នឹង​​ចុះ​ផ្ទាល់​នា​ខែ​​កញ្ញា​ ឆ្នាំ​២០១៦ ខាង​មុខ​នេះ(ប្រសិន​បើ​មាន​អ្នក​ឧបត្ថម្ភ​បន្ត​ទៀត​​)។

 

​ជា​មួយ​គ្នា​នោះ​ឯក​ឧត្ដម​ ប៊ូ ឡាំ អ្នក​តំណាង​រាស្រ្ត​​ខេត្ត​រតនៈគីរី​បាន​លើក​ឡើង​ក្នុង​ឱកាស​បើក​​កម្មវិធី​​ថា លោក​ពិត​​ជា​​សប្បាយ​ចិត្ត​ដែល​មាន​​ការ​ជួយ​ផ្ដល់​ជា​សម្ភារៈ​​​​កីឡា​ដល់​ខេត្ត​របស់​លោក។ លោក​ក៏​សូម​សំណូមពរ​ដល់​​អ្នក​ស្រលាញ់​​បាល់ទាត់​នៅ​កម្ពុជា មេត្តា​ជួយ​ធ្វើ​​ដូច​កម្មវិធី​នេះ​លើក​ក្រោយ​ៗ​ទៀត​ ដើម្បី​ជួយ​ជំរុញ​​ទឹក​ចិត្ត​ក្មេង​ៗ​​ឲ្យ​ស្រលាញ់​បាល់​ទាត់​។

 

ក្រៅ​​ពី​ការ​​ចែក​​​សម្ភារៈ​​កីឡា​​​​ដល់​ក្មេងៗ ក្រុម​ខាង​លើ​ក៏​មាន​ផ្ដល់​សំលៀក​បំពាក់​ចាស់​ៗ ​ដល់​​អ្នក​​អនាម័យ​​ចំនួន ១៥​នាក់​​​ និង​​ទឹក​ប្រាក់​ក្នុង​ម្នាក់​ៗ ទទួល​បាន​​១​០០០០រៀល​ផង​ដែរ​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​