តិច​និក​ក្នុង​ការ​ប្រកាស​លក់​-​ជួល​ផ្ទះ និង​ខុន​ដូ បាន​ឆាប់រហ័ស

មាន​សំណួរ​ជា​ច្រើន​ថា ការ​ប្រកាស​លក់​ផ្ទះ​និង​ខុន​ដូ នៅ​លើ​វែ​ប​សាយ​អស់​ច្រើន​រាប់​សិប​វែ​ប​សាយ​ហើយ នៅ​តែ​លក់​មិន​ដាច់ ។ យើង​ត្រូវ​ព្រម​ទទួលស្គាល់​ថា តម្លៃ និង​ទីតាំង​របស់​ផ្ទះ គឺជា​កូនសោ​សំខាន់​ក្នុង​ការ​លក់​ឱ្យ​បាន​ឆាប់ តែ​រឿង​មួយ​ដែល​យើង​តែង​មើល​រំលង​នោះ គឺ​គុណភាព ឬ​ភាព​គួរ​ឱ្យ​ចាប់អារម្មណ៍​ក្នុង​ប្រកាស​ដែល​ផ្សាយ​ក្នុង​វែ​ប​សាយ​នោះ គួរ​ឱ្យ​ទាក់ទាញ ឬ​យ៉ាង​ហោច​ណាស់ ក៏​មាន​គេ​ទូរស័ព្ទ​មក​សាកសួរ​គ្រា​ដំបូង​ដែរ ថ្ងៃនេះ​យើង​ចង់​ណែនាំ​នូវ​វិធី​ងាយ​ៗ​ដូច​ជា ៖

១-​សរសេរ​ប្រកាស​ឱ្យ​ច្បាស់លាស់ ៖
ប្រកាស​ត្រូវ​សរសេរ​ឱ្យ​បាន​ច្បាស់​ថា យើង​នឹង​ធ្វើ​អ្វី​ដូច​ជា លក់​, ជួល ឬ​អ្នកខ្លះ​សរសេរ​ថា លក់​ឬ​ជួល (​បាន​ទាំង​២​យ៉ាង​) ។ បន្ទាប់​មក​បញ្ជាក់​ពី​ទ្រព្យសម្បត្តិ​អ្វី ព្រោះ​បើ​មិន​សរសេរ​ឱ្យ​ច្បាស់លាស់​ទេ អ្នក​អាន​នឹង​មិន​យល់ ហើយ​ក៏​មិន​ខាត​ពេលវេលា​ចុច​អាន​ឡើយ ។

២-​ប្រកាស​ត្រូវ​បញ្ជាក់​ពី​ចំណុច​សំខាន់​ៗ​ទាំងអស់ ៖
ផ្ទះ និង​ខុន​ដូ ក៏​ដូច​ជា​ទំនិញ​មួយ​ទូទៅ​ដែរ ពេល​លក់​ត្រូវ​តែ​បរិយាយ​ទាំងអស់​ដូច​ជា ៖
-​ទីតាំង ហើយ​ប្រសិនបើ​អាច​ធ្វើ​បាន គួរតែ​មាន​ផែនទី​ផង​ដែរ
-​តម្លៃ
-​ទំហំ​ខុន​ដូ​ឬ​ផ្ទះ ព្រមទាំង​ចំនួន​បន្ទប់​គេង បន្ទប់ទឹក
-​រូបរាង​ដូច​ម្តេច ជា​ធម្មតា​អាច​មើល​ពី​រូបភាព​ដែល​បាន​ផ្សាយ
-​ចំណុច​ត្រង់​ណា​នៃ​ផ្ទះ​ឬ​ខុន​ដូ ដែល​សំខាន់ និង​គួរ​ឱ្យ​ចាប់អារម្មណ៍
-​លេខ​ទូរស័ព្ទ ឬ​អីុ​ម៉ែ​ល​ដើម្បី​ឱ្យ​អ្នក​ចាប់អារម្មណ៍​អាច​ទាក់ទង​បាន​ងាយស្រួល ។

៣-​ដាក់​រូប​ស្អាត​ៗ ៖
រូបភាព​ដែល​ច្បាស់ និង​ស្អាត​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកទិញ​បាន​ច្រើន​ជាង​ការ​សរសេរ​តែ​ម្យ៉ាង ។ ប្រកាស​ដែល​មាន​រូប​បន្ទប់ ឬ​តួ​ផ្ទះ​ស្អាត​ៗ នឹង​មាន​ប្រៀប​ជាង​ប្រកាស​ដែល​គ្មាន​រូប ។ បើសិនជា​មាន​រូប​ច្រើន​កាន់តែ​ល្អ តែ​ត្រូវ​ប្រាកដ​ចិត្ត​ថា រូប​នីមួយ​ៗ​មើលទៅ​ស្អាត ។ តិច​និក​ក្នុង​ការ​ថតរូប​បន្ទប់ ឬ​ផ្ទះ​ឱ្យ​ស្អាត ក៏​មាន​ច្រើន​វិធី ។ វិធី​ដំបូង គឺ​រៀបចំ​បន្ទប់​ឱ្យ​រៀបរយ ប្រមូល​វត្ថុ​ផ្សេង​ៗ​ទុក​ដើម្បី​ឱ្យ​ទាក់ទាញ​ភ្នែក និង​គួរ​ប្រើ​ម៉ាស៊ីន​ថត ព្រោះ​វា​អាច​ថតរូប​ស្អាត​ជាង​ទូរស័ព្ទ (​តែបើ​ថត​តាម​ទូរស័ព្ទ គួរតែ​បើក​វាំងនន ឬ​បើកភ្លើង​ជួយ​) ។

ក្នុង​ករណី​មាន​ច្រើន​បន្ទប់ គួរ​ថត​តាម​លំដាប់ តាំងពី​បន្ទប់​ដំបូង រហូត​ដល់​បន្ទប់​ចុង​ក្រោយ​ដើម្បី​ឱ្យ​ឃើញ​រូបភាព​ជាក់ស្តែង ប្រៀប​ដូច​ជា​យើង​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ពិត​ៗ​តែ​ម្តង។ ការ​ដាក់​រូប​មិន​គួរ​លើស​ពី​ទំហំ 1 MB នោះ​ទេ ដើម្បី​ឱ្យ​រូប​ដើរ​លឿន ។

៤-​ព្យាយាម​ធ្វើ​យ៉ាងណា ឱ្យ​គេ​ឃើញ​ប្រកាស​របស់​យើង ៖
បច្ចុប្បន្ន​នេះ មនុស្ស​ភាគច្រើន​ស្វែងរក​អ្វី​ដែល​ត្រូវការ​នៅ​លើ​វែ​ប​សាយ​ដូច​ជា Google ជាដើម ។ ដូច្នេះ គួរ​ធ្វើ​យ៉ាងណា ឱ្យ​ពួក​គេ​ឃើញ​ប្រកាស​លក់​ផ្ទះ​-​ខុន​ដូរ​បស់​យើង ក្នុង​ចំណោម​ប្រកាស​រាប់​លាន ។

ជា​ធម្មតា គេ​មាន​តិក​និ​ច​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ឃើញ​ប្រកាស​របស់​យើង និង​ស្ថិត​នៅ​ខាង​ដើម ។ យើង​អាច​ប្រឹក្សា​ជាមួយ​អ្នកជំនាញ (​ដូច​ជា ប្រើ​តិក​និក Meta Keyword, Meta Tag) ។

៥-​ប្រាប់​ពី​លក្ខណៈ​ពិសេស​ឱ្យ​បាន​ច្រើន ៖
យើង​គួរតែ​ប្រាប់​នូវ​ចំណុច​ពិសេស​របស់​បន្ទប់ ឬ​ផ្ទះ​ឱ្យ​បាន​ច្រើន​បំផុត ចំណុច​ណា​ជា​គុណវិបត្តិ​ដែល​មិន​ទាន់​ចាំបាច់ គឺ​មិន​ត្រូវ​សរសេរ​នៅ​លើ​ប្រកាស​ឡើយ តែ​យើង​អាច​ប្រាប់​ដល់​អ្នក​ទូរស័ព្ទ​មក​សាកសួរ និង​ចាប់អារម្មណ៍​ចង់បាន​ពិតប្រាកដ ។

ចំណុច​ពិសេស​មាន​ដូច​ជា បើសិនជា​ខុន​ដូ​អាច​ប្រាប់​ថា បន្ទប់​នេះ​ជា​បន្ទប់​មិន​ក្តៅ បន្ទប់​ទេសភាព បន្ទប់​កាច់ជ្រុង និង​មាន​បន្ទប់​ប៉ុន្មាន​ក្នុង​១​ជាន់ ហើយ​យូ​នី​ត​ខាង​ៗ​ជា​របស់​អ្នក​ណា​ជាដើម ។ ចំណែក​ផ្ទះ​វិញ​អាច​ប្រាប់​ថា ជា​ផ្ទះ​ដែល​អាច​មើលឃើញ​ទេសភាព មាន​សួន​ច្រើន អ្នក​ជិតខាង​ល្អ​មាន​របៀប ការ​រក្សា​សុវត្ថិភាព​តឹង​រ៉ឹ​ង និង​ចំណាយពេល​ខ្លី​ក្នុង​ការ​ធ្វើ​ដំណើរ ។

៦-​ដាក់​តម្លៃ​ឱ្យ​សមរម្យ ៖
ជា​ធម្មតា អ្នកទិញ​រមែងតែ​ចង់​ដឹង​តម្លៃ ហើយ​បើសិនជា​អ្នកទិញ​ចាប់អារម្មណ៍​ផ្ទះ ឬ​ខុន​ដូ​ណា​ជា​ពិសេស អ្នក​ដែល​ដាក់​តម្លៃលើស ឬ​មិន​សម​ស្រប ក៏​អាច​នឹង​មិន​ទទួល​ការ​ចាប់អារម្មណ៍​ដើម្បី​ចុច​ចូល​មើល​លម្អិត​ដែរ ។ ដូច្នេះ យើង​គួរ​កំណត់​តម្លៃ​ឱ្យ​សមរម្យ ឬ​ក៏​កំណត់​តម្លៃ​ឱ្យ​ខ្ពស់​បន្តិច​សម្រាប់​ការ​ចរចា ក៏​មិនមែន​បញ្ហា​អ្វី​ដែរ ។

៧-​ជ្រើសរើស​វែ​ប​សាយ​ឱ្យ​ត្រូវ​ជាមួយ​ទំនិញ ៖
សព្វ​ថ្ងៃនេះ មាន​វែ​ប​សាយ​ជា​ច្រើន​ដែល​អនុញ្ញាត​ឱ្យ​ផ្សាយ​លក់​ផ្ទះ វែ​ប​សាយ​ខ្លះ​តម្រូវ​ឱ្យ​ទិន្នន័យ​មាន​កំណត់ ហើយ​វែ​ប​សាយ​ខ្លះ​ទៀត​ក៏​បើក​ទូលាយ គ្មាន​ការ​កំណត់ ចង់​សរសេរ​អ្វី គឺ​អាច​សរសេរ​បាន ។ ការ​ពេញ​និយម​របស់​វែ​ប​សាយ​នីមួយ​ៗ​មាន​ភាព​ខុស​គ្នា​ដូច​ជា វែ​ប​សាយ​ខ្លះ​អាច​លក់​ទូ​ទាំង​ពិភពលោក ដែល​បើកឱកាស​ឱ្យ​ប្រកាស​លក់ទំនិញ​បាន​គ្រប់មុខ តែ​ខ្លះ​ទៀត​ផ្សាយ​ពី​ការ​ទិញ​-​លក់​អចលនទ្រព្យ ឬ​ទីផ្សារ​តែ​ម្យ៉ាង ។

យើង​ត្រូវ​សម្រេចចិត្ត​ជ្រើសរើស​ប្រកាស​ក្នុង​វែ​ប​សាយ​ណា​ឱ្យ​សម​ស្រប​ជាមួយ​ទំនិញ ឬ​បើ​វា​ជា​វែ​ប​សាយ​ឥត​បង់ថ្លៃ ក៏​មិន​ខាតបង់​អ្វី​ឡើយ​ក្នុង​ការ​ផ្សាយ​ឱ្យ​បាន​ច្រើន​វែ​ប​សាយ​ព្រម​ជាមួយ​គ្នា ។

៨-​ប្រើ​បណ្តាញ​សង្គម (Social Media) ជា​ជំនួយ ៖
បើ​អ្នកមាន​មិត្តភក្តិ​ច្រើន​នៅ​ក្នុង Facebook ឬ Twitter ឬ Instagram ការ Share ប្រកាស​របស់​យើង​ទៅ​ក្នុង​បណ្តាញ​សង្គម​ទាំងនេះ នឹង​ជា​ប្រយោជន៍​មិន​តិច​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឱ្យ​ប្រកាស​លក់​មានឱកាស Share បន្ត​ទៅ​មិត្តភក្តិ​ដទៃ​ទៀត ដែល​មានការ​ទទួលស្គាល់ និង​អំណោយផល​ក្នុង​ការ​លក់​ផ្ទះ​ផង​ដែរ ។

៩-​ព្យាយាម Update ឱ្យ​ប្រកាស​នោះ​បង្ហាញ​ជា​ថ្មី ៖
ជា​ធម្មតា នៅ​លើ​វែ​ប​សាយ​មាន​កំណត់ ដូច្នេះ ពេលវេលា​កន្លង​ទៅ​ជា​រឿយ​ៗ ប្រកាស​ដែល​យើង​ផ្សាយ​នោះ​អាច​ធ្លាក់​ទៅ​ខាងក្រោម បើសិនជា​បែប​នោះ ឱកាស​ដែល​មាន​អ្នក​ឃើញ​ប្រកាស​របស់​យើង​នឹង​តិច​ទៅ​ៗ ហេតុនេះ យើង​គួរ​ចូល​ទៅ​ចុច update វា​ជា​ញឹកញាប់ ដើម្បី​ឱ្យ​វា​ឡើង​មក​ខាងលើ​ទំព័រ​ជា​ថ្មី ។ វែ​ប​សាយ​នីមួយ​ៗ​មាន​វិធី​ខុស​ៗ​គ្នា​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រកាស​នេះ​ឡើង​មក​លើ ។

១០-​តាមដាន និង​វាយតម្លៃ ៖
រឿង​សំខាន់​មួយទៀត​ដែល​យើង​តែង​ភ្លេច គឺ​នៅ​ពេល​ផ្សាយ​រួច​ហើយ មិន​បាន​តាមដាន​ឡើង​វិញ ។ យើង​គួរ​ពិនិត្យ​មើល​ថា ប្រកាស​នោះ​មាន​អ្នក​ចូល​មើល​ប៉ុន្មាន​នាក់ ឬ​ជួនកាល​មាន​អ្នក​សរសេរ​អុ​ី​ម៉ែ​ល​ឱ្យ​យើង​ផ្ញើ​ព័ត៌មាន​លម្អិត​ត្រឡប់​ទៅ​វិញ ហើយ​យើង​នឹង​អាច​ទាក់ទង​ទៅ​វិញ​បាន​ភ្លាម​ៗ ។

ក្រៅពី​នេះ បើសិនជា​យើង​សង្កេត​ឃើញ​ប្លែក​ៗ​ថា ប្រកាស​ផ្សេង​ទៀត​ក្នុង​គម្រោង​ដូច​គ្នា​នៅ​លើ​វែ​ប​សាយ​មាន​អ្នក​ចូល​មើល​ច្រើន តែ​ប្រកាស​របស់​យើង​មាន​អ្នក​ចូល​មើល​តិច ក៏​គួរ​គិត​ថា​កើត​អ្វី ឬ​ប្រកាស​របស់​យើង​មាន​ចំណុច​ធ្វេសប្រហែស​ត្រង់​ណា​ដូច​ជា សរសេរ​ចំណងជើង​មិន​អស់ មិន​ច្បាស់លាស់ ឬ​មាន​កំហុសឆ្គង​ដូច​ជា សរសេរ​លើស​លេខ​សូន្យ​ទៅ​ក្នុង​តម្លៃ ដែល​ទាំង​អស់នេះ​ហើយ​ក៏​អាច​ជា​មូលហេតុ​ធ្វើ​ឱ្យ​គ្មាន​អ្នក​ចុច​មើល​តាំងពី​ដើម​ទី​ទៅ ។

សង្ឃឹមថា ចំណុច​ណែនាំ​ទាំង​១០​ខាងលើ​នេះ នឹង​ជួយ​ឱ្យ​លោក​អ្នក​អាច​លក់​-​ជួល​ផ្ទះ ឬ​ខុន​ដូ​បាន​ឆាប់រហ័ស បែប​ផ្សាយ​លក់​ភ្លាម ដាច់​ភ្លាម​តែ​ម្តង ៕