គ្រោះ​ទឹកជំនន់​នៅ​វៀតណាម​ដោយសារ​ព្យុះ​NIDA

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA ថា នាយក​រដ្ឋមន្ត្រី​វៀតណាម​នា​ពេល​ថ្មី​ៗ​នេះ​បាន​បញ្ជូន​សារ​ផ្លូវការ​មួយ​ដោយ​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ទាក់ទិន​ឱ្យ​ដោះស្រាយ​ជា​អាទិភាព​បណ្តា​ផលវិបាក នៃ​ទឹកជំនន់​ដែល​កើត​មាន​ដោយសារ​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ NIDA ។

ក្រោយ​ពី​បោកបក់​លើ​ប្រទេស​ចិន ព្យុះ NIDA កាលពី​យប់​ថ្ងៃ​ទី​៤ សីហា និង​ព្រឹក​ថ្ងៃ​ទី​៥ សីហា ញ៉ាំង​ឱ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​នៅ​តំបន់​ជា​ច្រើន​នៃ​ស្រុក SA PA និង​ស្រុក BAT XAT ខេត្ត LAO CAI ភាគ​ខាងជើង​វៀតណាម​នាំ​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​ជា​ច្រើន​នាក់ និង​ខូចខាត​សម្ភារ​យ៉ាងច្រើន ។ យោង​តាម​តុល្យការ​ដំបូង​របស់​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ថា មនុស្ស​១០​នាក់​បាន​ត្រូវ​ស្លាប់ ឬ​បាត់​ខ្លួន ហើយ​មនុស្ស​ជា​ច្រើន​រយ​នាក់​ត្រូវ​ជម្លៀស​ចេញ ។

នាយក​រដ្ឋមន្ត្រី​វៀតណាម​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត LAO CAI ឱ្យ​ប្រមូលផ្តុំ​រាល់​កម្លាំង និង​មធ្យោបាយ​តាម​រក​អ្នក​បាត់​ខ្លួន​ជួយ​ដល់​អ្នក​របួស ព្រមទាំង​គ្រួសារ​ជន​រង​គ្រោះ ព្រម​ទាំង​​ជួយ​ឧបត្ថម្ភ​ស្បៀង និង​របស់របរ​ចាំបាច់ ៕