ស៊ីទែន​ទឹក​ផ្តាច់ជីវិត​ក្មេង​ស្រី​ម្នាក់​យ៉ាង​អាណោចអាធ័ម

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម​ខណៈ​ដើរ​តាម​ម្តាយ​ទៅ​លាង​ត្រី​នៅ​ក្រោម​ស៊ីទែន​ទឹក ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ នៅ​ភូមិ​លំ​ទង​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង​វែង ខេត្តឧត្តរមានជ័យ ។

តាម​សម្តី​ម្តាយបង្កើត​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ សន ង៉ែត អាយុ​៣២​ឆ្នាំ ប្តី​ឈ្មោះ យី ដួង អាយុ​៣១​ឆ្នាំ បាន​ឲ្យ​ដឹង​ថា រូប​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​មក​ជួល​ផ្ទះ​ឈ្មោះ ប៊ូ ភា ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ស្នាក់​នៅ​បណ្តោះ​អាស​ន្ត ហើយ​កូនស្រី​របស់​ដែល​រង​គ្រោះ​រហូត​ដល់​ស្លាប់​ឈ្មោះ គៀ ដា ទើបតែ​មាន​អាយុ​៣​ឆ្នាំ​ប៉ុណ្ណោះ ។

ម្តាយបង្កើត​ក្មេង​ស្រី​រង​គ្រោះ​ឲ្យ​ដឹង​ទៀត​ថា មុខ​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល រូប​គាត់​ជា​ម្តាយ​បាន​យក​ត្រី​ទៅ​លាង​នៅ​ក្រោម​ស៊ីទែន​ទឹក ខណៈនោះ​កូនស្រី​ដែល​ទើបតែ​មាន​អាយុ​៣​ឆ្នាំ​បាន​ដើរទៅ​តាម​ដែរ រំពេច​នោះ​ស្រាប់តែ​សរសរ​ស៊ីទែន​ទឹកបាន​បាក់​សង្កត់ពីលើ​កូនស្រី​គាត់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ចំណែក​រូប​គាត់​ជា​ម្តាយ​បាន​ស្ទុះ​ផុត ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ និង​ធ្វើ​កោស​ល្ស​វិ​ច្ច​យ័ ព្រមទាំង​ជួយ​គាស់​យក​សព​ក្មេង​ស្រី​រង​គ្រោះ រួច​ប្រគល់​សព​ទៅ​ឲ្យ​ម្តាយ​ឪពុក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕