ឆេះ​បារ​មួយ​នៅ​បារាំង​ស្លាប់​13​នាក់ របួស​6​នាក់

មនុស្ស​យ៉ាងតិច​១៣​នាក់​ស្លាប់ ហើយ​៦​នាក់​ទៀត​រង​របួស​ដោយសារ​ភ្លើង​ឆាបឆេះ​កាលពី​យប់​ថ្ងៃ​ទី​៥ មក​៦ សីហា ក្នុង​បារ​មួយ​នៃ​ទីក្រុង ROUEN ភាគ​ខាងជើង​បារាំង ។

ក្នុង​សេចក្តី​ប្រកាស​មួយ​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង លោក BERNARD CAZENEUVE ថ្លែង​ថា ភ្លើង​បាន​ឆាបឆេះ​ក្នុង​បារ​មួយ​នា​ភាគ​កណ្តាល​ក្រុង ROUEN នា​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៦ សីហា ដែល​យោង​តាម​តុល្យការ​បណ្តោះអាសន្ន​ថា មាន​អ្នក​ស្លាប់​១៣​នាក់ និង​អ្នក​របួស​៦​នាក់ ហើយ​មាន​អន្តរាគមន៍​របស់​អ្នក​ពន្លត់ភ្លើង​ជាង​៥០​នាក់ ។

កាសែត​តំបន់ PARIS NORMANDIE រៀបរាប់​ថា អគ្គិភ័យ​នេះ​កើត​មាន​មុន​ម៉ោង​១​រំលង​អធ្រាត្រ​ម៉ោង​ក្នុងស្រុក ក្នុង​បារ LE CUBA LIBRE ខណៈ​ពួក​យុវជន​កំពុង​ជួបជុំ​គ្នា​ក្នុង​ក្រប​ខណ្ឌ​នៃ​រាត្រីសមោសរ​ឯកជន​មួ​ួ​យ​សម្រាប់​ថ្ងៃ​ខួបកំណើត ។ យោង​តាម​កាសែត​នេះ​ថា អ្នក​ស្លាប់មាន​ដល់​១៣​នាក់ ហើយ​មនុស្ស​៦​នាក់​ទៀត​រង​របួស ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ភាគច្រើន​ជា​យុវជន​មាន​អាយុ​ពី​១៨​ទៅ​២៥​ឆ្នាំ ។ លោក CAZENEUVE អះអាង​ថា មូលហេតុ​ពិតប្រាកដ​នៃ​សោកនាដកម្ម​នេះ នៅ​ពុំ​ទាន់​កំណត់​នៅឡើយ ក៏​ប៉ុន្តែ​អគ្គី​ភ័យ​នេះ អាច​ជា​គ្រោះថ្នាក់​ចៃដន្យ​មួយ ។ ការ​ស៊ើបអង្កេត​មួយ​កំពុង​ធ្វើ​ដើម្បី​កំណត់​មូលហេតុ​ពិតប្រាកដ ៕