ក្រសួង​អប់រំ​ប្រកាស​ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ប្រឡង​បាក់ឌុប​ធ្លាក់​ឆ្នាំ​នេះ​ប្រឡង​លើក​ទី​ពីរ

ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​តែ​ចាត់​ទុក​ការ​រឹត​បន្តឹង និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រឡង គឺ​ជា​រឿង​សំខាន់​ដើម្បី​លើក​កម្ពស់​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា។ ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ហៅ​កាត់​ថា​បាក់ឌុប ឆ្នាំ​២០១៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ខាង​មុខ​នេះ ក្រសួង​រក្សា​ជំហរ​បន្ត​រឹត​បន្តឹង​ដូច​ឆ្នាំ​មុន​ដដែល និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រឡង​លើក​ទី​ពីរ​នោះ​ឡើយ។

ក្រសួង​អប់រំ យុវជន និង​កីឡា លើក​ឡើង​ថា ការ​ប្រឡង​បាក់ឌុប​ក្នុង​ឆ្នាំ​២០១៦ ដែល​បន្ត​រឹត​បន្តឹង​នោះ គឺ​នឹង​នៅ​តែ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ចេះ គឺ​ជាប់។

ការ​លើក​ឡើង​នេះ​ឲ្យ​ដឹង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ថា ក្រសួង​សូម​បញ្ជាក់​ជូន​បេក្ខជន អាណាព្យាបាល និង​សាធារណជន​ថា ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ខាង​មុខ​នេះ ទាំង​ការ​ប្រឡង​មធ្យម​ទុតិយភូមិ​ចំណេះ​ដឹង​ទូទៅ និង​បំពេញ​វិជ្ជា នឹង​ប្រព្រឹត្តិ​ទៅ​តែ​មួយ​លើក​ប៉ុណ្ណោះ។

កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន បញ្ជាក់​ថា ក្រសួង​នឹង​បន្ត​រឹត​បន្តឹង​វិន័យ​ប្រឡង​ឲ្យ​ឲ្យ​ដូច​ការ​ប្រឡង​ក្នុង​ឆ្នាំ​២០១៥ ដែរ ដោយ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់ ព្រម​ទាំង​បើក​ឱកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​សង្កេត​ការណ៍។

ជាង​នេះ​ទៀត ក្រសួង​ក៏​បន្ត​រឹត​បន្តឹង​ទាំង​វិន័យ​របស់​គ្រូ ទាំង​វិន័យ​របស់​សិស្ស និង​បន្ត​អនុវត្ត​ទោស​ទណ្ឌ​ចំពោះ​សកម្មភាព​មិន​ប្រក្រតី​នានា​អំឡុង​ពេល​ប្រឡង​ផង​ដែរ។

កាល​ពី​ឆ្នាំ​២០១៤ ដែល​ជា​ឆ្នាំ​កំណែ​ទម្រង់​ការ​ប្រឡង​លើក​ដំបូង​នោះ ក្រសួង​អប់រំ ក៏​ធ្លាប់​ប្រកាស​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រឡង​បាក់ឌុប​លើក​ទី​ពីរ​ដែរ ប៉ុន្តែ​ក្រោយ​ចេញ​លទ្ធផល​មាន​បេក្ខជន​រាប់​ម៉ឺន​នាក់​បាន​ប្រឡង​ធ្លាក់ និង​មាន​ការ​ប្រកាស​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បេក្ខជន​ទាំង​នោះ​មាន​ឱកាស​បាន​ប្រឡង​ម្ដង​ទៀត ពេល​នោះ​គេ​ឃើញ​ថា ក្រសួង​បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រឡង​បាក់ឌុប​ជា​លើក​ទី​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។