បោះ​ប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ថៃ

ពលរដ្ឋ​ថៃ​នា​ថ្ងៃ​ទី​៧ សីហា បាន​នាំ​គ្នា​ទៅ​បោះ​ប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​នឹង​អនុញ្ញាត​ឱ្យ​របប​យោធា​កំពុង​កាន់​អំណាច​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ ។

មាត្រា​មួយ​ក្នុង​ចំណោម​មាត្រា​ដែល​ចម្រូងចម្រាស់​របស់​រដ្ឋធម្មនុញ្ញ​នេះ​អនុញ្ញាត​ឱ្យ​ពួក​យោធា​ជ្រើសតាំង​ព្រឹទ្ធសភា ទោះជា​ក្រោយ​មានការ​បោះ​ឆ្នោត​វិញ​ក្តី ហើយ​សភា​នឹង​ស្ថិត​ក្រោម​អំណាច​របស់​ព្រឹទ្ធសភា ដែល​បណ្តា​ឧត្តមសេនីយ៍​បន្ត​ត្រួតត្រា ។

អ្នកបោះឆ្នោត​ថៃ​ប្រមាណ​ជា​៥០​លាន​នាក់​ត្រូវ​ទៅ​កាន់​ហិប​ឆ្នោត ។ លទ្ធផល​ដំបូង​នៃ​ការ​បោះ​ប្រជាមតិ​នោះ​អាច​ដឹង​នា​វេលា​ល្ងាច ។ ការ​បោះ​ប្រជាមតិ​នេះ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ដោយ​សហគមន៍​អន្តរជាតិ មក​ពី​ការ​ចាប់ខ្លួន​មនុស្ស​ទាំងឡាយ និង​ការ​គំរាម​ពួក​ប្រឆាំង ដែល​អំពាវនាវ​ឱ្យ​បោះ​ឆ្នោត​ប្រឆាំង​គម្រោង​រដ្ឋធម្មនុញ្ញ​នេះ រួច​ទូរទស្សន៍​ប្រឆាំង​សំខាន់​ៗ​ត្រូវ​បិទ ។ គោលបំណង​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី​នេះ គឺ​កែប្រែ​ទាំង​ដុល ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស ដើម្បី​រារាំង​ជា​ស្ថាពរ​ការ​វិល​មក​កាន់​អំណាច​វិញ​របស់​ពួក​ប្រឆាំង ពិសេស​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា និង​ប្អូនស្រី​លោកស្រី​យី​ង​ឡាក់ ដែល​រដ្ឋាភិបាល​លោកស្រី​ត្រូវ​ផ្តួលរំលំ​ដោយ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០១៤ ។ ពួក​យោធា​តែង​ធ្វើ​រដ្ឋប្រហារ ក៏​ប៉ុន្តែ​ត្រកូល​ស៊ី​ណា​វ៉ា​ត្រា នៅ​តែ​វិល​មក​កាន់​អំណាច​ក្រោយ​ការ​រៀបចំ​បោះ​ឆ្នោត ។

ឥឡូវ​ពួក​មេដឹកនាំ​រាជា​និយម​ជ្រុល ពិសេស​ពួក​អ្នក​ស្ថិត​ក្នុង​ជួរ​កងទ័ព​ខិតខំ​កែប្រែ​ប្រព័ន្ធ​នយោបាយ​ក្នុង​ដំណាក់កាល​មានការ​ព្រួយបារម្ភ​ខ្លាំង​ជាង​ពេល​ណា​ទាំងអស់ ចំពោះ​អនាគត​នៃ​របប​រាជា​និយម ព្រោះ​ព្រះមហាក្សត្រ​ភូមី​បុល អា​ឌុ​ល​យ៉ា​ដេ​ត ព្រះ​ជន្ម​៨៨​ព្រះ​វស្សា ស្ថិត​ក្នុង​មន្ទីរពេទ្យ ហើយ​ពុំ​បង្ហាញ​ព្រះ​ភ័ក្ត្រ​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​៕